ព័ត៌មានទាន់ហេតុការណ៍៖

នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង និងលោកអភិបាលខេត្តបាត់ដំបង អញ្ជើញចុះជួយប្រមូលទិញផ្លែមៀន (តាង៉ែន)របស់បងប្អូនប្រជាកសិករជាម្ចាស់ចម្ការដោយផ្ទាល់ ក្នុងភូមិសាស្រ្ត ពេជ្រចង្វា ឃុំរស្មីសង្ហា ស្រុករតនមណ្ឌល

ចែករំលែក៖

   ខេត្តបាត់ដំបង៖ បើយោងតាមការរាយការណ៍ពីមន្ទីរព័ត៌មានខេត្តបាត់ដំបង ជូនលោករដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបញ្ជាក់ឱ្យដឹងថា នៅព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១ បងប្អូនប្រជាកសិករម្ចាស់ចម្ការមៀន (តាង៉ែន )នៅក្នុងឃុំ រស្មីសង្ហា បានត្អូញត្អែរថា កសិផលរបស់ខ្លួនបានជួបបញ្ហាគ្មានទីផ្សារ គ្មានការប្រមូលទិញពីឈ្មួញ ធ្វើឱ្យបាត់បង់នូវទុនរបស់ខ្លួនក្នុងការផលិត ។

ឲតាមសំណូមពររបស់ប្រជាកសិករ គឺសុំឱ្យរាជរដ្ឋាភិបាលជួយរកទីផ្សារក្រៅប្រទេសដោយផ្ទាល់ និងបង្កើតរោងចក្រកែច្នៃកសិផលក្នុងស្រុក ដើម្បីជួយដល់ជីវភាពប្រជាកសិករធានាដល់ការដាំដុះបានយូរអង្វែង   

បងប្អូនកសិករបានលើកឡើងដូចនេះក្នុងឱកាសដែលនាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង នាយករងខុទ្ទកាល័យសម្តេចតេជោ និងលោកអភិបាលខេត្តបាត់ដំបង រួមមានអង្គភាពជំនាញមួយចំនួនទៀត បានចុះជួយប្រមូលទិញផ្លែមៀន (តាង៉ែន)របស់បងប្អូនប្រជាកសិករជាម្ចាស់ចម្ការដោយផ្ទាល់ ក្នុងភូមិសាស្រ្ត ពេជ្រចង្វា ឃុំរស្មីសង្ហា ស្រុករតនមណ្ឌល ខេត្តបាត់ដំបង ។

   សូមបញ្ជាក់ថា នាថ្ងៃទី១៩ខែសីហានេះ  តាមការណែនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីជួយសម្រាលថ្លៃដើមក្នុងការផលិតរបស់ប្រជាកសិករ សម្តេចតេជោបានឱ្យក្រុមការងារទទួលទិញក្នុងតម្លៃស្រុះស្រួលគ្នាដល់ចម្ការរបស់បងប្អូន ដែលព្រមព្រៀងគ្នា១គីឡូក្រាមតម្លៃ ១.៨០០រៀល ។  

  នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត បានបញ្ជាក់ថា ការប្រមូលទិញនាពេលនេះមិនមែនយកទៅជួញដូរនោះទេ គឺសម្តេចតេជោឱ្យក្រុមការងារនាំយកទៅផ្តល់ជូនកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទអង្គភាពជួរមុខនិងនៅតាមមន្ទីរពេទ្យ មណ្ឌលចត្តាឡីស័កនានាបានទទួលទានផងដែរ។

   បងប្អូនប្រជាកសិករម្ចាស់ចម្ការបានសម្តែងនូវក្តីសង្ឃឹមនិងរីករាយ  ជាពិសេសថ្លែងអំណរគុណសម្តេចតេជោប្រមុខរាជរដ្ឋាភិបាល ដែលបានជួយសម្រាលការលំបាកនិងប្រមូលបានទុនមួយផ្នែកមកវិញ ធ្វើឱ្យពួកគាត់មានលទ្ធភាពធ្វើការផលិតបន្តទៀតបាន។

លោក ងួន រតនៈ អភិបាលខេត្តបាត់ដំបង ក្នុងនាមអាជ្ញាធរខេត្ត និងជួសមុខឲ្យប្រជាពលរដ្ឋក្នុងខេត្តបាត់ដំបង ដែលជាម្ចាស់ចម្ការមៀន សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចតេជោ ដែលបានជួយដោះស្រាយបញ្ហានេះចំកាលៈទេសៈ ក្នុងពេលកសិករជួបការលំបាកនិងជំងឺរាតត្បាតកូវីដផងនោះ ក៏ដូចជាទីផ្សារកសិផលផ្លែមៀនចង្អៀតជាងមុន ក្នុងការនាំចេញទៅក្រៅប្រទេស  និងបានធ្វើឱ្យប្រជាកសិករអស់ក្តីបារម្ភតាមរយៈការប្រមូលទិញពីក្រុមការងាររបស់សម្តេចតេជោ 

                                 

ដោយ ៖ សិលា


ចែករំលែក៖