យន្តហោះចុះចតនៅលើទឹក ឬហៅថា «កប៉ាល់ហោះ» សម្រាប់បំពេញការងារពន្លត់អគ្គិភ័យ ប្រភេទ Beriev Be-200 Altair (Be-200)របស់ប្រទេសរុស្ស៊ី បានចូលរួមពន្លត់ភ្លើងឆេះព្រៃនៅក្នុងប្រទេសតួកគី បានជួបគ្រោះថ្នាក់ ពេលកំពុងចុះចត បណ្តាលឲ្យមនុស្ស៨នាក់នៅលើយន្តហោះស្លាប់ទាំងអស់។
ក្រសួងការពារជាតិរុស្ស៊ី បានប្រកាសឱ្យដឹងថា យន្តហោះ Be-200បានធ្លាក់នៅវេលាម៉ោង ១៥ ថ្ងៃទី១៤ខែសីហា ពេលកំពុងតែចុះចតនៅទីក្រុង Adana ប្រទេសតួកគី ។ យន្តហោះនេះបានចូលរួមពន្លត់ភ្លើងឆេះព្រៃនៅក្នុងតំបន់។ ក្រុមអ្នកស្រាវជ្រាវបានទៅស្រាវជ្រាវដើម្បីបញ្ជាក់ពីមូលហេតុដែលបណ្តាលឲ្យមានគ្រោះថ្នាក់។
មន្ត្រីតួកគីបានឱ្យដឹងថា «ក្នុងពេលបំពេញបេសកកម្មពន្លត់អគ្គិភ័យ នៅទីក្រុង Kahramanmarash យន្តហោះ Be-200 ជួលពីប្រទេសរុស្ស៊ីបានធ្លាក់ពេលចុះចត។ ក្រុមជួយសង្គ្រោះបានទៅដល់កន្លែងកើតហេតុដើម្បីជួយសង្គ្រោះ ។ អ្នកនៅលើយន្តហោះមាន ក្រុមអាកាសយានិក៨នាក់ ក្នុងនោះមានជនជាតិរុស្ស៊ី៥នាក់ និង៣នាក់ទៀតជាមន្ត្រីផ្នែកព្រៃឈើតួកគី ។
កប៉ាល់ហោះ Be-200 របស់រុស្ស៊ីបានបញ្ជូនទៅជួយដល់ប្រទេសតួកគីក្នុងការពន្លត់អគ្គិភ័យ តាមបទបញ្ជាររបស់ប្រធានាធិបតីពូទីន តាំងពីខែកក្កដា ។ កប៉ាល់ហោះខាងលើមានតួនាទីជាច្រើន ក្រៅពីពន្លត់អគ្គិភ័យនៅមានការដឹកជញ្ជូន ជួយសង្គ្រោះលើដែនសមុទ្រ ដឹកអ្នកដំណើរ…៕ដោយ៖ ធីរីណា
រូបភាព៖ITN