ព័ត៌មានទាន់ហេតុការណ៍៖

លីប៊ី ដោះលែងកូនប្រុសអតីតមេដឹកនាំហ្គាដាហ្វុីឲ្យមានសេរីភាពឡើងវិញ

ចែករំលែក៖

ប្រភពព័ត៌មានបានឱ្យដឹងថា លោក Saadi Gaddafi កូនប្រុសអតីតមេដឹកនាំ Muammar Gaddafi ដែលបានផ្តួលរំលំកាលពីឆ្នាំ ២០១១នោះ ត្រូវបានដោះលែងឲ្យមានសេរីភាពវិញហើយ។ លោក Saadi Gaddafi បានឡើងយន្តហោះទៅកាន់ប្រទេសតួកគីភ្លាមៗក្រោយការដោះលែង។
ប្រភពព័ត៌មានពីមន្ត្រីរដ្ឋាភិបាលសាមគ្គីជាតិសាសន៍លីប៊ី នៅថ្ងៃទី ៥ខែកញ្ញា បានឱ្យដឹងថា រដ្ឋាភិបាលបានសម្រេចដោះលែងកូនប្រុសលោកហ្គាដាហ្វុី ឲ្យមានសេរីភាពឡើងវិញ។

លោក Saadi Gaddafi បានភៀសខ្លួនទៅកាន់ប្រទេសនីហ្សេ (Niger) នៅក្នុងការក្រោកឈរឡើងបះបោរពីមហាជន ដោយមានការជួយពីអង្គការណាតូ។ លោក Saadi Gaddafi ត្រូវបានចាប់ខ្លួនបញ្ជូនមកលីប៊ីវិញនៅឆ្នាំ ២០១៤ ហើយត្រូវឃុំខ្លួននៅទីក្រុងទ្រីប៉ូលី។
នៅឆ្នាំ២០១៨ ក្រសួងយុត្តិធម៌លីប៊ីបានសម្រេចថា លោក Saad Gaddafi មិនបានសម្លាប់កីឡាករបាល់ទាត់ក្នុងប្រទេសនេះទេ គឺកីឡាករ Bashir al Rayani ។ លីប៊ីប្រឈមនឹងវិបត្តិនយោបាយ អំពើហិង្សា អូសបន្លាយជាច្រើនឆ្នាំកន្លងមក ក្រោយការធ្វើបដិវត្តន៍កាលពីឆ្នាំ២០១១។
រដ្ឋាភិបាលសាមគ្គីជាតិសាសន៍លីប៊ីបានបង្កើតឡើងនៅខែមីនាឆ្នាំ២០២១ ដែលជាផ្នែកមួយនៃការខិតខំដើម្បីសន្តិភាពទទួលបានការការពារពីសហគមន៍អន្តរជាតិ ដោយបានឡើងគម្រោងរៀបចំការបោះឆ្នោតនៅខែធ្នូ ឆ្នាំ ២០២១នេះ៕

ដោយ៖ធីរីណា(រូបភាព៖Reuters)


ចែករំលែក៖