ព័ត៌មានទាន់ហេតុការណ៍៖

លោក សៅ សារ៉ាត់ ឣ្នកតំណាងរាស្រ្តមណ្ឌលប៉ៃលិន បានសួរសុខទុក្ខកងកម្លាំងតាមព្រំដែននិងជំរុញឲ្យកម្លាំងប្រចាំការ នៅតំបន់ព្រំដែនកម្ពុជា-ថៃ ត្រូវតែទប់ស្កាត់តាមដានពលករខ្មែរ ដែលឆ្លងដែនទៅប្រទេសថៃ ខុសច្បាប់

ចែករំលែក៖

 ខេត្តប៉ៃលិន៖ នៅព្រឹកថ្ងៃទី០៥ខែកញ្ញាឆ្នាំ២០២១ លោក សៅ សារ៉ាត់ ឣ្នកតំណាងរាស្រ្តមណ្ឌលប៉ៃលិន បានអញ្ជើញចុះជួបសំណេះ សំណាលសាកសួរសុខទុក្ខ និងបាននាំយកគ្រឿង ឧបភោគបរិភោគ ទៅឧបត្ថម្ភដល់កងកម្លាំងចម្រុះ ដែលកំពុងបំពេញបេសកកម្ម ការពារតាមគោលដៅ ខែ្សបន្ទាត់ព្រំដែនកម្ពុជា-ថៃ ក្នុងការបង្ការ នឹងទប់ស្កាត់ការចម្លងរីករាលដាលនៃជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍។

ការចុះជួបសំណេះសំណាល សាកសួរសុខទុក្ខនោះ ដោយមានការអញ្ជើញចូលរួមពីលោក សេង សុគន្ធ ស្នងការនគរបាលខេត្តប៉ៃលិន ,លោក ទី សុខា មេបញ្ជាការទិសទី៣ប៉ៃលិន ព្រមទាំងក្រុមការងារជាច្រើនរូបទៀត។

ក្នុងឱកាសនេះដែរ លោក សៅ សារ៉ាត់ ឣ្នកតំណាងរាស្រ្តមណ្ឌលប៉ៃលិន បានមានប្រសាសន៍ពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីលោក អភិបាលខេត្តប៉ៃលិន ដោយខិតខំប្រឹងប្រែងឲ្យបានខ្ពស់ ក្នុងការទប់ស្កាត់ពលករឆ្លងដែនខុសច្បាប់ ទៅកាន់ប្រទេសថៃ ហើយការពង្រឹងសមត្ថកិច្ចតាមព្រំដែន គឺជាការអនុវត្តតាមការណែនាំរបស់រាជរដ្ឋាភិបាល ឱ្យបណ្តាខេត្តដែលមានព្រំដែន ជាប់នឹងប្រទេសជិតខាង ត្រូវមានការយកចិត្តទុកដាក់ឱ្យបានខ្ពស់ នូវការរីករាលដាលជំងឺឆ្លងកូវីដ-១៩ ជាពិសេសព្រំដែនកម្ពុជា-ថៃ ដែលមានហានិភ័យខ្ពស់ ចំពោះពលករខ្មែរចំណាកស្រុក។

លោក សៅ សារ៉ាត់ ឣ្នកតំណាងរាស្រ្តមណ្ឌលប៉ៃលិន ក៏បានជំរុញដល់កម្លាំងចម្រុះទាំងអស់ ត្រូវធ្វើយ៉ាងណាខិតខំតាមដានរាល់សភាពការណ៍ នៃការឆ្លងដែនរបស់ពលករខ្មែរ និងត្រូវប្រចាំការ ២៤ម៉ោង តាមគោលដៅដែលខ្លួនទទួលខុសត្រូវ ក្រែងមានពលករលួចឆ្លងដែន ដោយខុសច្បាប់ទៅកាន់ប្រទេសថៃ ។

ជាមួយគ្នានេះសូមសមត្ថកិច្ច ដែលប្រចាំការ តាមគោលដៅ សូមកុំមានការពាក់ព័ន្ធនិងពួកប្រព្រិត្តល្មើស ដែលនាំឲ្យអន្តរាយដល់ខ្លួនយើង និងគ្រួសារយើងផងដែរ។

នៅក្នុងឱកាសនោះ  លោក សៅ សារ៉ាត់ ឣ្នកតំណាងរាស្រ្តមណ្ឌលប៉ៃលិន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះកងកម្លាំងចម្រុះ ដែលកំពុងឈរជើងការពារនៅតាមបន្ទាត់ព្រំដែន និងនៅតាមគោលដៅទាំងអស់ ដែលបានខិតខំបំពេញការងារទាំងកំលាំងកាយទាំងកំលាំងចិត្ត ប្រកបដោយការទទួល ខុសត្រូវខ្ពស់ ក្នុងការរួមគ្នាប្រយុទ្ធប្រឆាំង និងទប់ស្កាត់ការចម្លងរីករាលដាលជំងឺកូវីដ-១៩ ជាពិសេសលើកទឹកចិត្តដល់ក្រុមគ្រូពេទ្យជំនាញទាំងអស់ ដែលកំពុងបំពេញបេសកកម្មដ៏ថ្លៃថ្លានេះ សម្រាប់ប្រទេសជាតិ។

សូមបញ្ជាក់ថា៖ អំណោយដែលលោក សៅ សារ៉ាត់ ឣ្នកតំណាងរាស្រ្តមណ្ឌលប៉ៃលិន យកទៅឧបត្ថម្ភជូនដល់កងកម្លាំង ដែលកំពុងប្រចាំការ តាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ដោយក្នុង ១គោលដៅៗ ទទួលបានរួមមាន៖ អង្ករ ៥០គីឡូក្រាម, មី៥កេស, ទឹកស៊ីអ៉ីវ២យួរ,ទឹកសុទ្ធ២០យួរ,ទឹកSTING ២កេស និងថវិកាមួយចំនួនផងដែរ៕

ដោយ៖ ស សារ៉េត


ចែករំលែក៖