ភ្នំពេញ៖ ថ្លែងទៅកាន់មហាសន្និបាតអន្តរសភាអាស៊ាន លើកទី៤២ (អាយប៉ា) តាមប្រព័ន្ធវីដេអូ នៅរសៀលថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១នេះ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានសង្កត់ធ្ងន់ថា ស្ថិតក្នុងកាលៈទេសៈបច្ចុប្បន្ន វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាឌីជីថលត្រូវបានគេមើលឃើញថាកំពុងដើរតួនាទីកាន់តែសំខាន់ក្នុងការជំរុញសន្ទុះនៃកំណើនសេដ្ឋកិច្ចឱ្យងើបឡើងវិញ នៅក្រោយវិបត្តិជំងឺកូវីដ-១៩ ក៏ដូចជាជំរុញកំណើនសេដ្ឋកិច្ចថ្មី ប្រកបដោយចីរភាព និងភាពធន់ជាងមុន ទៅនឹងវិបត្តិផ្សេៗ។
សម្តេចបានគូសបញ្ជាក់ថា ពិភពលោកក្នុងបរិការណ៍នៃបដិវត្តឧស្សាហកម្មជំនាន់ទី៤ កំពុងមានការរីកចម្រើន និងវិវឌ្ឍយ៉ាងឆាប់រហ័ស លើផ្នែកវិទ្យាសាស្រ្ត និងបច្ចេកវិទ្យាឌីជីថល។
មហាសន្និបាតអាយប៉ាលើកទី៤២ ដែលសភាប្រទេសព្រុយណេធ្វើជាម្ចាស់ផ្ទះបានប្រារព្ធធ្វើឡើងតាមប្រព័ន្ធនិមិ្មត ចាប់ពីថ្ងៃទី២៣ដល់ថ្ងៃទី២៤ខែសីហាឆ្នាំ២០២១នេះ ក្រោមមូលបទ “ជំរុញកិច្ចសហប្រតិបត្តិការសភាលើបរិយាប័ន្នឌីជីថល ឆ្ពោះទៅសហគមន៍អាស៊ានឆ្នាំ២០២៥។”
ក្នុងសុន្ទរកថាថ្លែងទៅកាន់មហាសន្និបាតជាមួយថ្នាក់ដឹកនាំសភាប្រទេសសមាជិកAIPAទំាង១០ សម្តេចប្រធានរដ្ឋសភាបានកោតសរសើរចំពោះក្រុមប្រឹក្សានីតិប្បញ្ញត្តិនៃប្រទេសព្រុយណេដារ៉ូសាឡាម ជាពិសេស ឯកឧត្តម ប៉េហ៊ីន ដាតូ អាបឌុល រ៉ាម៉ាន ទីប ប្រធានមហាសន្និបាតអាយប៉ាលើកទី៤២ ចំពោះកិច្ចខិតខំប្រឹងប្រែងនិងការយកចិត្តទុកដាក់ខ្ពស់ ក្នុងការជំរុញកិច្ចសហប្រតិបត្តិការសភាលើបរិយាប័ន្នឌីជីថល ដើម្បីឈានឆ្ពោះទៅសម្រេចបាននូវចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ២០២៥។
សម្តេចបានគូសបញ្ជាក់ថាសម្រាប់កម្ពុជាវិញ កាលពីពេលថ្មីៗនេះ រាជរដ្ឋាភិបាល បានដាក់ចេញនូវ “ក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលឆ្នាំ២០២១-២០៣៥” សំដៅកសាងសេដ្ឋកិច្ចនិងសង្គមឌីជីថល ឱ្យមានភាពរស់រវើកដើម្បីជំរុញការទទួលយកនិងការធ្វើបរិវត្តកម្មឌីជីថល។
គោលនយោបាយនេះ នឹងរួមចំណែកដល់ការជំរុញការស្តារសេដ្ឋកិច្ចឱ្យងើបឡើងវិញ ក្រោយវិបត្តិជំងឺកូវីដ-១៩។
ជាមួយគ្នានេះសម្តេចអគ្គមហាចក្រីហេង សំរិន បានអំពាវនាវដល់អាស៊ាននិងអាយប៉ាយ ជំរុញនិងលើកកម្ពស់ឌីជីថលូបនីយកម្ម ដែលជាកាលានុវត្តភាពដ៏សំខាន់ និងចាំបាច់ក្នុងការជំរុញការងើបឡើងវិញ នៃសេដ្ឋកិច្ចថ្មី និងការលើកកម្ពស់សុខុមាលភាពសង្គម ផ្អែកលើប្រក្រតីភាពថ្មី។
សម្តេចបានស្នើដល់អ្នកពាក់ព័ន្ធត្រូវបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការតំបន់លើការតភ្ជាប់ឌីជីថល ការធ្វើពាណិជ្ជកម្មឌីជីថលឆ្លងកាត់ព្រំដែន សន្តិសុខ និងសុវត្ថិភាពនៃលំហូរទិន្នន័យ សន្តិសុខប្រព័ន្ធអ៊ីនធ័រណែត និងការធ្វើឌីជីថលូបនីយកម្មប្រកបដោយបរិយាប័ន្ន។
ឆ្លៀតនៅក្នុងឱកាសនេះ សម្តេចអគ្គមហាពាចក្រី ហេង សំរិន បានគោរពអញ្ជើញសមាជិកអន្តរសភាអាស៊ានទំាងអស់ ចូលរួមកិច្ចប្រជុំភាពជាដៃគូសភាអាស៊ី-អឺរ៉ុប លើកទី១១ (ASEP11) និងកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១៣ (ASEM13) ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនាចុងឆ្នាំនេះ ផងដែរ។
សូមជម្រាបថា អន្តរសភាអាស៊ាន ដែលហៅកាត់ថា អាយប៉ា (AIPA) ជាអង្គការអន្តរសភាតំបន់ តំណាងស្ថាប័ននីតិប្បញ្ញត្តិ នៃបណ្តាប្រទេសជាសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ហៅកាត់ថា(ASEAN) ដែលមាន ប្រទេសព្រុយណេ កម្ពុជា ឥណ្ឌូណេស៊ី ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា សឹង្ហបុរី ថៃ វៀតណាម និងហ្វីលីពីន ជាសមាជិក។ សមាជិក AIPA ផ្លាស់ប្តូរវេនគ្នាធ្វើជាប្រធានរៀបចំមហាសន្និបាត ផ្អែកលំដាប់អក្ខរក្រមនៃឈ្មោះប្រទេស តាមអក្សរឡាតាំង។
នៅឆ្នាំ២០២២ ខាងមុខ សភានៃព្រះរាជាណាចក្រកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំមហាសន្និបាត អាយប៉ាលើកទី៤៣។ ពិធីប្រគល់តួនាទីប្រធានប្តូរវេនAIPAដល់សភាកម្ពុជានឹងប្រារព្ធធ្វើនៅចុងបញ្ចប់ពិធីបិទមហាសន្និបាត លើកទី៤២នេះ៕
ដោយ៖សហការី