ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមតាលីបង់ឡោមព័ទ្ធរដ្ឋធានីកាប៊ុល ប្រធានាធិបតីអាមេរិកប្រាប់សម្ពន្ធមិត្តអាហ្វហ្គានីស្ថានថាខ្លួនទីពឹងខ្លួន

ចែករំលែក៖

ក្រោយពេលក្រុមតាលីបង់ដណ្តើមបានការគ្រប់គ្រង បន្ថែម៥តំបន់ទៀតនៅភាគខាងជើង ប្រទេសនោះ ក្រុមតាលីបង់បាន ពង្រីកទីតាំងគ្រប់គ្រងរហូតដល់រដ្ឋធានីអាហ្វហ្គានីស្ថាន ។ ក្នុងពេលដែលកំពុងប្រឈមគ្រោះថ្នាក់នេះ អាមេរិកបានបដិសេធវិលត្រឡប់មកជួយអាហ្វហ្គានីស្ថាន។
ក្នុងរយៈពេលជិត១សប្តាហ៍កន្លងមក កម្លាំងឧទ្ទាមតាលីបង់ បានបង្កើនសកម្មភាពវាយប្រហារដណ្តើមទីតាំងគ្រប់គ្រងជាច្រើនក្នុងប្រទេសអាហ្វហ្គានីស្ថាន ធ្វើឲ្យរដ្ឋាភិបាលទីក្រុងកាប៊ុលធ្លាក់ក្នុងស្ថានភាពគ្រោះថ្នាក់បំផុតមិនធ្លាប់មានក្នុងរយៈពេល២០ឆ្នាំកន្លងមក។
នៅថ្ងៃទី៨ ខែសីហា ក្រុមតាលីបង់ បានពង្រីកទឹកដីគ្រប់គ្រងនៅតំបន់ភាគខាងជើងប្រទេសអាហ្វហ្គានីស្ថាន ក្រោយដណ្តើមបានការគ្រប់គ្រងបន្ថែម៣ខេត្តទៀតក្នុងប្រទេសនេះ។ ចំនួនខេត្តក្រុងដែលក្រុមតាលីបង់ដណ្តើមបានតាំងពីថ្ងៃទី៦ខែសីហាមកដល់ពេលនេះមាន៥ខេត្តក្រុងហើយ។
រដ្ឋធានីកាប៊ុល មានពលរដ្ឋរស់នៅ៦លាននាក់ ជាទីតាំងសេដ្ឋកិច្ច នយោបាយដែលអាមេរិកបានចំណាយប្រាក់ជាច្រើន ក្នុងរយៈពេល២០ឆ្នាំកន្លងមកដើម្បីកសាងឡើង។ អាមេរិក និងរដ្ឋាភិបាលអាហ្វហ្គានីស្ថាន សង្ឃឹមថា ក្រុមតាលីបង់ធ្វើសកម្មភាពនៅតាមតំបន់ជនបទ ប៉ុន្តែពេលនេះក្រុមតាលីបង់ ធ្វើសកម្មភាពវាយប្រហារចូលដល់ទីក្រុងហើយ។
ប្រធានាធិបតីបៃឌិន បានប្រកាសថានឹងមិនមានគម្រោងប្រែក្រឡាស់ការសម្រេចចិត្តដកទាហានចេញពីប្រទេសអាហ្វហ្គានីស្ថាននោះឡើយ បើទោះបីក្រុមតាលីបង់បង្កើនសកម្មភាពវាយប្រហារចូលដល់ទីក្រុងក្តី ៕

ដោយ៖ធីរីណា(រូបភាព៖AP)


ចែករំលែក៖