ក្រុមតោខៀវ Chelsea ធ្វើបានល្អក្នុងការប្រកួតក្របខ័ណ្ឌ Premier League សម្រាប់សប្តាហ៍ទី៥ កាលពីយប់មិញ ដោយបានបំបាក់ក្រុមម្ចាស់ផ្ទះមាន់ខ្នាយមាស Tottenham Hotspur ក្នុងលទ្ធផល៣ទល់០។
យោងតាមការចេញផ្សាយរបស់ BBC Sport បានឲ្យដឹងថា ក្រុមតោខៀវ Chelsea បានគ្រប់គ្រងបាល់ល្អជាងក្រុមម្ចាស់ផ្ទះ Tottenham ដោយមិនមានអ្វីគួរឲ្យព្រួយបារម្ភនោះទេ ហើយការប្រកួតនៅតង់ទី១ គឺមិនមានគ្រាប់បាល់ស៊ុតបញ្ចូលទីនោះទេ បើទោះបីក្រុមទាំង២បានព្យាយាមសម្រុកគ្នាទៅវិញទៅមកក៏ដោយ។
ចូលដល់តង់ទី២ ក្រុមតោខៀវមានឱកាសស្វែងរកគ្រាប់បាល់រហូតដល់ទៅ៣គ្រាប់ ដោយគ្រាប់ទី១ រកបានដោយកីឡាករ Thiago Silva នៅនាទីទី៤៩ ដោយការបញ្ជូនបាល់ពីកីឡាករ Alonso។ គ្រាប់ទី២រកបានដោយខ្សែបម្រើប្រយុទ្ធ N’Golo Kante នៅនាទីទី៥៧ និងគ្រាប់ទី៣ រកបានដោយកីឡាករ Rudiger នៅជិតចប់ការប្រកួតក្នុងម៉ោងបន្ថែម ៩០+២។
លទ្ធផលនេះធ្វើឲ្យក្រុមតោខៀវ Chelsea ទទួលបានជ័យជម្នះយ៉ាងត្រចះត្រចង់ ដោយ៥ប្រកួតក្នុងក្របខ័ណ្ឌ Premier League ដើមរដូវកាលនេះគឺមិនទាន់ស្គាល់រសជាតិចាញ់នោះទេ ដោយ៥ប្រកួតគឺឈ្នះ៤ ស្មើ១ ទទួលបាន១៣ពិន្ទុ កំពុងឈរកំពូលតារាងបណ្តោះអាសន្ន។ ចំណែកក្រុមមាន់ខ្នាយមាស Tottenham ៣ប្រកួតចុងក្រោយនេះហាក់ដូចជាដុនដាបខ្លាំង ដោយចាញ់២ប្រកួត និងស្មើ១ប្រកួត។ ក្រុមនេះទើបតែចាញ់ក្រុម Crystal Palace ៣ទល់០ ហើយមកចាញ់ Chelsea ៣ទល់០ទៀត បច្ចុប្បន្នកំពុងឈរលេខ៧បណ្តោះអាសន្នមាន៩ពិន្ទុ ។
ដោយឡែកក្រុមបិសាចក្រហមបានយកឈ្នះក្រុមម្ចាស់ផ្ទះ West Ham United ក្នុងលទ្ធផល២ទល់១យ៉ាងលំបាក។ ការប្រកួតចាប់ផ្តើមបានតែ៣០នាទីក្នុងតង់ទី១ ខ្សែប្រយុទ្ធ Benrahma របស់ក្រុម West Ham រកបាន១គ្រាប់នាំមុខក្រុមភ្ញៀវ Manchester United ប៉ុន្តែមិនទាន់បានប៉ុន្មាននាទីផង ខ្សែប្រយុទ្ធ Cristiano Ronaldo របស់ Man Utdរកបាន១គ្រាប់តាមស្មើវិញនៅនាទីទី៣៥ ហើយលទ្ធផល១ទល់១នេះបានបន្តរហូតដល់ចប់ការប្រកួតក្នុងតង់ទី១។
ចូលដល់ការប្រកួតក្នុងតង់ទី២ ក្រុមភ្ញៀវ Man Utd បានព្យាយាមគ្រប់គ្រងបាល់បានល្អនិងព្យាយាមសម្រុកទៅមុខទីគូប្រកួត ហើយនៅនាទីទី៨៩ ជិតនឹងចប់ការប្រកួតទៅហើយ កីឡាករទើបដូរចូលថ្មី Lingardរកបាន១គ្រាប់បន្ថែមទៀតឲ្យក្រុមបិសាចក្រហម ដែលជាគ្រាប់ជ័យជម្នះ។ អ្វីដែលសំខាន់នោះគឺការប្រកួតជិតនឹងចប់ទៅហើយ ខ្សែការពារស្លាប Luke Shaw បានរារាំងបាល់ពីការស៊ុតរបស់គូប្រកួត ប៉ុន្តែបែរជាភ្លាត់ត្រូវដៃ ហើយអាជ្ញាកណ្តាលក៏បានផ្តល់បាល់ប៉េណាល់ទី ប៉ុន្តែការស៊ុតបាល់ប៉េណាល់ទីនេះគឺមិនចូលនោះទេ ដោយត្រូវអ្នកចាំទីក្រុមបិសាចក្រហម De Gea ជួយសង្គ្រោះបាន។
ជ័យជម្នះនេះបានធ្វើឲ្យក្រុមបិសាចក្រហម Manchester United មានភាពកក់ក្តៅទទួលបាន៣ពិន្ទុបន្ថែម ដោយ៥ប្រកួតកន្លងមកក្នុងលីគកំពូលអង់គ្លេសមិនទាន់ចាញ់គឺឈ្នះ៤ ស្មើ១ មាន១៣ពិន្ទុ ស្មើជាមួយក្រុម Chelsea និងក្រុម Liverpool ដែលមាន១៣ពិន្ទុដូចគ្នា ៕
ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)