ព័ត៌មានទាន់ហេតុការណ៍៖

កម្ពុជានឹងមានក្រុមបាល់ទាត់នារីជាលើកដំបូង សម្រាប់ស៊ីហ្គេម ឆ្នាំ២០២៣

ចែករំលែក៖

ភ្នំពេញ៖ បើយោងតាមប្រភព(CAMSOC)  និងរូបភាព៖ FFC & PPC តាមរយៈទិសស្លោក”យើងនាំគ្នាឆ្ពោះទៅស៊ីហ្គេម_អាស៊ានប៉ារ៉ាហ្គេម_ឆ្នាំ២០២៣_ទាំងអស់គ្នា ”

-កីឡារស់ក្នុងសន្ដិភាព_SPORTS_LIVE_IN_PEACE បានបញ្ជាក់អោយដឹងថា , កម្ពុជានឹងមានក្រុមបាល់ទាត់ជម្រើសជាតិផ្នែកនារី ជាលើកដំបូង ដើម្បីត្រៀមចូលរួមប្រកួតប្រជែង នៅក្នុងព្រឹត្តិការណ៍កីឡា ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ក្នុងឋានៈជាម្ចាស់ផ្ទះជាប្រវត្តិសាស្ត្រលើកដំបូង។

យោងតាមការប្រកាសរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) បានឲ្យដឹងថា, នេះជាការត្រៀមខ្លួនបង្កើនគុណភាពបច្ចេកទេសរបស់ក្រុមបាល់ទាត់នារីកម្ពុជា នៅក្នុងព្រឹត្តិការណ៍កីឡាដ៏ធំប្រចាំតំបន់អាស៊ីអាគ្នេយ៍ រៀងរាល់២ឆ្នាំម្តងនេះ។ ដើម្បីពង្រឹងសមត្ថភាពអត្តពលិកកម្ពុជា ត្រៀមសម្រាប់ព្រឹត្តការណ៍កីឡា ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ក្រោមកិច្ចសហការពីរដ្ឋាភិបាលចិន តាមរយៈគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) នឹងបញ្ជូនកីឡាការិនីជម្រើសជាតិកម្ពុជា ដែលមានរាយនាមក្នុងបញ្ជី ទៅហ្វឹកហាត់នៅសាធារណរដ្ឋប្រជាមានិតចិនរយៈពេល៩០ថ្ងៃ។ ក្រុមជម្រើសជាតិនារីនឹងត្រូវធ្វើដំណើរទៅហ្វឹកហាត់នាចុងខែកញ្ញានេះ ក្រោយពន្យារពេលមួយរយៈដោយសារវិបត្តជំងឺឆ្លងកូវីដ-១៩។

បើយោងតាមប្រភព(CAMSOC)  និងរូបភាព៖ FFC & PPC តាមរយៈទិសស្លោក”យើងនាំគ្នាឆ្ពោះទៅស៊ីហ្គេម_អាស៊ានប៉ារ៉ាហ្គេម_ឆ្នាំ២០២៣_ទាំងអស់គ្នា ”

-កីឡារស់ក្នុងសន្ដិភាព_SPORTS_LIVE_IN_PEACE បានបញ្ជាក់អោយដឹងថា , ចំពោះសមាសភាពក្រុមនារី ដែលត្រៀមចេញហ្វឹកហាត់នៅប្រទេសចិននេះមានចំនួន២២នាក់ ក្នុងនោះមកពីក្លិបមន្ទីរអប់រំយុវជន និងកីឡាខេត្តកំពង់ស្ពឺ-ណាហ្គាវើលដ៍ ៧នាក់, ភ្នំពេញក្រោន ៧នាក់, ព្រះខ័នរាជស្វាយរៀង ៤នាក់, ក្លិបបាល់ទាត់សៀមរាប ២នាក់, មន្ទីរអប់រំ យុវជន និងកីឡាខេត្តបាត់ដំបង ២នាក់។

លោក កែវ សារ៉េត អគ្គលេខាធិការ សហព័ន្ធកីឡាបាល់ទាត់កម្ពុជាមានប្រសាសន៍ថា «យើងមានសុទិដ្ឋិនិយមចំពោះក្រុមបាល់ទាត់នារី ត្រៀមស៊ីហ្គេម ឆ្នាំ២០២៣ ហើយការហ្វឹកហាត់នៅប្រទេសចិននេះ គឺក្រុមនារីមានឱកាសបានហ្វឹកហាត់សមជាមួយក្រុមនារីនៅចិន ពីព្រោះនៅចិនមានក្រុមបាល់ទាត់នារីច្រើន។ វាជាការហ្វឹកហាត់ត្រៀមបានល្អប្រសើរជាងនៅក្នុងស្រុក ដោយសារយើងមានក្រុមបាល់ទាត់នារីតិចតួច។ កាលណាការប្រមូលផ្តុំហ្វឹកហាត់ បូកផ្សំនឹងការគោរពវិន័យផងនោះ យើងជឿជាក់ថា ក្រុមបាល់ទាត់នារីក៏អាចបង្កើនបានសិទ្ធផលកាន់តែខ្ពស់ទៅតាមនោះដែរ»។

