ព័ត៌មានទាន់ហេតុការណ៍៖

អភិបាលខេត្តព្រះសីហនុ អញ្ជើញចុះត្រួតពិនិត្យការសាងសង់អគារតេជោសម្រាប់ព្យាបាលអ្នកជំងឺកូវីដ-១៩

ចែករំលែក៖

ខេត្តព្រះសីហនុ៖ បើយោងតាមប្រភពពី រដ្ឋបាលខេត្តព្រះសីហនុ បានបញ្ជាក់អោយដឹងថា, នៅព្រឹកថ្ងៃអាទិត្យ ទី៥ ខែកញ្ញា ឆ្នាំ២០២១ លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញចុះត្រួតពិនិត្យមើលការសាងសង់អគារតេជោព្យាបាលជំងឺកូវីដ-១៩ ស្ថិតក្នុងបរិវេណមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុមានទីតាំងស្ថិតនៅសង្កាត់លេខ៤ ក្រុងព្រះសីហនុ ដោយមានការចូលរួមពីលោក លោកស្រី ប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ និងសប្បុរសជនផងដែរ។ 

លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ មានប្រសាសន៍ជំរាបជូនលោកឧកញ៉ា និងសប្បុរសជនថា គម្រោងសាងសង់អាគារតេជោព្យាបាលជំងឺកូវីដ-១៩ ខេត្តព្រះសីហនុ ដែលកម្ពស់០១ជាន់ ទំហំ ៣៣ម៉ែត្រ x ៩០ម៉ែត្រ ធ្វើពីគ្រឹះសសរ​បេតុង​ ដំបូលប្រក់ស័ង្កសី​ នៅក្នុងបរិវេណមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ។ អគារ​ព្យាបាលនេះ អាចដាក់គ្រែសម្រាប់ព្យាបាលអ្នកជំងឺកូវីដ-១៩ ​កម្រិត​ស្រាល​បានចំនួន ៣៥៦ គ្រែ​ (គ្រែ០១ជាន់​) ឬអាចបានចំនួន ​៧១២ គ្រែ ​ប្រសិនប្រើគ្រែ០២ជាន់។ អគារតេជោព្យាបាលជំងឺកូវីដ-១៩ កំពុងចាប់ផ្តើមដំណើរការសាង់សង់យ៉ាងមមាញឹកគ្រោងនិងបញ្ចប់រយ:ពេល ៣ខែ ហើយអគារតេជោសម្រាប់ដាក់ព្យាបាលអ្នកជំងឺកូវីដ-១៩ កម្រឹតស្រាល ដោយមានរៀបចំជាសួនច្បារ កន្លែងហាត់ប្រាណ យើងក៏មានអគារសម្រាប់ព្យាបាលអ្នកជំងឺកូវីដ-១៩ធ្ងន់មួយខ្នងទៀតនៅក្នុងបរិវេណមន្ទីរពេទ្យបង្អែកខេត្តរបស់យើងដែរ ។ ក្រោយពីបញ្ចប់ជំងឺរាតត្បាតកូវីដ-១៩ យើងអាចកែសម្រួលអគារតេជោព្យាបាលជំងឺកូវីដនេះ ដើម្បីព្យាបាលជំងឺទូទៅបន្ថែមទៀតទៅតាមស្ថានភាពជាក់ស្តែង ។ 

លោក អភិបាលខេត្ត ក៏បានថ្លែងអំណរគុណចំពោះលោក លោកស្រី លោកឧកញ៉ា ក្រុមហ៊ុន និងបងប្អូនសប្បុរសជន ដែលបានចូលរួមឧបត្ថម្ភគាំទ្រជាថវិកា និងសម្ភារៈបំរើឱ្យការងារសាងសង់អគារតេជោព្យាបាលជំងឺកួវូដ-១៩ ក្នុងបរិវេណមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ដើម្បីព្យាបាលជំងឺកូវីដ-១៩ ដល់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋ ក្នុងខេត្តព្រះសីហនុ ដោយមិនគិតថ្លៃ អគារនេះក៏ជាសមិទ្ធផលថ្មីមួយ ទៀតបានមកពីការចូលរួមពីឯកឧត្តម លោកឧកញ៉ា ក្រុមហ៊ុន និងបងប្អូនសប្បុរសជនរបស់យើង ។ 

លោក អភិបាលខេត្ត សង្ឃឹមនឹងជឿជាក់ថា លោក លោកស្រី លោកឧកញ៉ា ក្រុមហ៊ុន រោងចក្រ សហគ្រាស និងបងប្អូនសប្បុរសជនបន្តជួយឧបត្ថម្ភគាំទ្រជាថវិកា និងសម្ភារ:បំរើឱ្យការងារសាងសង់អគារតេជោព្យាបាលជំងឺកូវីដ-១៩ នៅក្នុងបរិវេណមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុទទួលបានជោគជ័យនាពេលខាងមុខ បំរើឱ្យវិស័យសុខាភិបាលក្នុងខេត្តព្រះសីហនុ ៕

ដោយ ៖ សិលា


ចែករំលែក៖