សារព័ត៌មានរ៉យទ័រនៅថ្ងៃទី ២០ខែកញ្ញា បានផ្សាយថា រដ្ឋាភិបាលបារាំងបានលុបជំនួបកំពូលយោធាជាមួយអង់គ្លេសហើយនៅក្នុងសប្តាហ៍នេះ។ សកម្មភាពខាងលើកើតឡើងក្រោយពេលដែលអូស្ត្រាលីលុបកិច្ចព្រមព្រៀងផលិតនាវាមុជទឹក មានតម្លៃដល់ទៅ៤០ពាន់លានដុល្លារដែលបានចុះហត្ថលេខាកាលពីឆ្នាំ២០១៦។
ជំនួបកំពូលរវាងរដ្ឋមន្ត្រីការពារជាតិ បារាំងលោក Florence Parly នឹងរដ្ឋមន្ត្រីការពារជាតិអង់គ្លេស លោក Ben Wallace និងមន្ត្រីជាន់ខ្ពស់ជាច្រើនទៀត រវាងប្រទេសទាំងពីរ ដែលនឹងធ្វើឡើងនៅទីក្រុងឡុងដុងប្រទេសអង់គ្លេសរាល់ពីរឆ្នាំម្តង។ ប៉ុន្តែនៅក្នុងឆ្នាំនេះ ទីក្រុងប៉ារីស បានលុបចោល ដោយសារតែការប្រឈមមុខតានតឹងដាក់គ្នាពាក់ព័ន្ធនឹងរឿងផលិតនាវាមុជទឹក។
កន្លងមក នៅថ្ងៃទី១៩ ខែកញ្ញា ប្រភពព័ត៌មានពីប្រទេសអង់គ្លេសបានឱ្យដឹងថា កិច្ចប្រជុំកំពូលរវាងមន្ត្រីយោធាជាន់ខ្ពស់រវាងប្រទេសទាំងពីរ អង់គ្លេស-បារាំង នឹងធ្វើឡើងតាមការគ្រោងទុក។ ប្រភពព័ត៌មានពីមន្ត្រីអង់គ្លេសបានឱ្យដឹងថា «យើងសង្ឃឹមថា ទំនាក់ទំនងយោធារវាងអង់គ្លេសនឹងបារាំងគឺជាសម្ពន្ធមិត្តដែលមានទំនុកចិត្តគ្នា។
កាលពីចុងសប្តាហ៍កន្លងមក បារាំងបានកោះហៅឯកអគ្គរដ្ឋទូតរបស់ខ្លួនពីអាមេរិក និងអូស្ត្រាលីឱ្យវិលត្រឡប់មកប្រទេសវិញ ។ ការប្រតិកម្មយ៉ាងខ្លាំងរបស់បារាំងធ្វើឲ្យប្រធានាធិបតីអាមេរិក លោកបៃឌិន ស្នើជួបនិយាយគ្នាជាមួយប្រធានាធិបតីម៉ាក្រុង ដើម្បីបន្ថយភាពតានតឹង។
ជាមួយគ្នានេះដែរ នាយករដ្ឋមន្ត្រីអង់គ្លេស លោកបូរីស ចនសុន កំពុងតែរកឱកាសដើម្បីផ្សះផ្សារទំនាក់ទំនងជាមួយបារាំង ក្រោយពេលអង់គ្លេស និងអាមេរិក ចុះកិច្ចព្រមព្រៀងផលិតនាវាមុជទឹកដើរដោយថាមពលបរមាណូឱ្យដល់ប្រទេសអូស្ត្រាលី។ អាមេរិក និងអង់គ្លេស ត្រូវបានបារាំងចាត់ទុកថា បានដណ្តើមកិច្ចព្រមព្រៀងរបស់បារាំង ធ្វើឲ្យទីក្រុងប៉ារីសខឹងសម្បាយ៉ាងខ្លាំង ៕(ដោយ៖ធីរីណា)
រូបថត៖AFP/ TTXVN