ខេត្តព្រះសីហនុ៖ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះសីហនុ នៅថ្ងៃសៅរ៍ ៥រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២១នេះ បានទទួលអំណោយដ៏ថ្លាថ្លៃជាថវិកាបន្ថែមលើកទី២ សរុបចំនួន ៥៥.០០០.០០០រៀល ជាអំណោយដ៏ថ្លៃថ្លាររបស់លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្ត និងលោកស្រី ឧបត្ថម្ភជូនដល់នាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថខេត្ត ដែលមានវិជ្ជមានកូវីដ-១៩ ចំនួន ៥៥នាក់ ដែលបច្ចុប្បន្នបានជាសះស្បើយ ចំនួន ៥៥នាក់។
បេីតាមលោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ តំណាងឱ្យនាយទាហានរង នាយទាហានរង នៃកងរាជអាវុធហត្ថខេត្ត ក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងលោកស្រី និងសូមគោរពជូនពរដល់លោកអភិបាល នៃគណៈអភិបាលខេត្ត និងលោកស្រី ព្រមទាំងក្រុមគ្រួសារ ឱ្យមានសុខភាពល្អបរិបូណ៌ អាយុយឺនយូរ ជួបតែសេចក្តីសុខ សុភមង្គលក្នុងក្រុមគ្រួសារ សម្រេចបានជោគជ័យគ្រប់ភារកិច្ចថ្មីៗចំពោះមុខបន្ថែមទៀត និងសមប្រកបដោយពុទ្ធពរជ័យ០៤ប្រការគឺ អាយុ វណ្ណៈ សុខ: ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
បន្ថែមពីនេះ លោកមេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានបញ្ជាក់បន្ថែមថា ដើម្បីចូលរួមទប់ស្កាត់នូវការចម្លងជំងឺកូវីដ-១៩ ឱ្យកាន់តែមានប្រសិទ្ធភាព ក៏សូមជំរុញឱ្យកងកម្លាំងទាំងអស់ ត្រូវចងចាំ និងចូលរួមអនុវត្តឱ្យបានខ្ជាប់ខ្លួនជានិច្ចនូវវិធានការការពារខ្លួនសាមញ្ញៗ និងត្រូវបន្ដប្រុងប្រយ័ត្នផ្ទាល់ខ្លួនពីការឆ្លងជំងឺកូវីដ-១៩ ដោយអនុវត្តឱ្យខាងតែបាននូវវិធានការ «បីកុំ និង បីការពារ»៕
ដោយ៖សហការី