ខេត្តព្រះសីហនុ៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល ជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស និងលោក គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ នៅព្រឹកថ្ងៃសុក្រ ៤កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១នេះ អញ្ជើញពិនិត្យសកម្មភាពចាក់វ៉ាក់សាំងដូសទី១ ទី២ និងដូសទី៣ ឬដូសជម្រុញជូនប្រជាពលរដ្ឋ និងមន្ត្រីជួរមុខ នៅសាលាបឋមសិក្សា អនុវិទ្យាល័យតេជោសែន កម្មករ ស្ថិតក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ និងពិធីបិទយុទ្ធនាការចាក់វ៉ាក់សាំងកូវី-១៩ជូនប្រជាពលរដ្ឋអាយុចាប់ពី១៨ឆ្នាំឡើង នៅសាលាខេត្តព្រះសីហនុ។
លោក គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ មានប្រសាសន៍ថា ខេត្តព្រះសីហនុមានប្រជាពលរដ្ឋសរុបមានចំនួន ៣០៧.៨១៧នាក់ ស្រី ១៤៣.៣២៣នាក់ ក្នុងនោះប្រជាពលរដ្ឋដែលមានអាយុ ១៨ឆ្នាំឡើង សរុបចំនួន ២២៨.៣៧៧នាក់ ស្រី ១០៣.៧៨៣នាក់ ។ កន្លងមកវ៉ាក់សាំងដែលមន្ទីរសុខាភិបាលខេត្តព្រះសហីនុ ទទួលបានសរុបចំនួន ២៩៥.៥៨៤ដូស ក្នុងនោះមានដូចជា៖
-Sinopharm ចំនួន ១៧៦.៧៨៨ដូស
-Covishield ចំនួន ១៥.០០០ ដូស
-Sinovac ចំនួន១២.៦៧៨ដូស
-Sinovac សម្រាប់កុមារ និងយុវវ័យពី១២ ដល់១៨ឆ្នាំ ចំនួន ៦៧.២៦៤ដូស
-AstraZeneca 3rd dose (អង់គ្លេស)ចំនួន ៥.៦២៤ដូស
-AstraZeneca 3rd dose (ជប៉ុន) ចំននួ ១៨.២៣០ដូស។
ខេត្តព្រះសីហនុ មានមណ្ឌលចាក់វ៉ាក់សាំងកូវីដ-១៩ ទូទាំងខេត្តចំនួន ១៩ទីតាំង និងមានក្រុមគ្រូពេទ្យ ព្រមទាំងក្រុមការងារចម្រុះចាក់វ៉ាក់សាំងកូវីដ-១៩ សរុបចំនួន ១.៨១៧នាក់។ លទ្ធផលនៃការចាក់វ៉ាក់សាំងកូវីដ-១៩ ជូនប្រជាពលរដ្ឋអាយុ ១៨ឆ្នាំឡើងសរុបចំនួន ២២៣,១៧០នាក់ ស្មើនឹង ៩៧,៧២គាគរយ នៅសល់ ៥,២០៧នាក់ ។
លោកអភិបាលខេត្តបានបន្តថា ខេត្តព្រះសហីនុ បានបិទបញ្ចប់យុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ នៅតាមមណ្ឌលចាក់វ៉ាក់សាំងក្រុងស្រុកទូទាំងខេត្ត និងបើកដំណើរការការមណ្ឌលចាក់វ៉ាក់សាំងអចិន្ត្រៃយ៍ចំនួនមួយមណ្ឌល គឺសាលាបឋម និងអនុវិទ្យាល័យតេជោសែនកម្មករ ស្ថិតក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ សម្រាប់ចាក់ជូនប្រជាពលរដ្ឋអាយុ ១៨ឆ្នាំឡើង និងកុមារចាប់ពីអាយុ១២ឆ្នាំដល់ក្រោម១៨ឆ្នាំ ដែលមិនទាន់បានចាក់វ៉ាក់សាំងកូវីដ-១៩ ។
លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស មានប្រសាសន៍ថ្លែងអំណរគុណរដ្ឋបាលខេត្តព្រះសីហនុ ក្រុមគ្រូពេទ្យ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ដែលបានបំពេញការងារសម្របសម្រួល ក្នុងយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ទទួលបានលទ្ធផលយ៉ាងរលូន ដែលមានក្រុមគ្រូពេទ្យកងយោធពលខេមរៈភូមិន្ទ ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត TYDA គ្រូពេទ្យឯកឧត្តម សាយ ឈុំ គ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី និងក្រុមគ្រូពេទ្យវិស័យឯកជនផ្សេងទៀត ដែលបានចូលរួមយុទ្ធនាកាចាក់វ៉ាក់សាំងកូវីដ-១៩នេះ ។
លោកស្រី ឱ វណ្ណឌីន បានបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានយកចិត្តទុកដាក់ចំពោះសុខទុក្ខបងប្អូនប្រជាពលរដ្ឋ ដោយបានបញ្ជាទិញវ៉ាក់សាំងកូវីដ-១៩ ចាក់ជូនប្រជាពលរដ្ឋកម្ពុជា ក៏ដូចជាជនបរទេស មានដូចជាមន្ត្រីទូត និងមន្ត្រីអង្គការក្រៅរដ្ឋាភិបាលជាដើម ព្រោះការចាក់វាក់សាំង គឺជាគន្លឹៈសំខាន់ក្នុងការការពារជំងឺកូវីដ-១៩ ។ លោកស្រី ក៏បានសំណូមពរដល់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋ ដែលបានទទួលបានវ៉ាក់សាំងដូសទី១ ទី២ និងទី៣ កុំភ្លេចខ្លួនត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការសុខាភិបាល និងវិធានការ ៣.ការពារ ៣.កុំ របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា៕
ដោយ៖សហការី