កាលពីថ្ងៃទី១៨ខែសីហា ជប៉ុនបានរកឃើញករណីឆ្លងកូវីដ-១៩ថ្មីរហូតដល់ទៅ ២៣.៩១៨នាក់ គឺជាចំនួនខ្ពស់បំផុតមិនធ្លាប់មាន។ កន្លងមកជប៉ុនរកឃើញអ្នកឆ្លងកូវីដ-១៩ខ្ពស់ជាងគេនៅថ្ងៃទី១៣ខែសីហា ដោយមានអ្នកឆ្លងតែជាង២០ពាន់នាក់ប៉ុណ្ណោះ។ បច្ចុប្បន្នមានខេត្តក្រុងចំនួន២៥ ក្នុងចំណោម៤៧បានរកឃើញករណីឆ្លងកូវីដ-១៩កើនឡើងខ្ពស់។
សារព័ត៌ TTXVN បានផ្សាយថា នៅថ្ងៃទី១៩ខែសីហា ក្រុមអ្នកឯកទេសរបស់ក្រសួងសុខាភិបាលជប៉ុនបានព្រមានថា ស្ថានភាពនៃការឆ្លងរាលដាលកូវីដ -១៩នៅក្នុងប្រទេសនេះ អាចក្លាយទៅជាគ្រោះអាសន្ន ហើយអំពាវនាវដល់ពលរដ្ឋសូមបង្កើនការប្រុងប្រយ័ត្នឱ្យបានខ្ពស់ បើមិនមានការចាំបាច់មិនត្រូវចេញពីផ្ទះឡើយ។
មានប្រសាសន៍ទៅកាន់ក្រុមអ្នកសារព័ត៌មាន លោក Takaji Wakita ប្រធានគណៈកម្មការទប់ស្កាត់ជំងឺឆ្លង បានឱ្យដឹងថា ចំនួនអ្នកឆ្លងកូវីដ-១៩ អាចនឹងកើនឡើងខ្ពស់ ហើយពលរដ្ឋគ្មានជម្រើសអ្វីផ្សេងក្រៅពីការមិនជួបជុំគ្នា ។
ខេត្តក្រុងដែលមានករណីឆ្លងច្រើនជាងគេគឺ ខេត្តអូសាកាមានអ្នកឆ្លងជាង២ពាន់នាក់ក្នុងមួយថ្ងៃ, ខេត្ត Aichi មានអ្នកឆ្លងជាង ១២០០នាក់ក្នុងមួយថ្ងៃ, រដ្ឋធានីតូក្យូមានអ្នកឆ្លងជាង៥៣០០នាក់ក្នុងមួយថ្ងៃ…។ នៅពេលនេះដែរអ្នកជំងឺធ្ងន់កើនឡើងបន្ថែម៧០នាក់ទៀត ធ្វើឲ្យកើនឡើងដល់ទៅ ១.៧១៦នាក់ ។
បណ្តាញទូរទស្សន៍ NHK បានផ្សាយថា ចំនួនស្ត្រីមានផ្ទៃពោះឆ្លងកូវីដ-១៩ ក៏បានកើនឡើងខ្ពស់ផងដែរនៅរដ្ឋធានីតូក្យូ គឺកើនឡើងជិត១០០នាក់ នៅក្នុងខែកក្កដា ខ្ពស់ជាង២ដងបើប្រៀបធៀបនឹងខែឧសភាកន្លងមក។ ទាំងនោះហើយបានជាក្រុមអ្នកជំនាញជំរុញឲ្យចាក់វ៉ាក់សាំងដល់ស្ត្រីមានផ្ទៃពោះឱ្យបានឆាប់បំផុត ដោយសារតែពួកគាត់ប្រឈមហានិភ័យខ្ពស់៕
ដោយ៖ធីរីណា(រូបថត៖AFP/TTXVN.)