ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តហាយឡេនឌ័រចុះទូកដហួសធ្លាក់ចូលក្នុងទន្លេ តែសំណាងល្អគ្មានអ្នករងរបួសឬស្លាប់

ចែករំលែក៖

ខេត្តកណ្ដាល៖ រថយន្តហាយឡេនឌ័រមួយគ្រឿងបើកចុះដដើម្បីឆ្លងទៅត្រើយម្ខាងទៀត ប៉ុន្តែខណៈកំពុងបើកចុះដល់លើទូក ហើយក៏បានបើកហួសធ្លាក់ចូលក្នុងទន្លេតែសំណាងល្អពុំបណ្ដាលឲ្យមានអ្នកណាម្នាក់រងរបួសឡើយ ។

ហេតុការណ៍នេះ បង្កឲ្យមានការភ្ញាក់ផ្អើលឡើងនៅព្រឹកថ្ងៃទី១៥ ខែសីហា​ ឆ្នាំ២០២១​ នៅចំណុចកំពង់ចម្លងព្រែកតូច ស្ថិតក្នុងភូមិព្រែករុន ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្ដាល 

    មន្ត្រីនគរបាលចរាចរណ៍ស្រុកស្អាងបានឱ្យដឹងថា ជនរងគ្រោះជាម្ចាស់រថយន្តឈ្មោះ សាម សុវត្ថិ ហៅប្លោក ភេទប្រុស អាយុ៤៩ឆ្នាំ ជាមន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាលតាលន់ បានបើករថយន្តម៉ាកហាយឡេនឌ័រ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2AN-1302 មានអ្នករួមដំណើរចំនួន៣នាក់។

  ប្រភព​ដដែលបន្តថា នៅថ្ងៃខែឆ្នាំម៉ោងកើតហេតុខាងលើ ជនរងគ្រោះឈ្មោះ សាម សុវត្ថិ ហៅប្លោក បានបើករថយន្តម៉ាកហាយឡេនឌ័រ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2AN-1302មានអ្នករួមដំណើរចំនួន០៣នាក់ បានបើកចុះទូកដខណៈបើកមកដល់លើទូកក៏ជ្រុលធ្លាក់ពីទូកលិចចូលទន្លេបាសាក់តែម្ដង  តែសំណាងល្អដោយមានអ្នកបើកទូកដនិងប្រជាពលរដ្ឋជួយទាន់ពេលវេលាទើបមិនបណ្ដាលឱ្យមានមនុស្សរងរបួសនោះឡើយ ។

  តាមការសន្និដ្ឋានករណីនេះបង្កឡើងដោយសារអ្នកបើកបររថយន្ត ធ្វេសប្រហែស ខ្វះការប្រុងប្រយ័ត្ន ទើបបណ្ដាលឱ្យរថយន្តធ្លាក់ទៅក្នុងទឹកទន្លេបាសាក់បែបនេះ៕

ដោយ៖ ស្អាងជ័យ


ចែករំលែក៖