ខេត្តកណ្ដាល៖ បុរសម្នាក់បន្ទាប់ពីផឹកស្រាថ្នាំរួចហើយក៏ឡើងទៅដេកលើផ្ទះ។ លុះព្រឹកឡើងប្រពន្ធដាស់ឲ្យក្រោកក៏ស្រាប់តែបុរសជាប្តីបានស្លាប់បាត់បង់ជីវិតទៅហើយ ដោយក្រុមគ្រួសារសង្ស័យថា ករណីនេះគឺបណ្ដាលមកពីខ្យល់គរ។ ហេតុការណ៍នេះ បង្កការភ្ញាក់ផ្អើលឡើង នៅថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង៥និង០០នាទីព្រឹក នៅចំណុចផ្ទះរបស់ឈ្មោះ ច្រឹក ហ៊ុន ស្ថិតនៅភូមិតាពេជ ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្តាល ។
មន្ត្រីនគរបាលស្រុកស្អាងបានឱ្យដឹងថាជនរងគ្រោះឈ្មោះ ច្រឹក ហ៊ុន ភេទប្រុស អាយុ៥៦ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ
មានទីលំនៅនៅភូមិតាពេជ ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្តាល ។
ប្រភពដដែលបន្តថា តាមការបំភ្លឺរបស់ឈ្មោះ ឆឹល សុខ ភេទស្រី អាយុ៦០ឆ្នាំ ត្រូវជាប្រពន្ធបានឱ្យដឹងថា នៅថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង២២និង០០នាទី ឈ្មោះ ច្រឹក ហ៊ុន បន្ទាប់ពីផឹកស្រាថ្នាំ និងហូបបាយរួច ក៏បានចូលដេកដូចរាល់ដង(ដេកម្នាក់ឯង)។ លុះដល់ព្រឹកថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង៥និង៣០នាទី ឈ្មោះ ឆឹល សុខ បានឡើងទៅដាស់ប្ដីឱ្យទៅធ្វើការងារ ក៏ស្រាប់តែឃើញឈ្មោះ ច្រឹក ហ៊ុន បានដេកស្លាប់បាត់ទៅហើយ ។ បន្ទាប់មកបានរាយការណ៍ទៅមេភូមិនិង សមត្ថកិច្ចប៉ុស្តិ៍ក្រាំងយ៉ូវតែម្ដង។
ក្រោយពីទទួលបានព័ត៌មានខាងលើ ភ្លាម កម្លាំងជំនាញពិនិត្យវិភាគកន្លែងកេីតហេតុដោយបានសហការជាមួយកម្លាំងប៉ុស្តិ៍ អាជ្ញាធរមូលដ្ឋាន លោកគ្រូពេទ្យមណ្ឌលសុខភាព និងគ្រួសារជនរងគ្រោះ បានធ្វេីការពិនិត្យសាកសព ដោយការពិនិត្យឃើញថា ជនរងគ្រោះពុំមានស្លាកស្នាមអ្វីគួរឱ្យកត់សម្គាល់ទេ គឺតាមការសន្និដ្ឋាន: ជនរងគ្រោះស្លាប់ដោយសារខ្យល់គរ ។ បន្ទាប់ពីពិនិត្យរួច សមត្ថកិច្ចបានប្រគល់សពជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕
ដោយ៖ស្អាង ជ័យ