ទោះយ៉ាងនេះ ក៏លោកអគ្គលេខាធិការ កែវ សារ៉េត ផ្តោតសំខាន់ទៅលើការប្រកួតធ្វើតេស្តជាក់ស្តែងនាពេលខាងមុខ ដើម្បីឲ្យដឹងច្បាស់ថា ក្រុមបាល់ទាត់នារីកម្ពុជាអាចនឹងកើនឡើងក្នុងកម្រិតណា ពីព្រោះការខិតខំហ្វឹកហាត់នេះ មិនមែនតែយើងនោះទេ ប៉ុន្តែក្រុមនារីនៃប្រទេសនានា ក្នុងអាស៊ីអាគ្នេយ៍ក៏កំពុងខិតខំដូចគ្នាផងដែរ។ «សហព័ន្ធកីឡាបាល់ទាត់កម្ពុជាមានសុទិដ្ឋិនិយមថា កាលណាយើងប្រឹងប្រែង យើងនឹងទទួលបានលទ្ធផលល្អ។ ខ្ញុំសង្ឃឹមថា ក្រុមបាល់ទាត់នារីនឹងអាចរីកចម្រើនអាចប្រកួតប្រជែងបាន រួមផ្សំនឹងក្រុមបាល់ទាត់បុរស១ក្រុមទៀត ដែលជាក្តីសង្ឃឹម ក្នុងពេលដំណាលគ្នា សម្រាប់ការទទួលធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣»។

លោក វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ មានប្រសាសន៍ថា ក្រុមបាល់ទាត់នារីកម្ពុជាចំនួន២២នាក់ ដែលត្រៀមចេញទៅហ្វឹកហាត់នៅចិន គឺស្ថិតនៅក្នុងចំណោមក្រុមកីឡាករ កីឡាការិនីជម្រើសជាតិកម្ពុជា សរុប ១៣៥នាក់ នៃ១២ប្រភេទកីឡា។ គម្រោងហ្វឹកហាត់នៅសាធារណរដ្ឋប្រជាមានិតចិន គ្រោងនឹងចេញទៅនាចុងខែកញ្ញា ឬខែតុលា ឆ្នាំ២០២១ ដែលនេះគឺជាជំនួយឥតសំណងមួយផ្នែករបស់ចិន ក្រៅពីអំពីជំនួយឥតសំណងលើការសាងសង់កីឡដ្ឋានធំនៃពហុកីឡដ្ឋានជាតិមរតកតេជោ។ គម្រោងហ្វឹកហាត់នៅប្រទេសចិន មានរយៈពេលវែង ពីចុងឆ្នាំ២០២១ រហូតដល់ឆ្នាំ២០២៣ ដែលព្រះរាជាណាក្រកម្ពុជាកំពុងត្រៀមគ្រប់លក្ខណៈសម្បត្តិទាំងអស់ ក្នុងការទទួលរៀបចំទទួលធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣។ បច្ចុប្បន្ន ភាគីមិត្តចិនកំពុងរៀបចំទីលាន គ្រូបង្វឹក វិធានការសុខាភិបាល សម្រាប់ការហ្វឹកហាត់របស់ក្រុមជម្រើសជាតិកម្ពុជា នៅទីនោះ ហើយនៅពេលទទួលបានព័ត៌មាននៃការរៀបចំរួចរាល់ គឺក្រុមជម្រើសជាតិកម្ពុជា ទាំងអស់នឹងត្រូវបញ្ជូនចេញទៅហ្វឹកហាត់ភ្លាមៗផងដែរ។

នៅក្នុងពេលស៊ីហ្គេម លើកទី៣១ នៅប្រទេសវៀតណាម នាខែមេសា-ឧសភា ឆ្នាំ២០២២ ក្រុមជម្រើសជាតិកម្ពុជាដែលហ្វឹកហាត់នៅចិននឹងត្រឡប់មកចូលរួមប្រកួតប្រជែងមេដាយ ស៊ីហ្គេម នេះ ហើយក្រោយបញ្ចប់ ទើបក្រុមជម្រើសជាតិទាំងអស់នឹងបន្តទៅហ្វឹកហាត់នៅចិនបន្ថែម រហូតដល់ស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជាតែម្តង៕ 


ដោយ ៖ សិលា


ចែករំលែក៖