ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋមន្ត្រីក្រសួងរ៉ែ ៖​ អនុញ្ញាត​ឱ្យ​ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋឥណ្ឌាប្រចាំកម្ពុជា​ ជំនួបសម្តែងការគួរសមនិងពិភាក្សាការងារ

ចែករំលែក៖

ភ្នំពេញ​៖​ ទីស្តីការក្រសួងរ៉ែ​ និងថាមពល​ នៅរសៀល​ថ្ងៃសុក្រ ៤កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥​ ត្រូវនឹងថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១​នេះ​ លោក​ ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល អមដោយថ្នាក់ដឹកនាំក្រសួង បានទទួលជួបពិភាក្សាការងារជាមួយលោកស្រីវេជ្ជបណ្ឌិត ទេវីយ៉ានី ឧត្តម កុប្រាហ្កេដេ- Devyani Uttam Khobragade ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋឥណ្ឌា ប្រចាំកម្ពុជាជំនួបសម្តែងការគួរសមនិងពិភាក្សាការងារ។ 

ក្នុង​ជំនួបពិភាក្សាការងារនេះ ផ្តោតលើប្រធានបទសំខាន់ៗដូចជា៖

– សាវតា និងវឌ្ឍនភាពនៃការអភិវឌ្ឍធនធានរ៉ែ ថាមពល ប្រេងនិងឧស្ម័នរបស់កម្ពុជា ។ 

-សក្តានុពលនិងឱកាសនៃការពង្រីកនិងពង្រឹងកិច្ចសហប្រតិបត្តិការវិនិយោគនិងពាណិជ្ជកម្មរបស់ក្រុមហ៊ុនឥណ្ឌា ក្នុងនោះរួមមាន៖ គម្រោងអភិវឌ្ឍន៍រ៉ែមាស រ៉ែដែក និងធនធានរ៉ែ ដ៏ទៃទៀត គម្រោងអភិវឌ្ឍន៍វិស័យថាមពល ដោយផ្តោតលើការអភិវឌ្ឍខ្សែបណ្តាញបញ្ជូន និងខ្សែបណ្តាញចែកចាយថាមពលអគ្គិសនី  គម្រោងអភិវឌ្ឍន៍វិស័យប្រេងនិងឧស្ម័ន។ 

– ការផ្តល់គម្រោងពង្រឹងសមត្ថភាពលើធនធានមនុស្សនិងការបណ្តុះបណ្តាលរយៈពេលខ្លី និងមធ្យមរបស់រដ្ឋាភិបាលឥណ្ឌាជូនមន្ត្រីជំនាញក្រសួងរ៉ែនិងថាមពល។ 

– គម្រោងហិរញ្ញប្បទានរបស់រដ្ឋាភិបាលឥណ្ឌាមកកម្ពុជា ដើម្បីអភិវឌ្ឍវិស័យទាំង៣របស់ក្រសួង។

ទន្ទឹមនឹងនេះ លោកស្រី​ឯកអគ្គរដ្ឋទូត បានអបអរសារទចំពោះសមិទ្ធិផលដ៏អាស្ចារ្យដែលរាជរដ្ឋាភិបាលកម្ពុជា បានទទួលជោគជ័យលើការចាក់វ៉ាក់សាំងការពារ Covid19 ជូនប្រជាពលរដ្ឋរបស់ខ្លួន ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី។ លោកស្រី​ឯកអគ្គរដ្ឋទូត ក៏បានគោរពអញ្ជើញលោករដ្ឋមន្ត្រី ពិនិត្យលទ្ធភាពនិងឆ្លៀតឱកាសទៅទស្សនកិច្ចប្រទេសឥណ្ឌា ដើម្បីផ្លាស់ប្តូរបទពិសោធន៍និងស្វែងយល់អំពីការអភិវឌ្ឍឧស្សាហកម្មរ៉ែ ថាមពលនិងប្រេងរបស់ឥណ្ឌាផងដែរ។  

ជាកិច្ចបញ្ចប់ លោករដ្ឋមន្ត្រី បានស្វាគមន៍និងគាំទ្រយ៉ាងពេញទំហឹងក្នុងការសម្របសម្រួលលើកិច្ចសហប្រតិបត្តិការនិងជំរុញឱ្យមានក្រុមហ៊ុនវិយោគរបស់ឥណ្ឌានៅកម្ពុជាឱ្យកាន់តែច្រើន៕

ដោយ​៖សហការី​


ចែករំលែក៖