ភ្នំពេញ ៖ មានគ្រោះអគ្គិភ័យមួយបានឆាបឆេះផ្ទះប្រជាពលរដ្ឋចំនួន៤ខ្នងយ៉ាងសន្ធោសន្ធៅបង្កការភ្ញាក់ផ្អេីលដល់អ្នករស់នៅជិតខាង ព្រមទាំងសមត្ថកិច្ចមូលដ្ឋានចុះមកជួយធ្វើអន្តរាគមន៍កាលពីវេលាម៉ោង៩និង៥០នាទីយប់ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២១ នៅតាមបណ្ដោយផ្លូវរថភ្លើង ផ្ទះគ្មានលេខ ក្រុមទី៣១ ភូមិ៣ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឱ្យដឹងថា មុនពេលកេីតហេតុគេបានឃេីញផ្សែងហុយចេញពីក្រោយផ្ទះល្វែងដោយមិនដឹងពីមូលហេតុអ្វីនោះទេ ហើយភ្លាមៗនោះស្រាប់តែមានអណ្ដាតភ្លេីងឆាបឆេះយ៉ាងសន្ធោសន្ធៅ និងមានផ្សែងហុយខ្មួលខ្មាញ់ពាសពេញមេឃ។ ឃើញបែបនោះប្រជាពលរដ្ឋដែលរស់នៅក្បែរក៏បានរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋាន ព្រមទាំងមន្ត្រីជំនាញបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះឱ្យចុះមកជួយធ្វើអន្តរាគមន៍ភ្លាមៗផងដែរ ។
យោងតាមប្រភពពីលោកវរសេនីយ៍ឯកព្រហ្ម យ៉ន នាយការិយាល័យបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានឱ្យដឹងថា ម្ចាស់ទីតាំងឈ្មោះហេង លីគន្ធ ភេទស្រីអាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរម្ចាស់ផ្ទះជួល។ រីឯអ្នកជួលផ្ទះឈ្មោះ មាស ប៊ុនសល ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់កុំព្យូទ័រ។
ចំពោះមូលហេតុដែលបណ្ដាលឲ្យមានភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅនេះសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវបន្ត។
ក្នុងហេតុការណ៍គ្រោះអគ្គិភ័យខាងលើនេះបណ្ដាលឲ្យខូចខាតសម្ភារមួយចំនួនដូចជាផ្ទះឈើប្រក់ស័ង្កសីចំនួន៤ខ្នងឆេះអស់ទាំងស្រុង រួមជាមួយសម្ភារប្រើប្រាស់និងកុំព្យូទ័រមួយចំនួនផងដែរ តែមិនបណ្ដាលឲ្យមានអ្នកណារងរបួសឬស្លាប់នោះទេ។
ក្នុងកិច្ចប្រតិបត្តិការពន្លត់អគ្គិភ័យខាងលើនេះបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យអស់ចំនួន២០គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន៣០ឡាន ស្មើនឹង ១២០ម៉ែត្រគូប និងប្រើប្រាស់រថយន្តជំនួយរួមមាន ៖ រថយន្ដក្រសួងមហាផ្ទៃចំនួន២គ្រឿងប្រើប្រាស់ទឹកអស់ចំនួន២ ឡានស្មើនឹង៨ម៉ែត្រគូប, រថយន្តផ្សារទំនើបអូឡាំព្យ៉ាចំនួន២គ្រឿងប្រើប្រាស់ទឹកអស់ចំនួន២ឡានស្មើនឹង៨ម៉ែត្រគូប, រថយន្តក្រុមហ៊ុនOCICទីក្រុងជ្រោយចង្វាចំនួន៧គ្រឿងប្រើប្រាស់ទឹកអស់ចំនួន ៧ឡាន ស្មើនឹង២៨ម៉ែត្រគូប, រថយន្តក្រុមហ៊ុនស្រាបៀរកម្ពុជាចំនួន១គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន១ឡានស្មើនឹង៦ម៉ែត្រគូប។
ក្នុងកិច្ចប្រតិបត្តិការបាញ់ពន្លត់អគ្គិភ័យខាងលើនេះគឺពន្លត់ចប់នៅវេលាម៉ោង១១ និង៣០នាទីយប់ នាថ្ងៃខែឆ្នាំដដែល៕
ដោយ៖និន សុភ័ស្ត