ព័ត៌មានទាន់ហេតុការណ៍៖

លោក ចេង ស្រុង អមដំណើរលោក អភិបាលខេត្ត ចុះត្រួតពិនិត្យប្រព័ន្ធអូរប្រឡាយនៅក្នុងភូមិសាស្ត្រសង្កាត់លេខ៤ ក្រុងព្រះសីហនុ និងសិក្សាបន្ថែមនូវប្រព័ន្ធលំហូរទឹកដើម្បីរំដោះជំនន់ទឹកភ្លៀង នៅក្នុងព្រះសីហនុ !

ចែករំលែក៖

ខេត្តព្រះសីហនុ ៖ នាព្រឹកថ្ងៃសៅរ៍ ៥រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២១ លោក ចេង ស្រុង ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តព្រះសីហនុ បានអមដំណើរ លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ចុះត្រួតពិនិត្យប្រព័ន្ធអូរប្រឡាយនៅក្នុងភូមិសាស្ត្រសង្កាត់លេខ៤ ក្រុងព្រះសីហនុ និងសិក្សាបន្ថែមនូវប្រព័ន្ធលំហូរទឹកដើម្បីរំដោះជំនន់ទឹកភ្លៀង នៅក្នុងព្រះសីហនុ។

ក្នុងឱកាសនោះលោកអភិបាលខេត្ត បានធ្វើការណែនាំដល់ក្រុមការងារបច្ចេកទេស ត្រូវបង្កើនការយកចិត្តទុកដាក់ក្នុងការស្តារអូរ ប្រឡាយក្នុងក្រុងព្រះសីហនុ ទៅតាមនិយាមកាប្លង់ប្រព័ន្ធសុរិយោដី ដើម្បីបញ្ចៀសជំនន់ទឹកភ្លៀងនៅក្នុងរដូវវស្សា និងកុំឱ្យជន់លិចផ្ទះប្រជាពលរដ្ឋ។ 

លោក អភិបាលខេត្ត ក៏បានធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ត្រូវចូលរួមសហការជាមួយអាជ្ញាធរក្រុង អាជ្ញាធរខេត្ដ ដោយធ្វើការវេចខ្ចប់ទុកដាក់កាកសំណល់ឱ្យបានត្រឹមត្រូវ កុំបោះចោលសំរាមចូលក្នុងអូរប្រឡាយ ដែលធ្វើឱ្យមានការកកស្ទះលំហូរទឹក និងជាផ្នែកមួយដែលបង្កឱ្យមានការជន់លិចផងដែរ៕

ដោយ ៖ សិលា


ចែករំលែក៖