ភ្នំពេញ៖ នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ កងយោធពលខេមរភូមិន្ទ បានធ្វើការ ណែនាំឱ្យកងទ័ពអនុវត្តឱ្យបានម៉ឺងម៉ាត់បំផុតនូវវិធានការរបស់រាជរដ្ឋាភិបាលលើការប្រមូលពន្ធ ចំពោះយានយន្តឯកជនដែលជ្រកក្រោមផ្លាក(ខ.ម) ! ។
នាយឧត្តមសេនីយ៍បានបញ្ជាក់ថា, ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការលើកស្ទួយចំណូលថវិកាជាតិ ក្នុងអំឡុងពេលវិបត្តិជំងឺកូវីដ-១៩ និងដើម្បីបង្ហាញពីភក្តីភាពឥតងាករេចំពោះរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អគ្គមេបញ្ជការ នៃកងយោធពលខេមរភូមិន្ទ ណែនាំដល់មេបញ្ជាការប្រភេទទ័ព ទ័ពជំនាញ និងនាយកសា្ថប័នចំណុះ អគ្គបញ្ជាការដ្ឋានទាំងអស់ដូចខាងក្រោម៖
១- គោរពនិងអនុវត្តឱ្យបានម៉ឺងម៉ាត់បំផុតនូវសារាចរណែនាំលេខ០២ ស.រ.ណ.ន ចុះថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៦ របស់រាជរដ្ឋាភិបាលកម្ពុជា លិខិតជូនដំណឹងលេខ៤៨២ ស.ជ.ណ.ហ.ធ ចុះថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២១ របស់ទីស្តីការគណៈរដ្ឋមន្ត្រី សេចក្តីជូនដំណឹងលេខ១៩៨៣/២១ អគរ ចុះថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២១ របស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា និងសេចក្តីសម្រេចនានាផ្សេងទៀតរបស់រាជរដ្ឋាភិបាល ក៏ដូចជា ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងក្រសួងការពារជាតិ ស្ដីអំពីការបង់ពន្ធយានយន្តឯកជនដែលជ្រក ក្រោមផ្លាកលេខខេមរភូមិន្ទ។
២- គោរពយ៉ាងម៉ឺងម៉ាត់នូវច្បាប់លក្ខន្តិកៈទូទៅចំពោះយោធិននៃកងយោធពលខេមរភូមិន្ទនិងអនុក្រឹត្យ ស្តីពីបទវិន័យទូទៅសម្រាប់កងយោធពលខេមរភូមិន្ទ ជាពិសេសការគោរពនូវឋានានុក្រមកងទ័ព និងការ បំពេញតួនាទីភារកិច្ចរបស់ខ្លួនដោយភាពម្ចាស់ការ និងការទទួលខុសត្រូវខ្ពស់ចំពោះមុខរាជរដ្ឋាភិបាល និងច្បាប់ជាធរមាន។
៣- បញ្ឈប់រាល់ការស្នើប័ណ្ណខេមរភូមិន្ទ ដើម្បីបំពាក់លើរថយន្តឯកជន បើទោះបីជារថយន្តទាំងនោះ ចូលរួមផ្នែកណាមួយក្នុងការបម្រើការងារអង្គភាពក្តី។ ត្រូវយករថយន្តចង្កូតស្ដាំកែទៅជាចង្កូតឆ្វេង រីឯរថយន្ត ចង្កូតឆ្វេង ដែលមិនទាន់បង់ពន្ធនាំចូល ត្រូវប្រញាប់ទៅបង់ពន្ធជូនរដ្ឋ តាមការកំណត់របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ដែលមានយន្តការកំណត់ដូចក្នុងសេចក្តីជូនដំណឹងលេខ១៩៨៣/២១.អ.គ.រ ចុះថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២១ ជាកំហិត។
៤- អប់រំជាបន្ទាន់ដល់យោធិនថ្នាក់ក្រោមឱ្យយល់និងចូលរួមរំលែកការលំបាករបស់រាជរដ្ឋាភិបាល ក្នុងការប្រមូលថវិកាជាតិ ក្នុងអំឡុងពេលវិបត្តិកូវីដ-១៩ ឱ្យហ៊ានលះបង់គ្រប់បែបយ៉ាង ដើម្បីជាតិមាតុភូមិ និងស្មោះត្រង់ដាច់ខាតឥតងាករេចំពោះរាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
៥- បញ្ឈប់ជាបន្ទាន់នូវការបន្តប្រើប្រាស់ដោយខុសច្បាប់ ការផ្ទេរដោយការធ្វើអំណោយ ការជួល ឬការលក់រថយន្តផ្លាកលេខខេមរភូមិន្ទទៅឱ្យអ្នកដទៃ។ ប្រសិនបើរកឃើញថាមានហេតុការណ៍ខាងលើនេះ កើតមានឡើង យោធិននោះនឹងត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន។
ទទួលបាននូវសេចក្ដីណែនាំនេះ មេបញ្ជាការប្រភេទទ័ព ទ័ពជំនាញ និងនាយកសា្ថប័នចំណុះ អគ្គបញ្ជាការដ្ឋានទាំងអស់ ត្រូវអនុវត្តក្នុងស្មារតីទទួលខុសត្រូវនិងប្រកបដោយប្រសិទ្ធភាពខ្ពស់៕
ដោយ៖ សុខ ខេមរា