ព័ត៌មានទាន់ហេតុការណ៍៖

ក្មេងស្រីល្បីឈ្មោះលើហ្វេសប៊ុក ណាណា ជួបជាមួយនឹងអ្នកគ្រប់គ្រងកម្មវិធីប្រកួតសម្រស់

ចែករំលែក៖

ភ្នំពេញ៖ កុមារី ណាណា ដែលល្បីឈ្មោះលើបណ្តាញសង្គម និងធ្លាប់បានសម្តេចតេជោ យកវីដេអូនាងមកបង្ហោះកន្លងទៅនោះ បានបង្ហាញមុខរួមគ្នាជាមួយអ្នកគ្រប់គ្រងផលិតកម្មវិធីល្បីឈ្មោះលោក ម៉ែន និមលរដ្ឋ ។ ជំនួបដ៏ភ្ញាក់ផ្អើលនេះបានធ្វើឡើងក្រោយពីផលិតកររូបនេះបានបញ្ចេញរូបថតមួយសន្លឹករួមគ្នាជាមួយក្មេងតូចដ៏គួរឲ្យក្នាញ់រូបនេះអមទៅដោយសារខ្លីថា ស្វាគមន៍អូនណាណាក្នុងការក្លាយជាសមាជិកCIM Star។

គេចាំបានដែរថា កុមារីណាណា ត្រូវបានអ្នកលេងបណ្តាញសង្គមជាច្រើនធ្លាប់បានស្គាល់តាមរយៈវីដេអូខ្លីដែលត្រូវបានថតដោយម្តាយរបស់នាង ដែលក្មេងស្រីវ័យ៦ឆ្នាំរូបនេះអាចនិយាយមកបកស្រាយ ប្រកបដោយទេពកោលស្យបត់បែនបានយ៉ាងល្អលើប្រធានបទដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើនក្នុងសង្គម រហូតកន្លងទៅសម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានយកវីដេអូរបស់ក្មេងស្រីរូបនេះដែលបាននិយាយអំពីការចាក់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩យកមកបង្ហោះផ្សព្វផ្សាយនៅលើគណនីផ្លូវការរបស់សម្តេចផងដែរ។ ការបញ្ចេញសារ និងរូបថតថ្មីៗនេះបានធ្វើឲ្យអ្នកលេងបណ្តាញសង្គមជាច្រើនរួមទាំងសិល្បករនោះបានបង្ហាញអារម្មណ៍ពេញចិត្ត និងគាំទ្រចំពោះការបង្ហាញវត្តមានជាមួយអ្នកផលិតកម្មវិធីល្បីឈ្មោះ បើទោះបីជានៅមិនទាន់មានការបញ្ជាក់លម្អិតណាមួយអំពីវត្តមានរបស់កុមារីណាណានៅពេលនេះនាងនឹងចូលរួមការងារណាមួយដែលទាក់ទងនឹងកិច្ចការសង្គម ឬសិល្បៈនោះក៏ដោយ។ អ្នកគាំទ្រ ណាណា ជាច្រើនរួមទាំងអ្នកជំនាញបានចាត់ទុកថានេះគឺជារបត់ថ្មីមួយសម្រាប់ក្មេងស្រីដែលមានសមត្ថភាព និងទេពកោសល្យរូបនេះ ថានឹងអាចមានលំនឹងលើការងារថ្មី  និងជាឱកាសក្តោបបានទីផ្សារផ្សព្វផ្សាយផលិតផល ឬសេវាកម្មបែបស្តង់ដា និងមិនប៉ះពាល់ទៅដល់ការសិក្សា និងប្រជាប្រិយភាពរបស់នាង មិនតែប៉ុណ្ណោះនឹងកាន់តែធ្វើឲ្យកេរ្ដិ៍ឈ្មោះនាងឈានឡើង។ 

ជាមួយគ្នានេះដែរនៅលើគណនីហ្វេសប៊ុកផ្លូវការរបស់កុមារីណាណាវិញក៏បានបញ្ជាក់ថាថ្ងៃនេះ  អូនណាណា  បានជួបលោកពូ  ម៉ែន រ័ត្ននិមល ដែលជាអ្នកគ្រប់គ្រងបវរកញ្ញាចក្រវាលកម្ពុជា  និងបវរកញ្ញាជាច្រើនទៀត  ហេីយក៏ជាអ្នកបណ្តុះបណ្តាលគ្រាប់ពូជសិល្ប:នៃកម្ពុជា។ សាកស្រមៃមើល ថា  បើនៅសុខៗ  អូនណាណា  ក្លាយ ជាតារាបង្ហាញម៉ូតឬជាបវរកញ្ញា តើអ៊ំពូមីងយល់យ៉ាងណាដែរ? ក្រៅពីការបញ្ចេញសារនិងរូបថតនេះដែរ ក្មេងស្រីរូបនេះក៏បង្ហាញមុខអ្នកផាត់មុខធ្វើសក់ផ្ទាល់ខ្លួនដែលគេអាចសន្និដ្ឋានបានថា នាងអាចនឹងបង្ហាញស្នាដៃថ្មីណាមួយបង្ហាញជូនទស្សនិកជន និងអ្នកគាំទ្រកាន់តែមានគុណភាពបែបស្តង់ដាខ្ពស់ជាងពេលកន្លងមក។ 

    គួរបញ្ជាក់ដែរថា ណាណា មានឈ្មោះពេញថា គូ ហេណា នាងមានវ័យ៦ ឆ្នាំ ត្រៀមបញ្ចប់ការសិក្សាថ្នាក់មតេយ្យហើយត្រៀមចូលសិក្សាថ្នាក់ទី១។ នាងមានឪពុក ជាមន្ត្រីអាវុធហត្ថ ខេត្តកណ្តាល និងម្តាយឈ្មោះ ជាអាជីវករនៅផ្សារឧដុង្គ។ ណាណា មានបងប្អូន២នាក់។  តាមការបញ្ជាក់ពីលោកស្រីតិច សុខលីន ដែលជាម្តាយធ្លាប់បានបញ្ជាក់ថា ណាណាគឺជាក្មេងស្រីដែលមានអត្តចរិតរួសរាយរាក់ទាក់ ចូលចិត្តការលេងច្រើន ប៉ុន្តែនាងបត់បែនច្រើនពេលដែលនៅជាមួយមនុស្សចាស់ ៕ 

ដោយ ៖ វឌ្ឍនា


ចែករំលែក៖