ភ្នំពេញ៖ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅវេលាម៉ោង ៩:០០ ព្រឹកថ្ងៃអង្គារ ១៥កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១ លោករដ្ឋមន្រ្តី វេង សាខុន បានទទួលជួបសំណេះសំណាលជាមួយក្មួយៗនិស្សិតដែល ទទួលបានអាហារូបករណ៍ទៅបន្តការសិក្សាប្រទេសជប៉ុន។
មានមតិសំណេះដំណាលនាពេលនេះ លោករដ្ឋមន្ត្រីបានចូលរួមអបអរសាទរចំពោះនិស្សិតដែលទទួលបានជ័យលាភីអាហារូបករណ៍ និងបានវាយតម្លៃខ្ពស់ចំពោះសមត្ថភាពរបស់ក្មួយៗដែលបានឆ្លងកាត់ការធ្វើតេស្តយ៉ាងលំបាកដោយស្ថានទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា។ លទ្ធផលនេះ បានបង្ហាញឲ្យឃើញអំពីការយកចិត្តទុកដាក់ខិតខំតស៊ូរៀនសូត្រដែលមានគុណតម្លៃសម្រាប់ធ្វើការកសាង និងអភិវឌ្ឍប្រទេសកំណើតរបស់ខ្លួននៅពេលអនាគត។ ឆ្លៀតយកឱកាសនេះ លោករដ្ឋមន្រ្តីបានចែករំលែកបទពិសោធន៍ផ្ទាល់ខ្លួនរបស់លោកទាក់ទងនឹងការសិក្សារៀនសូត្រ បទពិសោធន៍ការងារ ការធ្វើជាមន្រ្តីល្អ បុគ្គលល្អ ពលរដ្ឋល្អ រហូតបានក្លាយជាថ្នាក់ដឹកនាំម្នាក់ ស្ម័គ្រស្មោះបម្រើជាតិមាតុភូមិ និងប្រជាជនដើម្បីការកសាង និងអភិវឌ្ឍប្រទេសឲ្យមានការរីកចម្រើន។ ដើម្បីទទួលបានជោគជ័យតាមក្តីប្រាថ្នារបស់ក្មួយៗ និងជាពិសេសស្រប តាមគោលនយោបាយអភិវឌ្ឍនធនធានមនុស្សរបស់រាជរដ្ឋាភិបាល ឯកឧត្តមរដ្ឋមន្ត្រីបានផ្តាំផ្ញើក្មួយៗឲ្យយកឱកាសនៃការសិក្សារៀនសូត្រ ត្រូវខិតខំពង្រីកការរៀនសូត្រ សិក្សាស្រាវជ្រាវលើមុខជំនាញពីពីរទៅបីបន្ថែមទៀត និង រៀនធ្វើការអង្កេត ប្រៀបធៀប ការគ្រប់គ្រង សណ្តាប់ធ្នាប់សង្គមរស់នៅរបស់គេ ទាំងការគ្រប់គ្រងបរិស្ថាន សេដ្ឋកិច្ច នយោបាយ ប្រពៃណី និងវប្បធម៌ ហើយត្រូវគោរព និងអនុវត្តឲ្យបានខ្ជាប់ខ្ជូននូវវិន័យ និងច្បាប់ទម្លាប់របស់សាលា ក៏ដូចជារបស់ប្រទេសជាតិគេ។ ចំណេះដឹងទាំងអស់នោះគឺទុន និងជាមូលដ្ឋានគ្រឹះនៃពុទ្ធិសម្រាប់កសាងសមត្ថភាពខ្លួនឲ្យកាន់តែរឹងមាំ ជឿជាក់ និងច្បាស់លាស់។ល។ រួចនាំយកធាតុចូលដែលជាចំណេះ ជំនាញ និងបទពិសោធន៍ល្អៗ ថ្មីៗទាំងនោះ យកមកមាតុភូមិវិញដើម្បីចូលរួមថែរក្សាការពារ កសាង និងអភិវឌ្ឍប្រទេសយើងនាពេលអនាគត។ ទន្ទឹមនឹងនេះគឺត្រូវប្រកាន់ខ្ជាប់នូវវិន័យផ្ទាល់ខ្លួន ការថែរក្សាសុខភាព សាមគ្គីគ្នាល្អ និងចៀសវាងប្រព្រឹត្តអំពើមិនគប្បីដែលនាំឲ្យប៉ះពាល់ដល់សុវត្តិភាពផ្ទាល់ខ្លួននិងការសិក្សា និងត្រូវចេះរក្សាបាននូវកិត្តិយសរបស់ជាតិ។
ជាចុងក្រោយ លោករដ្ឋមន្ត្រីបានជូនពរក្មួយៗឲ្យទទួលបានសេចក្តីសុខ សុវត្ថិភាព និងជោគជ័យក្នុងការសិក្សា ដើម្បីនាំយកចំណេះដឹង បទពិសោធន៍ល្អៗទាំងអស់នោះ មកចែករំលែក និងចូលរួមអភិវឌ្ឍប្រទេសក្រោមម្លប់សុខសន្តិភាព ក្រោមការដឹងនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី។
សូមអនុញ្ញាតជម្រាបជូនថា សម្រាប់ឆ្នាំ២០២១-២០២២ មាននិស្សិតចំនួន ២៦នាក់ (ស្រ្តី ១០) ត្រូវបានរាជរដ្ឋាភិបាលជប៉ុន តាមរយ:ស្ថានទូត ធ្វើការជ្រើសរើសផ្តល់អាហារូបករណ៍ឲ្យទៅបន្តការសិក្សាថ្នាក់អនុបណ្ឌិតចំនួន ២៤នាក់ និងបណ្ឌិតចំនួន ២នាក់ ទៅតាមមុខជំនាញ និងសាកលវិទ្យាល័យនានានៅទូទាំងប្រទេសជប៉ុន ដោយពួកគេនឹងត្រូវចេញដំណើរក្នុងពេលឆាប់ៗខាងមុខ នេះ៕
ដោយ៖ សុខ ខេមរា