ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ជិះម៉ូតូធ្វើសកម្មភាពលួចកាបូបលុយនៅការាសសាំងមួយកន្លែងក្នុងក្រុងបាវិត

ចែករំលែក៖

ខេត្តស្វាយរៀង៖ សមត្ថកិច្ចនគរបាលក្រុងបាវិតបានឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ពន្ធ័ករណីលួចយកកាបូបលុយនៅចំណុចការាសសាំងមួយកន្លែងស្ថិតនៅចំណុចក្នុងភូមិកំពោតជ្រូក សង្កាត់ព្រៃអង្គុញ ក្រុងបាវិត ខេត្តស្វាយរៀង ។

ការឃាត់ខ្លួននេះបានធ្វើឡើងនាវេលាម៉ោង៥ល្ងាចថ្ងៃទី២២ខែសីហាឆ្នាំ២០២១នៅចំណុចមណ្ឌលកំសាន្តក្រុងបាវិត។

សមត្ថកិច្ចនគរបាលក្រុងបាវិតបានឱ្យដឹងថាជនសង្ស័យមានឈ្មោះ ខឹម ឆវ័ន្ត អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ មានទីលំនៅភូមិបុស្ស ឃុំស្វាយតាយាន ស្រុកំពង់រោទ៍ ខេត្តស្វាយរៀង និងបានដកហូតកាបូបលុយនោះមានលុយចំនួន២៣ម៉ឺន៥០០០រៀល ខ្សែកប្លាកទីនមួយខ្សែទម្ងន់០៥ ជី និងទូរស័ព្ទដៃមួយគ្រឿងម៉ាកអូប៉ូនិងម៉ូតូមួយគ្រឿងដែលជិះធ្វើសកម្មភាពផងដែរ។

ប្រភពបន្តថានៅថ្ងៃទី២២ ខែសីហា ឆ្នាំ ២០២១ វេលាម៉ោង៤និង១០នាទី រសៀលប៉ុស្ដិ៍នគរបាលរដ្ឋបាលសង្កាត់ព្រៃអង្គុញ បានទទួលព័ត៌មានតាមរយៈទូរស័ព្ទពីប្រជាពលរដ្ឋដែលរងគ្រោះមានឈ្មោះ ឡឹក ឈិន ភេទប្រុស អាយុ៦៣ឆ្នាំ ជនជាតិខ្មែរ មុខរបរម្ចាស់ការាសសាំង ដែលបានរាយការណ៍មកថាមានករណីចោរលួចយកកាបូបលុយនៅចំណុចការាសសាំងរបស់ខ្លួនស្ថិតក្នុងភូមិកំពោតជ្រូក សង្កាត់ព្រៃអង្គុញ ក្រុងបាវិត ខេត្តស្វាយរៀង រួចជិះគេចខ្លួនទៅទិសខាងកើតតែម្តង។

ក្រោយពីទទួលបានព័ត៌មាននេះភ្លាម សមត្ថកិច្ចនគរបាលក្រុងបាវិត សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ព្រៃអង្គុញបានពិនិត្យឃើញភិនភាគរបស់ជនសង្ស័យនិងស្លាកលេខមធ្យោបាយម៉ូតូដែលជនសង្ស័យជិះធ្វើសកម្មភាពដូចខាងលើ  រហូតមកដល់វេលាម៉ោង៥ល្ងាច ទើបកម្លាំងជំនាញអធិការដ្ឋាននគរបាលក្រុងបាវិត ក៏បានប្រទះឃើញមុខសញ្ញាសង្ស័យនិងភិនភាគម៉ូតូខាងលើនៅចំណុចមណ្ឌលកំសាន្តក្រុងបាវិត ទើបស្គាល់អត្តសញ្ញាណពិតរបស់ជនសង្ស័យឃាត់ខ្លួនមកសាកសួរតែម្ដង។

បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចបញ្ជូនទៅការិយាល័យជំនាញនៃស្នងការដ្ឋាននគបាលខេត្តស្វាយរៀងដើម្បីចាត់ការបន្តតាមច្បាប់៕

ដោយ៖យឹម សុថាន


ចែករំលែក៖