ព័ត៌មានទាន់ហេតុការណ៍៖

តោខៀវ Chelsea បំបាក់មាន់ខ្នាយមាស Tottenham ដល់ទឹកដី ខណៈបិសាចក្រហម Man Utd វាយបកជ័យជម្នះចុងម៉ោង

ចែករំលែក៖

ក្រុមតោខៀវ Chelsea ធ្វើបានល្អក្នុងការប្រកួតក្របខ័ណ្ឌ Premier League សម្រាប់សប្តាហ៍ទី៥ កាលពីយប់មិញ ដោយបានបំបាក់ក្រុមម្ចាស់ផ្ទះមាន់ខ្នាយមាស Tottenham Hotspur ក្នុងលទ្ធផល៣ទល់០។

យោងតាមការចេញផ្សាយរបស់ BBC Sport បានឲ្យដឹងថា ក្រុមតោខៀវ Chelsea បានគ្រប់គ្រងបាល់ល្អជាងក្រុមម្ចាស់ផ្ទះ Tottenham ដោយមិនមានអ្វីគួរឲ្យព្រួយបារម្ភនោះទេ ហើយការប្រកួតនៅតង់ទី១ គឺមិនមានគ្រាប់បាល់ស៊ុតបញ្ចូលទីនោះទេ បើទោះបីក្រុមទាំង២បានព្យាយាមសម្រុកគ្នាទៅវិញទៅមកក៏ដោយ។

ចូលដល់តង់ទី២ ក្រុមតោខៀវមានឱកាសស្វែងរកគ្រាប់បាល់រហូតដល់ទៅ៣គ្រាប់ ដោយគ្រាប់ទី១ រកបានដោយកីឡាករ Thiago Silva នៅនាទីទី៤៩ ដោយការបញ្ជូនបាល់ពីកីឡាករ Alonso។ គ្រាប់ទី២រកបានដោយខ្សែបម្រើប្រយុទ្ធ N’Golo Kante នៅនាទីទី៥៧ និងគ្រាប់ទី៣ រកបានដោយកីឡាករ Rudiger នៅជិតចប់ការប្រកួតក្នុងម៉ោងបន្ថែម ៩០+២។

លទ្ធផលនេះធ្វើឲ្យក្រុមតោខៀវ Chelsea ទទួលបានជ័យជម្នះយ៉ាងត្រចះត្រចង់ ដោយ៥ប្រកួតក្នុងក្របខ័ណ្ឌ Premier League ដើមរដូវកាលនេះគឺមិនទាន់ស្គាល់រសជាតិចាញ់នោះទេ ដោយ៥ប្រកួតគឺឈ្នះ៤ ស្មើ១ ទទួលបាន១៣ពិន្ទុ កំពុងឈរកំពូលតារាងបណ្តោះអាសន្ន។ ចំណែកក្រុមមាន់ខ្នាយមាស Tottenham ៣ប្រកួតចុងក្រោយនេះហាក់ដូចជាដុនដាបខ្លាំង ដោយចាញ់២ប្រកួត និងស្មើ១ប្រកួត។ ក្រុមនេះទើបតែចាញ់ក្រុម Crystal Palace ៣ទល់០ ហើយមកចាញ់ Chelsea ៣ទល់០ទៀត បច្ចុប្បន្នកំពុងឈរលេខ៧បណ្តោះអាសន្នមាន៩ពិន្ទុ ។

ដោយឡែកក្រុមបិសាចក្រហមបានយកឈ្នះក្រុមម្ចាស់ផ្ទះ West Ham United ក្នុងលទ្ធផល២ទល់១យ៉ាងលំបាក។ ការប្រកួតចាប់ផ្តើមបានតែ៣០នាទីក្នុងតង់ទី១ ខ្សែប្រយុទ្ធ Benrahma របស់ក្រុម West Ham រកបាន១គ្រាប់នាំមុខក្រុមភ្ញៀវ Manchester United ប៉ុន្តែមិនទាន់បានប៉ុន្មាននាទីផង ខ្សែប្រយុទ្ធ Cristiano Ronaldo របស់ Man Utdរកបាន១គ្រាប់តាមស្មើវិញនៅនាទីទី៣៥ ហើយលទ្ធផល១ទល់១នេះបានបន្តរហូតដល់ចប់ការប្រកួតក្នុងតង់ទី១។

ចូលដល់ការប្រកួតក្នុងតង់ទី២ ក្រុមភ្ញៀវ Man Utd បានព្យាយាមគ្រប់គ្រងបាល់បានល្អនិងព្យាយាមសម្រុកទៅមុខទីគូប្រកួត ហើយនៅនាទីទី៨៩ ជិតនឹងចប់ការប្រកួតទៅហើយ កីឡាករទើបដូរចូលថ្មី Lingardរកបាន១គ្រាប់បន្ថែមទៀតឲ្យក្រុមបិសាចក្រហម ដែលជាគ្រាប់ជ័យជម្នះ។ អ្វីដែលសំខាន់នោះគឺការប្រកួតជិតនឹងចប់ទៅហើយ ខ្សែការពារស្លាប Luke Shaw បានរារាំងបាល់ពីការស៊ុតរបស់គូប្រកួត ប៉ុន្តែបែរជាភ្លាត់ត្រូវដៃ ហើយអាជ្ញាកណ្តាលក៏បានផ្តល់បាល់ប៉េណាល់ទី ប៉ុន្តែការស៊ុតបាល់ប៉េណាល់ទីនេះគឺមិនចូលនោះទេ ដោយត្រូវអ្នកចាំទីក្រុមបិសាចក្រហម De Gea ជួយសង្គ្រោះបាន។

ជ័យជម្នះនេះបានធ្វើឲ្យក្រុមបិសាចក្រហម Manchester United មានភាពកក់ក្តៅទទួលបាន៣ពិន្ទុបន្ថែម ដោយ៥ប្រកួតកន្លងមកក្នុងលីគកំពូលអង់គ្លេសមិនទាន់ចាញ់គឺឈ្នះ៤ ស្មើ១ មាន១៣ពិន្ទុ ស្មើជាមួយក្រុម Chelsea និងក្រុម Liverpool ដែលមាន១៣ពិន្ទុដូចគ្នា ៕

ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)


ចែករំលែក៖