ព័ត៌មានទាន់ហេតុការណ៍៖

អភិបាល​ខេត្ត​កណ្ដាល​ ចុះសួរសុខទុក្ខ និងសម្របសម្រួលបញ្ចប់វិវាទការងារជូនបងប្អូនកម្មករ កម្មការរិនីកំពុងបម្រើការងារនៅសិប្បកម្ម ហ៊ូ យ៉ាវ វ៉សស៊ីង អេន ដាយអីង ឯ.ក (FU YAO WASHING AND DYEING CO., LTD.)

ចែករំលែក៖

ខេត្ត​កណ្ដាល ​៖​ លោក​ គង់​ សោភ័ណ្ឌ​ អភិបាល​នៃ​គណៈអភិបាលខេត្តកណ្ដាល​ នៅព្រឹកថ្ងៃសៅរ៍ ៥រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២១នេះ​ បានដឹកនាំក្រុមការងារពាក់ព័ន្ធចុះជួបសំណេះ សំណាលសួរសុខទុក្ខ និងសម្របសម្រួលបញ្ចប់វិវាទការងារជូនបងប្អូនកម្មករ កម្មការរិនីកំពុងបម្រើការងារនៅសិប្បកម្ម ហ៊ូ យ៉ាវ វ៉សស៊ីង អេន ដាយអីង ឯ.ក (FU YAO WASHING AND DYEING CO., LTD.) ស្ថិតនៅភូមិព្រែកខ្សេវ​  សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល។ 

សូមជម្រាបជូនថា សិប្បកម្ម វ៉សស៊ីង អេន ដាយអ៊ុង ឯ.ក ជាក្រុមហ៊ុនទទួលខុសត្រូវមានកម្រិត ធ្វើសកម្មភាពអាជីវកម្មចម្បង សេវាបោកគក់សម្លៀកបំពាក់ អាសយដ្ឋានស្ថិតនៅ ភូមិព្រែកខ្សេវ​ សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល ម្ចាស់ឈ្មោះ XU LANPING ភេទស្រី សញ្ជាតិ ចិន បានរត់គេចខ្លួន និងមិនបានបើកផ្តល់ប្រាក់ឈ្នួលប្រចាំខែកក្កដា ឆ្នាំ២០២១ ជូនកម្មករនិយោជិតទាំង៣១១នាក់ ឡើយ។ 

ជាលទ្ធផល ឆ្លងតាមការប្រជុំពិភាក្សា សម្របសម្រួល ជាមួយលោក LU ZIJIAN សញ្ជាតិចិន ដែលជាអ្នកជួលទីតាំងឃ្លាំងដំបូងពីម្ចាស់ដី និងឃ្លាំងបានយល់ព្រមប្រគល់ប្រាក់ដុល្លារចំនួន ៣៩,៦០០ $ (សាមសិបប្រាំបួនពាន់ប្រាំមួយរយពាន់ដុល្លារអាមេរិកគត់) និងប្រាក់រៀលចំនួន ១៣,៧០០,០០០ (ដប់បីលានប្រាំពីររយពាន់) រៀល ដើម្បីបើកផ្ដល់ជូនទៅដល់កម្មករនិយោជិតចំនួន៣១១នាក់ ដើម្បីបញ្ចប់វិវាទ និងឈានទៅដល់ការបើកដំណើរអាជីវកម្មឡើងវិញ។ 

ជាជំហរដ៏ប្រសើររបស់លោក LU ZIJIAN បានអះអាងថានឹងបើកដំណើរការសហគ្រាសខាងលើនេះឡើងវិញ ដើម្បីផ្ដល់ការងារដល់កម្មករនិយោជិតចំនួន៣១១នាក់ ដែលបានបម្រើការងារកន្លងមកនៅក្នុងសហគ្រាសនេះជាបន្តទៀត។ 

ជាមួយគ្នានេះដែរ​ លោក​ គង់​ សោភ័ណ្ឌ​ សូមអំពាវនាវដល់បងប្អូន ក្មួយៗ កម្មករ កម្មការរិនីទាំងអស់សូមចូលរួមគោរពអនុវត្តវិធានការអនាម័យឲ្យបានខ្ជាប់ខ្ជួន ដើម្បីជៀសផុតពីការឆ្លងរាលដាលជំងឺកូវីដ-១៩ ជាពិសេសយ័ន្តដ៏ស័ក្តិសិទ្ធរបស់ សម្តេចតេជោ នាយករដ្ឋមន្រ្តី គឺ ៣.ការពារ និង ៣.កុំ និងសូមអញ្ជើញទៅចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ឲ្យបានគ្រប់ៗគ្នានៅតាមទីតាំងដែលដែលក្រុមការងារសុខាភិបាលខេត្ត បានរៀបចំនៅជិតបំផុត។ 

ស្ថិតក្នុងឱកាសនេះដែរ លោក​អភិបាល​ខេត្ត​ បានឧបត្ថម្ភបងប្អូន ក្មួយៗ កម្មករ កម្មការិនីទាំង៣១១នាក់ ដោយក្នុងម្នាក់ទទួលបានថវិការចំនួន៣០,០០០រៀល (សាមសិបពាន់រៀល) និងសារុងចំនួន០១ផងដែរ៕

ដោយ​៖សហការី​


ចែករំលែក៖