ក្រុងប៉ោយប៉ែត៖ ពលករខ្មែរ៩នាក់ក្នុងម្នាក់ចំណាយប្រាក់ចាប់ពី៥,០០០ ទៅ៥,៥០០បាតដើម្បីឆ្លងដែនទៅធ្វើការនៅប្រទេសថៃ ត្រូវយោធាថៃឃាត់ខ្លួនកាលពីវេលាម៉ោង៨និង២៤នាទីព្រឹក ថ្ងៃទី១០កញ្ញា២០២១។
សេចក្ដីរាយការណ៍ ពីសមត្ថកិច្ចថា មេបញ្ជាការកងកម្លាំងបូរផា បានបញ្ជាឲ្យកម្លាំងការពារព្រំដែនរឹតបន្តឹង ការលួចឆ្លងចូលក្នុងប្រទេសដោយខុសច្បាប់ អំឡុងស្ថានការណ៍កូវីដ-១៩ រាតត្បាតជាបន្តបន្ទាប់ ដោយសមត្ថកិច្ចទាហានអង្គភាពចំពោះកិច្ចតាព្រះយ៉ា សហការជាមួយកងរយទី៣ នគបាលការពារព្រំដែនទី១២ ស្កាត់ចាប់ពលករខ្មែរបានចំនួន៩នាក់ ក្នុងនោះប្រុស៥នាក់ និងស្រី៤នាក់ នៅបរិវេណព្រៃដំឡូង ភូមិខៅ លូកឆាង ឃុំ/ស្រុកតាព្រះយ៉ា ខេត្តស្រះកែវ ។
ប្រភពបន្ថែមថាៈពលករខ្មែរទាំងអស់បានប្រាប់ថា ពួកគេទៅធ្វើការនៅក្រុងបាងកក ២នាក់គឺធ្វើការនៅហាងលក់អាហារ និង៧នាក់ទៀតទៅធ្វើការនៅខេត្ត ណៈខន ប៉ះធុម គឺការងារសំណង់ តែពួកគេមិនស្គាល់កន្លែងធ្វើការ ដោយសារមេខ្យល់អ្នកចាត់បញ្ជូនទៅតាមកន្លែងធ្វើការផ្សេងៗ។
ក្រោយពីសមត្ថកិច្ចថៃសួរនាំ និងធ្វើកំណត់ហេតុចាប់ខ្លួន នៅទីបញ្ជាការកងរយទី៣ និងអនុវត្តតាមវិធានរបស់ផ្នែកសុខាភិបាល បន្ទាប់មកក៏បានបញ្ជូនឲ្យត្រឡប់ទៅប្រទេសកម្ពុជាវិញ តាមច្រកអូរបីជាន់ ក្នុងស្រុកអូរជ្រៅខេត្តបន្ទាយមានជ័យ៕
ដោយ៖ វណ្ណា