ព័ត៌មានទាន់ហេតុការណ៍៖

អកុសលម្ល៉េះ!! បុរសម្នាក់ជិះម៉ូតូតាមផ្លូវសុខៗត្រូវរថយន្តបេីកឆ្លងផ្លូវជ្រុលទៅបុកពេញទំហឹងបណ្ដាលឲ្យស្លាប់ភ្លាមមួយរំពេច

ចែករំលែក៖

ភ្នំពេញ ៖​ បុរសម្នាក់កំពុងតែជិះម៉ូតូតាមផ្លូវសុខៗ​ ស្រាប់តែត្រូវរថយន្តស៊េរីទំនើបពាក់ស្លាកលេខនគរបាលបើកឆ្លងផ្លូវជ្រុលទៅបុកពេញទំហឹង​ បណ្ដាលឲ្យបោកក្បាលស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុយ៉ាងអាណោចអាធ័ម កាលពីវេលាម៉ោង១០ និង២០នាទីយប់ថ្ងៃទី៤​ ខែកញ្ញា​ ឆ្នាំ២០២១ នៅតាមបណ្ដោយផ្លូវជាតិលេខ១ ស្ថិតក្នុងសង្កាត់ច្បារអំពៅទី២​ ខណ្ឌច្បារអំពៅ​ រាជធានីភ្នំពេញ​ ។

    ជនរងគ្រោះ(ស្លាប់)មានឈ្មោះជិន រ៉ាវី ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរជាងពិតាន​ ស្នាក់នៅភូមិធំ​ ស្រុកកៀនស្វាយ​ ខេត្តកណ្ដាល​ និងមានស្រុកកំណើតនៅស្រុកព្រះស្តេច ខេត្តព្រៃវែង។ 

    តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា​ មុនពេលកើតហេតុគេឃើញ​បុរសជាជនរងគ្រោះបានជិះម៉ូតូម៉ាកហុងដាឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០២០ ពណ៌ខ្មៅ ពាក់ស្លាកលេខព្រៃវែង 1K-3828  ធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ១ ក្នុងទិសដៅពីកើតទៅលិច​។ លុះពេលបើកម៉ូតូមកដល់ចំណុចកេីតហេតុក៏ស្រាប់តែមានបុរសម្នាក់បើករថយន្តម៉ាក FORD RANGER  ពណ៌ស ពាក់ស្លាកលេខនគរបាល 2-0601 ធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ១ ក្នុងទិសដៅពីលិចទៅកើតស្រាប់តែមកដល់ចំណុចកើតហេតុក៏បានបត់ឆ្វេងជ្រុលទៅបុកចំពាក់កណ្ដាលម៉ូតូធ្វើអ្នកបើកបរម៉ូតូដួលបោកក្បាលស្លាប់នៅនឹងកន្លែងកើតហេតុភ្លាមៗយ៉ាងអាណោចអាធ័ម។ បន្ទប់មកអ្នកបើកបររថយន្តត្រូវបានប្រជាពលរដ្ឋនាំគ្នាឃាត់ទុកប្រគល់ឱ្យសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលច្បារអំពៅ២យកទៅធ្វើការសួរនាំ។ 

    ក្រោយពេលកើតហេតុ​ សមត្ថកិច្ចមូលដ្ឋានបានសហការជាមួយនគរបាលជំនាញខណ្ឌចរាចរណ៍ចុះទៅដល់កន្លែងកើតហេតុ​ និងធ្វើការវាស់វែងយកម៉ូតូនិងរថយន្តទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញរង់ចាំធ្វើការដោះស្រាយនៅពេលក្រោយ។   ចំណែកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចធ្វើលិខិតប្រគល់ទៅឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី​ ៕​

ដោយ​ ៖​ ភារ៉ា​ ដង្កោ​


ចែករំលែក៖