ព័ត៌មានទាន់ហេតុការណ៍៖

លោក នៃ ចារី អភិបាលរងខេត្តកំពង់ឆ្នាំង បានអញ្ជើញចុះពិនិត្យកិច្ចដំណើរការចាក់វ៉ាក់សាំង ព្រមទាំងសាកសួរសុខទុក្ខ និងនាំយកអំណោយ ប្រគល់ជូនយុវជនស្ម័គ្រចិត្តសម្ព័ន្ធគ្រូពេទ្យរបស់សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) !

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង៖ លោក នៃ ចារី អភិបាលរងខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២១នេះ បានអញ្ជើញចុះពិនិត្យកិច្ចដំណើរការចាក់វ៉ាក់សាំង ព្រមទាំងសាកសួរសុខទុក្ខ និងនាំយកអំណោយរបស់លោកអភិបាលខេត្តកំពង់ឆ្នាំង ប្រគល់ជូនយុវជនស្ម័គ្រចិត្តសម្ព័ន្ធគ្រូពេទ្យរបស់សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) ដែលបានចុះជួយចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋនៅស្រុកជលគិរី ខេត្តកំពង់ឆ្នាំង ទាំងពីរគោលដៅ ដោយក្នុងមួយគោលដៅទទួលបាន៖ ម៉ាស់១០ប្រអប់ អង្ករ២០០គីឡូក្រាម ទឹកសុទ្ធ១០កេស មី១០កេស ត្រីខ១០យួរ ថវិកាចំនួន ៥០០ដុល្លារ។

លោក នៃ ចារី បានថ្លែងឱ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី  នៃព្រះរាជាណាចក្រកម្ពុជា បានខិតខំប្រឹងប្រែងគ្រប់បែបយ៉ាង ដើម្បីរិះរកវ៉ាក់សាំង និងបានដាក់ចេញនូវវិធានការ សម្រាប់ចាក់ជូនប្រជាពលរដ្ឋរបស់យើង ឱ្យបានគ្រប់ៗគ្នានៅទូទាំងប្រទេស។ ជាមួយគ្នានេះដែរ ខេត្តកំពង់ឆ្នាំងយើង ក៏បានទទួលវ៉ាក់សាំងប្រឆាំងជំងឺកូវីដ-១៩ បានគ្រប់ចំនួនសម្រាប់ចាក់ជូនប្អូនៗ ក្មួយៗ ដែលគ្រប់អាយុចាក់វ៉ាក់សាំង ដើម្បីឱ្យពួកគាត់មានអង់ទីគ័រការពារ ក្នុងន័យនេះ គឺផ្តល់ឱកាសឱ្យកូនក្មួយបានចូលរៀនក្នុងពេលដ៏ខ្លីខាងមុខ និងប្រជាពលរដ្ឋប្រកបមុខរបររកប្រាក់ចំណូលចិញ្ចឹមគ្រួសារដូចធម្មតាវិញ។

ឆ្លៀតក្នុងឱកាសនោះ លោក បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលពុំទាន់បានមកទទួលវ៉ាក់បង្ការជំងឺកូវីដ-១៩ សូមរួសរាន់មកទទួលការចាក់ តាមការជូនដំណឹងរបស់អាជ្ញាធរមូលដ្ឋាន ដើម្បីការពារសុខភាពរបស់បងប្អូន និងបញ្ចប់យុទ្ធនាការតាមការកំណត់របស់រាជរដ្ឋាភិបាល។ លោក ក៏បានផ្តាំផ្ញើដល់ប្រជាពលរដ្ឋ និងសិស្សានុសិស្សនៅទូទាំងខេត្ត ត្រូវចូលរួមពាក់ម៉ាស និងបន្តអនុវត្តវិធានការ ៣ការពារ និង៣កុំ របស់សម្តេចប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងវិធានការនានារបស់ក្រសួងសុខាភិបាល ដើម្បីកាត់ផ្តាច់ការចម្លងជំងឺកូវីដ-១៩ ឱ្យបានឆាប់រហ័ស ៕

ដោយ ៖ សិលា


ចែករំលែក៖