ភ្នំពេញ៖ គេចាំបានថាកាលពីដើមខែសីហាកន្លងទៅនេះមានការភ្ញាក់ផ្អើលពេញបណ្តាញសង្គមហ្វេសប៊ុក ក្រោយពីស្ត្រីម្នាក់ដែលប្រើប្រាស់គណនីយហ្វេសប៊ុកឈ្មោះ Ah July បានធ្វើការបញ្ចេញយោបល់នៅលើហ្វេសប៊ុកតារាចម្រៀងអុីវ៉ា ដោយពាក្យអសុរសជាមួយនឹងការខលទៅកាន់កញ្ញាដោយបានប្រើប្រាស់បណ្តាញសង្គមជេរប្រមាថនាងនូវពាក្យអសុរសជាច្រើន ដោយការជេរ និងគំរាមនាងថែមទៀតផង ហើយករណីនេះត្រូវបានកញ្ញាអុីវ៉ាបង្ហាញជាសាធារណៈរហូតបង្កើតឲ្យមានការភ្ញាក់ផ្អើលពេញបណ្តាញសង្គម។
ករណីដែលរងការជេរប្រមាថពីស្ត្រីម្នាក់កាលពីថ្មីៗនេះបានធ្វើឲ្យអ្នកគាំទ្រស្នើឲ្យតារាចម្រៀងរូបនេះប្តឹងទៅកាន់សមត្ថិកិច្ចដើម្បីចាត់ការលើករណីនេះ ព្រោះតែពួកគេចង់ដឹងការពិតថាស្ត្រីនោះគឺជាអ្នកណាឲ្យពិតប្រាកដ ហើយពេលនេះគឺគេបានដឹង និងស្គាល់ហើយថាជាអ្នកណាគឺជាស្ត្រីម្នាក់រស់នៅសង្កាត់អូរឫស្សី៣ ខណ្ឌ៧មករា រាជធានីភ្នំពេញ និងមានជំងឺសរសៃប្រសាទនោះ។ ការសម្រេចនាំខ្លួនស្រ្តីខាងលើនេះត្រូវបានធ្វើឡើងផងដែរបន្ទាប់ពីស្ត្រីខាងលើបានបញ្ចេញយោបល់នៅលើបណ្តាញសង្គមសម្តេចតជោហើយបន្លំធ្វើជាកូនរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ។ ស្ត្រីរូបនេះ ត្រូវបានអាជ្ញាធរនាំយកទៅព្យាបាលនៅមន្ទីរពេទ្យបង្អែករាជធានីភ្នំពេញ នៅរសៀលថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២១នេះ ក្រោយនាងបានប្រើគណនីហ្វេសប៊ុកឈ្មោះ «Ah July» ចូលទៅសរសេរក្នុង Comment របស់សម្តេចតេជោ ដោយបានរៀបរាប់មានចេតនាបង្ហាញថា រូបគេ គឺជាកូនរបស់សម្តេច និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត។ជុំវិញបញ្ហានេះ សម្តេចតេជោ ហ៊ុន សែន ក៏បានណែនាំម្ចាស់គណនីឈ្មោះ «Ah July» មួយនេះ ឱ្យឈប់បន្លំធ្វើជាកូនសម្តេច និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បន្តទៅទៀត ដើម្បីចៀសវាងការភ័ន្តច្រឡំ។ ក្រៅតែពីការណែនាំបែបនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានស្នើសុំលេខទូរស័ព្ទពីម្ចាស់គណនីហ្វេសប៊ុកនេះ ដើម្បីសម្តេចជួយព្យាបាលជំងឺសរសៃប្រសាទរបស់គេផងដែរ។សម្តេចតេជោ បានបញ្ជាក់យ៉ាងដូច្នេះ «ដើម្បីជៀសវាងការភ័ន្តច្រឡំរបស់មហាជនលើការលើកឡើងរបស់ក្មួយដែលលើកឡើងច្រើនដង ហើយហាក់ដូចជាក្មួយនេះជាកូនស្រីរបស់ពូ និងមីងដែលត្រូវបោះបង់ចោលឱ្យនៅខាងក្រៅ។ ពូសូមប្រាប់ទៅក្មួយសូមបញ្ឈប់ចូលមកបន្លំជាកូនពូ និងមីងតទៅទៀត ព្រោះវាជារឿងអគុណធម៌ខ្លាំងណាស់ សម្រាប់ពូ និងមីង ដែលបោះបង់កូនចោលមិនរាប់រក»។សម្តេចតេជោ បានសរសេរតបទៀតថា «ពេលក្មួយចូលមកក្មួយតែងប្រើរាជស័ព្ទដែលធ្វើឱ្យមានកំហុសបន្ថែមទៀត។ប្រសិនបើជាពូមិនយល់ថា ក្មួយមានជំងឺសរសៃប្រសាទទេ ម្ល៉េះសមពូឱ្យនគរបាលតាមរកក្មួយយូរមកហើយ»។សម្តេចតេជោ បានសរសេរយ៉ាងដូច្នេះ «ពូ និងមីងអាចជួយព្យាបាលជំងឺសរសៃប្រសាទជូនក្មួយបាន សុំក្មួយផ្តល់លេខទូរស័ព្វមកពូ ឬចេញមកបកស្រាយតាមរយៈខមិននេះថា តើក្មួយជាអ្នកណា? និងកំពុងរស់នៅឯណា?»៕
ដោយ ៖ វឌ្ឍនា