ភ្នំពេញ៖ វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ប្រភេទ សុីណូហ្វាម ចំនួន ៥០០,០០០ ដូស ជាជំនួយរបស់រដ្ឋាភិបាល និងប្រជាជន នៃសាធារណរដ្ឋប្រជាមានិតចិន ជូនរាជរដ្ឋាភិបាល និងប្រជាជន នៃព្រះរាជាណាចក្រកម្ពុជា បានដឹកមកដល់កម្ពុជាហើយ នៅរសៀលថ្ងៃទី ២៣ ខែសីហា ឆ្នាំ ២០២១។
ពិធីប្រគល់ និងទទួល ប្រារព្ធធ្វើនាបរិវេណចំណតអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ រវាង សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងលោក វ៉ាង វិនទៀង ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា។ ក្នុងឱកាសនោះ លោក វ៉ាង វិនទៀង ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា នេះជាលើកទី៣ហើយ ដែលកងទ័ពរំដោះប្រជាជនចិន ផ្តល់ជំនួយវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនដល់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា។
ឯកអគ្គរដ្ឋទូត បានសម្តែងកាកោតសរសើរចំពោះអាត្រាចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩នៅកម្ពុជាមានអាត្រាខ្ពស់ជាងបណ្តាប្រទេសនានាលើពិភពលោក ពិសេសនៅរាជធានីភ្នំពេញ។ ចិនតែងតែចាត់ទុកការលំបាករបស់ប្រជាជនកម្ពុជា ជាការលំបាករបស់ប្រជាជនចិន ក្នុងនាមជាមិត្តដែកថែប ចិននៅតែជាបង្អែកយុទ្ធសាស្ត្រ ក្នុងការផ្គត់ផ្គង់វ៉ាក់សាំងដល់កម្ពុជា ។
លោកឯកអគ្គរដ្ឋទូត បានបញ្ជាក់ទៀតថា ចាប់តាំងពីមានការផ្ទុះឡើងនូវជំងឺវីរុសកូវីដមក ចិននិងកម្ពុជាបានជួយគ្នាទៅវិញទៅមក និងរួមគ្នាជម្នះរាល់ការលំបាកទាំងឡាយ បង្កើតបានជាគំរូសម្រាប់កិច្ចសហប្រតិបត្តិការទប់ស្កាត់ជំងឺវីរុសក្នុងសហគមន៍អន្តរជាតិ។ ចាប់តាំងពីដើមឆ្នាំ២០២១នេះ ចិនបានផ្តល់វ៉ាក់សាំងកូវីដដល់កម្ពុជាជាបន្តបន្ទាប់ មានជាជំនួយឥតសំណង និងការបញ្ជាទិញរបស់ភាគីកម្ពុជា។
ចិននិងកម្ពុជា គឺជាបងប្អូនល្អប្រៀបដូចដៃនិងជើង និងជាមិត្តភក្តិល្អក្នុងសហគមន៍វាសនារួម។ ភាគីចិននឹងបន្តធ្វើជាកម្លាំងគាំទ្រយុទ្ធសាស្ត្រដ៏រឹងមាំ និងជាបង្អែកយុទ្ធសាស្ត្រវ៉ាក់សាំងសម្រាប់កម្ពុជា និងគាំទ្រមិនងាករេដល់កិច្ចការងារប្រយុទ្ធប្រឆាំងជំងឺវីរុសនៅក្នុងកម្ពុជា។ ដរាបណាជំងឺវីរុសកូវីដនៅកម្ពុជាមិនទាន់បញ្ចប់ ការផ្តល់ជំនួយរបស់ចិនមកកម្ពុជាក៏មិនអាចបញ្ឈប់បានឡើយ។
សូមបញ្ជាក់ថា មកដល់ពេលនេះ កម្ពុជាសម្រេចបានជិត ៩០% បើធៀបនឹងចំនួនប្រជាជនគោលដៅ ១០លាននាក់ និងបានសម្រេចដាក់ដូសទី៣ (ដូសជំរុញ)ជូនមន្ត្រីជួរមុខ ព្រមទាំងកំពុងបើកយុទ្ធនាការចាក់ជូនកុមារ និងយុវវ័យ ចាប់ពីអាយុ ១២ ឆ្នាំ ដល់អាយុ ក្រោម ១៨ ឆ្នាំ ទាំងនៅរាជធានីភ្នំពេញ និងបណ្ដាខេត្តនានា ធ្វើឱ្យប្រទេសកម្ពុជាជាប់ចំណាត់ថ្នាក់លេខ២ ក្នុងតំបន់អាស៊ាន ជាប្រទេសដែលបានផ្តល់វ៉ាក់សាំងជូនប្រជាពលរដ្ឋបានច្រើនជាងគេ និងជាប្រទេសជាប់ចំណាត់ថ្នាក់លេខ៣ ក្នុងពិភពលោកដែលបានចាប់ផ្តើមចាក់វ៉ាក់សាំងដូសទី៣ ពោលគឺមិនមែនកើតឡើងដោយចៃដន្យនោះទេ៕
ដោយ៖ សូរិយា