ព័ត៌មានទាន់ហេតុការណ៍៖

លោករដ្ឋមន្ត្រី វេង សាខុន បង្ហាញពី លទ្ធផលនៃគម្រោងស្រាវជ្រាវស្តីពី “ការពង្រីកវិសាលភាពដាំដុះពូជស្រូវ ផ្កាមាលតី ដែលធន់ទ្រាំនឹងការប្រែប្រួលអាកាសធាតុ”

ចែករំលែក៖

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១ លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ បានលើកឡើងពី ពូជស្រូវផ្កាមាលតីជាពូជស្រូវកណ្តាលប្រកាន់រដូវ ត្រូវបានបញ្ចេញនិងផ្សព្វផ្សាយជូនកសិករប្រើប្រាស់ នៅដើមឆ្នាំ២០១៨ ដោយវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជា ជាប្រភេទពូជនេះមានគុណភាពអង្ករល្អប្រសើរ ធន់ទ្រាំនឹងភាពរាំងស្ងួត ទឹកជំនន់ និងការដួលដើម ការដាំដុះមានការបន្សាំបានល្អទៅនឹងការប្រែប្រួលអាកាសធាតុ។ វាត្រូវបានអភិវឌ្ឍន៍ឡើងតាមរយៈការបង្កាត់រវាងពូជស្រូវក្រអូបផ្ការំដួល (មេ) និងពូជស្រូវកណ្តាលខា៣ (បា) ហើយត្រូវបានជ្រើសរើស និងពិសោធន៍ស្រាវជ្រាវ នៅលើក្សេត្របរិស្ថានផ្សេងៗអស់រយៈពេល ១៤ ឆ្នាំ។
សូមបញ្ជាក់ថា, ដើម្បីពង្រីកវិសាលភាពការដាំដុះពូជស្រូវផ្កាមាលតីដែលធន់ទ្រាំនឹងការប្រែប្រួលអាកាសធាតុ និងតាមអនុសាសន៍ណែនាំរបស់លោករដ្ឋមន្រ្តីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ នៅចុងឆ្នាំ២០១៨ ដោយមានការសហការណ៍ឧត្ថម្ភថវិកាពីរដ្ឋាភិបាលអូស្រ្តាលីតាមរយៈគម្រោងកាវ៉ាក់ (CAVAC) ដែលមានរយៈពេល ៤ឆ្នាំ (២០១៨-២០២១) ពូជស្រូវផ្កាមាលតីត្រូវបានពន្លឿនការផ្សព្វផ្សាយតាមរយៈការធ្វើស្រែបង្ហាញសរុប ២២០ កន្លែង ស្រែផលិតកម្មពូជក្នុងចំណាត់ថ្នាក់ចុះបញ្ជី ១២កន្លែង និងទិវាស្រែបង្ហាញផលិតកម្មពូជ ១១កន្លែង នៅតាមខេត្តគោលដៅចំនួន ៦ គឺ៖ ខេត្តស្វាយរៀង ព្រៃវែង កំពង់ធំ ឧត្តរមានជ័យ បាត់ដំបង និងពោធិសាត់។ ទន្ទឹមនឹងនេះកសិករចំនួន ២៣១ នាក់បានទទួលផលផ្ទាល់ពីគម្រោង ដោយទទួលបានគ្រាប់ពូជសុទ្ធ និងបច្ចេកទេសផលិតកម្មពូជស្រូវ និង២៨៤នាក់ ផ្សេងទៀតជាកសិករជិតខាង មន្រ្តីផ្សព្វផ្សាយកសិកម្ម ឈ្មួញ និងម្ចាស់ម៉ាស៊ីនកិនស្រូវ បានទទួលព័ត៌មានពីពូជស្រូវផ្កាមាលតី និងទទួលយកពូជនេះសម្រាប់បង្កបង្កើនផលនៅរដូវ ក្រោយ។ តាមរយៈគម្រោងនេះ ពូជស្រូវផ្កាមាលតីសរុបចំនួន ៤០ តោន ត្រូវបានផលិតនៅតាមខេត្តគោលដៅសម្រាប់ផ្សព្វផ្សាយបន្ត។ យោងលើលទ្ធផលនៃការធ្វើស្រែបង្ហាញចំនួន ២២០កន្លែង ពូជស្រូវផ្កាមាលតីដុះលូតលាស់ល្អ និងទទួលបានទិន្នផលខ្ពស់ជាងពូជកសិករជាមធ្យម ១៤% និង ២៧% ក្នុងលក្ខខណ្ឌកូនរដូវប្រាំងអូសបន្លាយរយៈពេលយូរ។លោករដ្ឋមន្ត្រីបានបញ្ជាក់ថា, ក្នុងករណីសាធារណជន ចង់ទទួលបានព័ត៌មានបន្ថែម សូមធ្វើទំនាក់ទំនងជាមួយលោក ឡោ ប៊ុណ្ណា នាយកវិទ្យាស្ថានស្រាវជ្រាវនិងអភិវឌ្ឍន៍កសិកម្មកម្ពុជា ដែលមានលេខទូរស័ព្ទ ០៩៩៣៧៣៧៥៣ ៕

ដោយ៖ សិលា


ចែករំលែក៖