ព័ត៌មានទាន់ហេតុការណ៍៖

លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន ស្នើអភិបាលរាជធានី-ខេត្ត ចាត់ចែងបង្កើតទីតាំងចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី១ និងដូសទី២ ជូនប្រជាពលរដ្ឋ ពលករ ដែលនៅសេសសល់មិនទាន់ចាក់ !

ចែករំលែក៖

ភ្នំពេញ៖ ប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស ស្នើអភិបាលរាជធានី-ខេត្ត ចាត់ចែងបង្កើតទីតាំងចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី១ និងដូសទី២ ជូនប្រជាពលរដ្ឋ ពលករ ដែលនៅសេសសល់មិនទាន់ចាក់។

លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន អ្នកនាំពាក្យ និងជារដ្ឋលេខាធិការក្រសួងសុខាភិបាល ជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំង បានមានប្រសាសន៍ថា ,នាងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោក លោកស្រី អភិបាល នៃគណៈអភិបាលរាជធានី-ខេត្ត និងជាប្រធានអនុគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌរាជធានី-ខេត្ត លោក លោកស្រីប្រធានមន្ទីរសុខាភិបាលរាជធានី-ខេត្ត ព្រមទាំងក្រុមគ្រូពេទ្យទាំងអស់ ចំពោះកិច្ចខិតខំប្រឹងប្រែង និងយកចិត្តទុកដាក់នៅក្នុងការចាក់វ៉ាក់សាំងកូវីដ-១៩ ជូនដល់ប្រជាពលរដ្ឋទូទៅកន្លងមក។

(គ.វ.ក-១៩) សូមជម្រាបជូន លោក លោកស្រី ជ្រាបថារហូតមកដល់ពេលបច្ចុប្បន្ននេះ ចំនួនប្រជាពលរដ្ឋ ដែលមានអាយុចាប់ពី១៨ឆ្នាំឡើង ហើយបានទទួលការចាក់វ៉ាក់សាំងកូវីដ-១៩. មិនទាន់បានគ្រប់តាមផែនការដែលបានគ្រោង ទុកចំនួន១០លាននាក់នៅឡើយ ដែលតម្រូវឱ្យអាជ្ញាធរគ្រប់ថ្នាក់ អំពាវនាវ និងកៀរគរប្រជាពលរដ្ឋដែលមិនទាន់បានចាក់វ៉ាក់សាំង កូវីដ-១៩ ដូសទី១ នៅតាមមូលដ្ឋានភូមិ ឃុំ-សង្កាត់ របស់ខ្លួន ព្រមទាំងរៀបចំផែនការ និងចលនាលើកទឹកចិត្តពួកគាត់ ឱ្យមកទទួលការចាក់វ៉ាក់សាំងកូវីដ-១៩ ដោយស្ម័គ្រចិត្ត ឱ្យបានទាន់ពេលវេលានៅតាមទីតាំងដែលកំពុងដំណើរការចាក់ វ៉ាក់សាំងកូវីដ-១៩ក្នុងពេលបច្ចុប្បន្ននេះឱ្យបានគ្រប់ៗគ្នា។

(គ.វ.ក-១៩) ពិនិត្យឃើញថា នៅមានប្រជាពលរដ្ឋមានអាយុចាប់ពី១៨ឆ្នាំឡើងមួយចំនួនមិនទាន់បានមកចាក់ វ៉ាក់សាំងកូវីដ-១៩ ដោយសារមូលហេតុផ្សេងៗ (ដូចជាពលករ ឬប្រជាពលរដ្ឋ ឬនិស្សិតដែលបានវិលត្រឡប់មកពីបរទេស ហើយទើបបានបញ្ចប់ការធ្វើចត្តាឡីស័ក ស្ត្រីទើបសម្រាលកូនរួច និងមូលហេតុផ្សេងៗទៀត) ដូចនេះ សូមលោក លោកស្រី អភិបាល នៃគណៈអភិបាលរាជធានី-ខេត្ត និងជាប្រធានអនុគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌរាជធានី-ខេត្ត ចាត់ចែងរៀបចំជាប់ជាប្រចាំទីតាំងចាក់វ៉ាក់សាំងកូវីដ-១៩ នៅតាមមូលដ្ឋានសុខាភិបាលសាធារណៈ ដែលប្រជាពលរដ្ឋងាយស្រួល ទៅទទួលយកសេវាចាក់វ៉ាក់សាំងកូវីដ-១៩ ដូចជាមណ្ឌលសុខភាព មន្ទីរពេទ្យបង្អែកស្រុក មន្ទីរពេទ្យបង្អែករាជធានី-ខេត្ត ឬទីតាំងមួយចំនួនទៀតដែលអាចផ្តល់លទ្ធភាពឱ្យប្រជាពលរដ្ឋដែលនៅសេសសល់អាចមក ទទួលការចាក់វ៉ាក់សាំងកូវីដ-១៩ ឱ្យបានគ្រប់ៗគ្នា។

ទន្ទឹមនឹងនេះ (គ.វ.ក-១៩) សូមស្នើឱ្យលោក លោកស្រី ចេញសេចក្តីជូនព័ត៌មានឱ្យបានទូលំទូលាយ និងញឹកញាប់ អំពីទីតាំង និងកាលបរិច្ឆេទនៃការចាក់វ៉ាក់សាំងកូវីដ-១៩ នៅតាមបណ្តារាជធានី-ខេត្តក្រោមដែនសមត្ថកិច្ចរបស់ខ្លួន ដើម្បី ជូនសាធារណជនឱ្យបានជ្រាប និងទៅចាក់វ៉ាក់សាំងកូវីដ-១៩ដោយស្ម័គ្រចិត្តឱ្យបានគ្រប់ៗគ្នា។ លើសពីនេះ សូមផ្សាយជូន សាធារណជននូវលេខទូរសព្ទទំនាក់ទំនងតាមទីតាំងនីមួយៗដែលនៅក្រោមដែនសមត្ថកិច្ចរបស់ខ្លួន ដើម្បីឱ្យប្រជាពលរដ្ឋ ងាយស្រួលធ្វើការទំនាក់ទំនងបាន។ សូមលោក លោកស្រី ចម្លងសេចក្តីជូនព័ត៌មានអំពីទីតាំង និងកាលបរិច្ឆេទ នៃ ការចាក់វ៉ាក់សាំងកូវីដ-១៩ មួយច្បាប់មកលេខាធិការដ្ឋាន (គ.វ.ក-១៩)។

អាស្រ័យហេតុនេះ សូម លោក លោកស្រី ចាត់ចែងអនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់។
សូមលោក លោកស្រី ទទួលនូវការរាប់អានដ៏ស្មោះអំពីនាងខ្ញុំ៕

ដោយ៖ សិលា


ចែករំលែក៖