ព័ត៌មានទាន់ហេតុការណ៍៖

បើករថយន្តឆ្លងផ្លូវមិនប្រយ័ត្នត្រូវម៉ូតូដែលបើកលឿនបុកពីចំហៀងពេញទំហឹងបណ្តាលឲ្យអ្នកបើកម៉ូតូរងរបួសធ្ងន់

ចែករំលែក៖

ភ្នំពេញ៖ រថយន្តស៊េរីទំនើបម៉ាកឡង់គ្រីស័រមួយគ្រឿងបានបើកឆ្លងផ្លូវខ្វះការប្រុងប្រយ័ត្នត្រូវបុរសម្នាក់ដែលជិះម៉ូតូលឿនចាប់ហ្វ្រ័ងមិនទាន់បុកពីចំហៀងពេញទំហឹងបណ្ដាលឲ្យដួលបោកទៅនឹងថ្នល់រងរបួសធ្ងន់។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៨និង៤០នាទីយប់ថ្ងៃទី១៨ ខែសីហាឆ្នាំ២០២១ នៅចំណុចមុខអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ តាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ក្នុងសង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនកើតហេតុគេឃើញរថយន្តស៊េរីទំនើបម៉ាកឡង់គ្រីស័រមួយគ្រឿងពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ2AM-0595 បើកតាមបណ្ដោយផ្លូវបេតុងក្នុងទិសដៅពីជើងទៅត្បូងឆ្លងមកផ្លូវសហព័ន្ធរុស្ស៊ី ដល់ពាក់កណ្ដាលផ្លូវត្រង់ចំណុចកើតហេតុខាងលើក៏មានបុរសម្នាក់ជិះម៉ូតូឌ្រីមស៊េរីឆ្នាំ២០២០ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1IE-5718ធ្វើដំណើរតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ីក្នុងទិសដៅពីកើតទៅលិចក្នុងល្បឿនលឿនចាប់ហ្វ្រ័ងមិនទាន់ក៏ជ្រុលទៅបុកចំពីចំហៀងពេញទំហឹងបណ្តាលឱ្យរងការខូចខាតយ៉ាងដំណំរៀងៗខ្លួន។

ចំណែកអ្នកបើកម៉ូតូរងរបួសធ្ងន់ត្រូវរថយន្តសង្គ្រោះបន្ទាន់ដឹកយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដេីម្បីរង់ចាំដោះស្រាយគ្នាតាមផ្លូវច្បាប់៕

ដោយ៖សុខាសែនជ័យ

 


ចែករំលែក៖