ព័ត៌មានទាន់ហេតុការណ៍៖

គួរឱ្យរន្ធត់ខ្លាំងណាស់! ម៉ែនិងកូនកំពុងឈរលេងនៅមុខផ្ទះសុខៗស្រាប់តែរថយន្តបុកគ្នាហើយបន្តមកបុកស្លាប់ម្តាយ ឯកូនរបួសធ្ងន់នៅស្រុករមាសហែក

ចែករំលែក៖

ខេត្តស្វាយរៀង៖ ស្ត្រីម្នាក់បានស្លាប់និងកូនស្រីម្នាក់ទៀតរងរបួសធ្ងន់ខណៈកំពុងឈរលេងនៅមុខផ្ទះសុខៗស្រាប់តែមានរថយន្ត២គ្រឿងបុកគ្នារួចបន្តមកបុកមនុស្សពេញទំហឹងបណ្ដាលឱ្យស្លាប់និងរបួស រីឯរថយន្តរងគ្រោះធ្លាក់ទៅក្នុងទឹកស្រះ ចំណែករថយន្តបង្កហេតុបានបើកគេច តែត្រូវសមត្ថកិច្ចឃាត់បាននៅពាក់កណ្ដាលផ្លូវ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏គួរឲ្យរន្ធត់នេះបានកើតឡើងកាលពីវេលាម៉ោង៣និង៤៥នាទីរសៀលថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ស្ថិតនៅភូមិប្រាសាទ ឃុំសំបូរ ស្រុករមាសហែកខេត្តស្វាយរៀង។
សមត្ថកិច្ចនគរបាលស្រុកបានឱ្យដឹងថាស្ត្រីដែលស្លាប់មានឈ្មោះ ព្រុំ ផល្លា អាយុ៥៣ឆ្នាំ និងអ្នករងរបួសធ្ងន់មានឈ្មោះ សេក សុខ ភេទស្រីអាយុ៣២ឆ្នាំត្រូវជាកូន មានទីលំនៅភូមិប្រាសាទ ឃុំសំបួរ ស្រុករមាសហែក។
ចំណែកអ្នកបើករថយន្តកាមរីបាឡែនបង្កហេតុដែលបុកស្ត្រីរងគ្រោះស្លាប់ហើយបើកគេចខ្លួននោះមិនទាន់បានស្គាល់ឈ្មោះនៅឡើយ ប៉ុន្តែត្រូវបានសមត្ថកិច្ចនគរបាលឃុំកំពង់ត្រាចស្ទាក់ឃាត់ខ្លួនបាននៅពាក់កណ្ដាលផ្លូវយកមកសាកសួរ។តាមសាក្សីបានឱ្យដឹងថា មុនកើតហេតុគេឃើញមានរថយន្តម៉ាកកាមរីបាឡែនពណ៌ស្ករមិនចាំស្លាកលេខ និងរថយន្តម៉ាកកាមរីឆ្លាមពណ៌ប្រផេះ ពាក់ស្លាកលេខភ្នំពេញ ២N-១៧០៩បើកស្របទិសគ្នាពីលិចទៅកើត។ លុះបើកមកដល់ចំណុចកើតហេតុមុខផ្ទះជនរងគ្រោះ ស្រាប់តែរថយន្តកាមរីបាឡែនបានបើកជែងរថយន្តកាមរីឆ្លាមបណ្តាលឲ្យប៉ះទង្គិចគ្នារួចជ្រុលចង្កូតទៅបុកជនរងគ្រោះទាំង២នាក់ដែលកំពុងឈរនៅមុខផ្ទះយ៉ាងពេញទំហឹងបង្កការភ្ញាក់ផ្អើលតែម្ដង។
ប្រភពបន្តថា ក្រោយមកអ្នកបើករថយន្តកាមរីបាឡែនឃើញសភាពការណ៍មិនស្រួលក៏បានបើកគេចខ្លួនរហូតដល់ផ្លូវកែងបត់ននោង ស្ថិតក្នុងឃុំកំពង់ត្រាចទើបសមត្ថកិច្ចស្ទាក់ឃាត់បាន។
ចំណែករថយន្តកាមរីឆ្លាមមួយគ្រឿងទៀតបានធ្លាក់ចូលទៅក្នុងប្រឡាយទឹកហាវថ្នល់កន្លែងកើតហេតុ ប៉ុន្តែអ្នកបើកមិនបានរងរបួសធ្ងន់ធ្ងរនោះទេ។
ក្រោយមកសមត្ថកិច្ចនគរបាលចរាចរណ៍បានចុះមកពិនិត្យនិងវាស់វែង រួចនាំអ្នកបើកបររថយន្តទាំង២គ្រឿងទៅសាកសួរនៅអធិការដ្ឋាននគរបាលស្រុករមាសហែក ដើម្បីដោះស្រាយតាមច្បាប់។ចំណែកកូនស្រីដែលរងរបួសត្រូវបានដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យ រីឯសពស្ត្រីជាម្ដាយសមត្ថកិច្ចធ្វើកំណត់ហេតុរួចប្រគល់ឱ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណីទាំងក្ដុកក្ដួលបំផុត៕

ដោយ៖ យឹម សុថាន

 

 


ចែករំលែក៖