ព័ត៌មានទាន់ហេតុការណ៍៖

មេបញ្ជាការយោធភូមិភាគទី៥ បន្តចុះត្រួតពិនិត្យការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសទី១ ជូនមនុស្សចាស់ និងកុមារ នៅទីតាំងមណ្ឌលស្រុករតនៈមណ្ឌល និងស្រុកសំឡូត​ ខេត្ត​បាត់ដំបង

ចែករំលែក៖

​ខេត្ត​បាត់ដំបង៖ លោកឧត្តមសេនីយ៍ឯក ឯក សំអូន មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៥ នៅព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២១នេះ បានអញ្ជើញចុះត្រួតពិនិត្យការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសទី១ ជូនមនុស្សចាស់ និងកុមារ នៅទីតាំងមណ្ឌលស្រុករតនៈមណ្ឌលនិង ស្រុកសំឡូត ខេត្តបាត់ដំបង  ដោយក្រុមប្រតិបត្តិការចាក់វ៉ាក់សាំងយោធភូមិភាគទី៥ ដឹកនាំដោយលោកមេបញ្ជាការទិសសំឡូត និងមេបញ្ជាការកងការពារព្រំដែនលេខ៥០៤ ដោយមានការចូលរួមពី ស្ថាប័ន កងកម្លាំង អាជ្ញាធរដែនដី  គ្រប់លំដាប់ថ្នាក់។

លោកឧត្តមសេនីយ៍ឯក ឯក សំអូន មេបញ្ជាការយោធភូមិភាគទី៥ បានបញ្ជាក់បន្ថែម ដល់ក្រុមការងារចាក់វ៉ាក់សាំងទាំងអស់ទូទាំងយោធភូមិភាគទី៥ ត្រូវយកចិត្តទុកដាក់ឱ្យបានល្អ ក្នុងកិច្ចសហការជាមួយ បណ្ដាស្ថាប័ន កងកម្លាំង អាជ្ញាធរដែនដី ឱ្យមានភាពរលូន ដើម្បីបង្កលក្ខណ:មានភាពងាយស្រួលក្នុងការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋនាពេលនេះ។ 

លោកមេបញ្ជាការ បានថ្លែងបន្តថា វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសទី១ ជូនមនុស្សចាស់ និងកុមារពេលនេះ គឺជាការផ្តល់ជូនពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលសម្តេចបានខិតខំគ្រប់បែបយ៉ាង ដើម្បីរកវ៉ាក់សាំង និងបានដាក់ចេញវិធានការ សម្រាប់ចាក់ជូនមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋរបស់យើងឱ្យបានគ្រប់ៗគ្នា ដូច្នេះហើយបងប្អូនត្រូវគោរពដឹងគុណចំពោះសម្តេច។

បន្ថែមពីនេះ​ លោកឧត្តមសេនីយ៍ឯក ឯក សំអូន បានផ្ដាំផ្ញើឱ្យយោធិនគ្រប់រូបត្រូវយកចិត្តទុកដាក់គោរពវិន័យ សណ្ដាប់ធ្នាប់ ដើម្បីលើកកម្ពស់កិត្យានុភាព នៃកងយោធពលខេមរភូមិន្ទ ហើយត្រូវយកចិត្តទុកដាក់ថែរក្សាសុខភាពខ្លួនឯងឱ្យបានល្អ និងបន្តអនុវត្តនូវវិធានការរបស់រាជរដ្ឋាភិបាលកម្ពុជា ៣កុំ ៣ការពារ ឱ្យបានខ្ជាប់ខ្ជួន ដើម្បីជៀលផុតពីមេរោគដ៏កាចសាហាវកូវីដ-១៩។

ចុងក្រោយ លោកមេបញ្ជាការ​ បានចូលរួមឧបត្ថម្ភ មីចំនួន ១០កេស, ទឹកសុទ្ធ ចំនួន ១០កេស ,ម៉ាស់មួយកេសធំចំនួន ២៥០០ម៉ាស់, ត្រីខចំនួន ១កេសធំ ជូនដល់កម្លាំងកំពុងប្រតិបត្តិការចាក់វ៉ាក់សាំងនៅទីនោះផងដែរ៕

ដោយ​៖សហការី​


ចែករំលែក៖