ព័ត៌មានទាន់ហេតុការណ៍៖

អ្នកសារព័ត៌មាន២នាក់ ក្រោយយកឈ្មោះលោកអភិបាលរាជធានីភ្នំពេញ ដើរយកលុយគេ ត្រូវនគរបាលខណ្ឌពោធិ៍សែនជ័យ ឃាត់ខ្លួន

ចែករំលែក៖

ភ្នំពេញ ៖ បុរសជាជនសង្ស័យ២នាក់ ដែលតាំងខ្លួនជាអ្នកសារព័ត៌មាន ហើយបានយកឈ្មោះលោក ឃួង ស្រេង អភិបាលនៃគណ:អភិបាលរាជធានីភ្នំពេញ ដើរយកលុយគេនៅក្លិបហាត់ប្រាណមួយកន្លែង ក៏ត្រូវកម្លាំងនគរបាលប៉ុស្តិ៍ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ បានឃាត់ខ្លួនតែម្តង។

សមត្ថកិច្ចបានអោយដឹងថា, ការឃាត់ខ្លួនខាងលើនេះបានធ្វើឡើងកាលពីវេលាម៉ោង១២៖១៦នាទីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ ស្ថិតនៅចំណុចក្លឹបហាត់ប្រាណ MS Gym ក្នុងភូមិត្រពាំងថ្លឹង១ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ក្រោមការបញ្ជាពីលោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងក្រោមការដឹកនាំបញ្ជាផ្ទាល់ពីលោក ម៉ន វុធី អធិការនគរបាលខណ្ឌ។

បើតាមការបញ្ជាក់ពី លោក សាយ ចំរើន នាយប៉ុស្តិ៍នគរបាលចោមចៅទី១ បានឲ្យដឹងថា ជនសង្ស័យខាងលើរួមមាន៖

ទី១៖ ឈ្មោះ ហ៊ីង សុធា
ទី២៖ ឈ្មោះ សំ រ៉ន តាំងខ្លួនជាអ្នកសារព័ត៌មាននៅអង្គភាព «គេហទំព័រអំណាចទាំងបួន» ដែលជាអង្គភាពសារព័ត៌មានមិនដែលធ្លាប់ឮពីមុនមក ហើយពិតជាព្រហើន ហ៊ានយកឈ្មោះលោកអភិបាលរាជធានីភ្នំពេញ ទៅប្រព្រឹត្តអំពើមិនគប្បី ប៉ះពាល់ដល់កិត្តិយសថ្នាក់ដឹកនាំ និងគ្មានវិជ្ជាជីវៈជាអ្នកសារព័ត៌មាន។ ប្រសិនបើជនសង្ស័យខាងលើបានប្រព្រឹត្តដូចមន្ត្រីនគរបាលយុត្តិធម៌បានលើកឡើងនោះ។

លោកមេប៉ុស្តិ៍បានឲ្យដឹងបន្តទៀតថា, នៅមុនពេលត្រូវឃាត់ខ្លួន បុរសសង្ស័យទាំងពីរនាក់ បានជិះម៉ូតូ១គ្រឿងម៉ាក PCX ពណ៌ស ស្លាកលេខតាកែវ 1Y-7820 ទៅកាន់ក្លិបហាត់ប្រាណខាងលើ។

ពេលទៅដល់ពួកគាត់បានប្រាប់ម្ចាស់ក្លិបថា ខ្លួនជាក្រុមការងាររបស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។ បន្ទាប់មកបានទារលុយពីក្លឹបហាត់ប្រាណនេះចំនួន២០$ ដោយសង្កត់ធ្ងន់ថា ក្លិបហាត់ប្រាណនោះល្មើសបំរាមគោចរ ខណៈជាក់ស្ដែងក្លិបនេះមិនបានបើកដំណើរការនោះទេ។

ក្រោយពីទទួលបានព័ត៌មាននេះភ្លាម កម្លាំងនគរបាលប៉ុស្តិ៍ចោមចៅទី១ ក៏បានចុះទៅដល់កន្លែងកើតហេតុនោះភ្លាមដែរ ហើយក៏ឃាត់ខ្លួននាំទៅកាន់ប៉ុស្ដិ៍ដើម្បីសារសួរបន្ត និងចាត់វិធានការតាមច្បាប់។
បើតាមការបញ្ជាក់អំពីមន្ត្រីនគរបាលយុត្តិធម៌ បើជនសង្ស័យយកឈ្មោះលោកអភិបាលរាជធានីភ្នំពេញ ហើយទៅទារលុយចំនួន 20 ដុល្លារ គឺជាតម្រុយពិរុទ្ធភាពពិតប្រាកដ ដោយសារតែ គ្មានមន្ត្រី ឬថ្នាក់ដឹកនាំណា ដែលជាសេនាធិការឱ្យលោកអភិបាលរាជធានីភ្នំពេញ ទៅយកលុយដោយគ្មានសីលធម៌បែបនេះឡើយ៕

ដោយ៖ សិលា


ចែករំលែក៖