ព័ត៌មានទាន់ហេតុការណ៍៖

គណៈបញ្ជាការឯកភាពខណ្ឌដូនពេញ បន្តអនុវត្តយុទ្ធនាការឃាត់ម៉ូតូ និងរថយន្ត បើកបញ្រ្ចាសទិសដៅចរាចរណ៍ នៅរង្វង់មូលជុំវិញវិមានឯករាជ្យ បា​នសរុបចំនួន៣គ្រឿង​

ចែករំលែក៖

ភ្នំពេញ​៖ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ សហការជាមួយការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២១នេះ​ ចាប់ពីម៉ោង០៧​ និង០០នាទីយប់ រហូត​ដល់ម៉ោង២២​ និង០០នាទីយប់​ បានបន្តអនុវត្តយុទ្ធនាការឃាត់ម៉ូតូ និងរថយន្ត បើកបញ្រ្ចាសទិសដៅចរាចរណ៍ នៅរង្វង់មូលជុំវិញវិមានឯករាជ្យ និងផ្លូវព្រះសុរាម្រឹតស្ថិតក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ។

ក្នុង​ការអនុវត្ត​ខាងលេីនេះ​ ជាលទ្ធផលកម្លាំងជំនាញ​ បានឃាត់សរុបចំនួន  ០៣គ្រឿង មានដូចជា​៖

ជាក់ស្ដែងនៅបរិវេណរង្វង់មូលវិមានឯករាជ្យ អ្នកជិះ​បញ្រ្ចាសនៅតែមានបើទោះបីកម្លាំងអាជ្ញាធរ និងសមត្ថកិច្ចបានដាក់គោលដៅជាប្រចាំនៅទីនោះក៏ដោយ នៅតែមានអ្នកបំពានបើកបរបញ្រ្ចាសទៀត​ ​ជាលទ្ធផលបានធ្វើការឃាត់អ្នកជិះកាត់ចំនួន០៣គ្រឿង​ ក្នុង​នោះ​ ម៉ូតូចំនួន  ០២ គ្រឿង ,កង់ចំនួន  ០១ គ្រឿង,​ ចំណែក​រថយន្តគ្មាន។

បន្ថែមពីនេះ​ អាជ្ញាធរ​ខណ្ឌដូនពេញ​ សូមអំពាវនាវបងប្អូនអ្នកជិះកង់ហាត់ប្រាណកុំគិតថា ការជិះកង់បញ្ច្រាសទិសដៅអាចទៅបានខុសពីកម្លាំងម៉ាស៊ីនម៉ូតូឡាន បើសិនបងប្អូនហ៊ានជិះបញ្រ្ចាសមិនគោរពតាមច្បាប់ចរាចរណ៍ដែលស្លាកសញ្ញាបម្រាម​ហាមឃាត់ទេ អាជ្ញាធរ និងសមត្ថកិច្ចនឹងចាប់ឃាត់ភ្លាមដូចជា​ម៉ូតូនិងរថយន្តផងដែរ។ ព្រោះការគោរពអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកនាំមកនូវសុខសុវត្ថិភាពទាំងអស់គ្នា។

ក្រោយប្រតិបត្តិការចប់​ អាជ្ញាធរ​ខណ្ឌដូនពេញ​ បានបញ្ជូនកង់និងម៉ូតូទាំងនេះ​ ទៅការិយាល័យចរាចរណ៍ជើងគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ ដើម្បីបន្តតាមនីតិវិធីច្បាប់៕

ដោយ​៖សហការី​


ចែករំលែក៖