ភ្នំពេញ ៖ បុរសម្នាក់កំពុងតែជិះម៉ូតូតាមផ្លូវសុខៗ ស្រាប់តែត្រូវរថយន្តស៊េរីទំនើបពាក់ស្លាកលេខនគរបាលបើកឆ្លងផ្លូវជ្រុលទៅបុកពេញទំហឹង បណ្ដាលឲ្យបោកក្បាលស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុយ៉ាងអាណោចអាធ័ម កាលពីវេលាម៉ោង១០ និង២០នាទីយប់ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២១ នៅតាមបណ្ដោយផ្លូវជាតិលេខ១ ស្ថិតក្នុងសង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។
ជនរងគ្រោះ(ស្លាប់)មានឈ្មោះជិន រ៉ាវី ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរជាងពិតាន ស្នាក់នៅភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល និងមានស្រុកកំណើតនៅស្រុកព្រះស្តេច ខេត្តព្រៃវែង។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសជាជនរងគ្រោះបានជិះម៉ូតូម៉ាកហុងដាឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០២០ ពណ៌ខ្មៅ ពាក់ស្លាកលេខព្រៃវែង 1K-3828 ធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ១ ក្នុងទិសដៅពីកើតទៅលិច។ លុះពេលបើកម៉ូតូមកដល់ចំណុចកេីតហេតុក៏ស្រាប់តែមានបុរសម្នាក់បើករថយន្តម៉ាក FORD RANGER ពណ៌ស ពាក់ស្លាកលេខនគរបាល 2-0601 ធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ១ ក្នុងទិសដៅពីលិចទៅកើតស្រាប់តែមកដល់ចំណុចកើតហេតុក៏បានបត់ឆ្វេងជ្រុលទៅបុកចំពាក់កណ្ដាលម៉ូតូធ្វើអ្នកបើកបរម៉ូតូដួលបោកក្បាលស្លាប់នៅនឹងកន្លែងកើតហេតុភ្លាមៗយ៉ាងអាណោចអាធ័ម។ បន្ទប់មកអ្នកបើកបររថយន្តត្រូវបានប្រជាពលរដ្ឋនាំគ្នាឃាត់ទុកប្រគល់ឱ្យសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលច្បារអំពៅ២យកទៅធ្វើការសួរនាំ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានសហការជាមួយនគរបាលជំនាញខណ្ឌចរាចរណ៍ចុះទៅដល់កន្លែងកើតហេតុ និងធ្វើការវាស់វែងយកម៉ូតូនិងរថយន្តទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញរង់ចាំធ្វើការដោះស្រាយនៅពេលក្រោយ។ ចំណែកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចធ្វើលិខិតប្រគល់ទៅឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕
ដោយ ៖ ភារ៉ា ដង្កោ