ព័ត៌មានទាន់ហេតុការណ៍៖

លោកបណ្ឌិត អុិត សំហេង អញ្ជើញដឹកនាំកិច្ចប្រជុំអន្តរក្រសួង ដើម្បីពិនិត្យលើការអនុវត្តអនុសញ្ញាអន្តរជាតិខាងការងារលេខ៨៧

ចែករំលែក៖

ភ្នំពេញ៖ ក្នុងនាមជាប្រធាននៃគណៈកម្មការជាតិត្រួតពិនិត្យការអនុវត្តអនុសញ្ញាអន្តរជាតិខាងការងារ ដែលកម្ពុជាបានផ្តល់សច្ចាប័ន លោកបណ្ឌិត អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១ បានអញ្ជើញដឹកនំាកិច្ចប្រជុំអន្តរក្រសួង ដើម្បីពិនិត្យលើការអនុវត្តអនុសញ្ញាអន្តរជាតិខាងការងារលេខ៨៧ ស្តីពីសេរីភាពនៃសមាគម និងការការពារសិទ្ធិ នៃការបង្កើតសមាគមនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដោយមានការចូលរួមពីតំណាងក្រសួងយុត្តិធម៌ និងក្រសួងមហាផ្ទៃ តាមរយៈប្រព័ន្ធវីដេអូ Zoom។

នៅក្នុងកិច្ចប្រជុំនេះ តំណាងក្រសួងយុត្តិធម៌ និងក្រសួងមហាផ្ទៃ បានផ្តល់នូវវឌ្ឍនភាពនៃបណ្តឹងនានាពាក់ព័ន្ធនឹងអនុសញ្ញាអន្តរជាតិលេខ៨៧ នាពេលកន្លងមក។ ជាមួយនេះផងដែរ ឯកឧត្តមរដ្ឋមន្ត្រី បានស្នើសុំឱ្យតំណាងក្រសួងពាក់ព័ន្ធធ្វើរបាយការណ៍បច្ចុប្បន្នភាព និងពិនិត្យស្រាវជ្រាវលើអង្គហេតុ និងអង្គច្បាប់ ប្រមូលព័ត៌មាន និងភស្តុតាងនៃករណីបណ្តឹងនានានៃអនុសញ្ញាអន្តរជាតិលេខ៨៧ និងអនុសញ្ញាអន្តរជាតិពាក់ព័ន្ធឯទៀត ដើម្បីធ្វើការដោះស្រាយបញ្ចប់ករណីទាំងនោះ តាមនីតិវិធីច្បាប់ជាធរមាន។

ជាការពិតណាស់ ការអនុវត្តអនុសញ្ញាអន្តរជាតិខាងការងារលេខ៨៧ ត្រូវបានមើលឃើញថាមានភាពល្អប្រសើរជាបន្តបន្ទាប់តាមរយៈការចូលរួមពីអង្គការវិជ្ជាជីវៈ និយោជក និងកម្មករនិយោជិត ដើម្បីធានា និងការពារសិទ្ធិស្របច្បាប់របស់បងប្អូនកម្មករនិយោជិត៕

ដោយ៖ សិលា


ចែករំលែក៖