ខេត្តកណ្តាល៖ ក្រោមការបញ្ជាដឹកនាំដោយផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល ដោយទទួលបានការចង្អុលបង្ហាញពីក្រុមការងារប្រតិកម្មរហ័ស នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រុមការងារប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល មានកិត្តិយស សូមធ្វើការឆ្លើយតបចំពោះសាធារណជន និងបណ្តាញសារព័ត៌មាន ដែលបានផ្សព្វផ្សាយមានខ្លឹមសារថា «សង្វៀនជល់មាន់ បៀរ អាប៉ោង តៃស៊ីវ បើកលេងយ៉ាងរលូន នៅចំណុចស្ពាន ៦៨ ហៅស្ពានព្រែកសែម ខាងក្រោយភូមិ ក្នុងចំការស្វាយ ចូលតាមគល់ស្ពានខាងជើងរហូតហួសស្ពានដែកមួយទៀត ចម្ងាយប្រហែលជាង១០០០ម៉ែត្រ ស្ថិតក្នុងភូមិព្រែកសែម ឃុំសំពៅពូន ស្រុកកោះធំ បើកជល់លេងជារៀងរាល់ថ្ងៃ ប្រជាពលរដ្ឋស្នើអាជ្ញាធរ និងសមត្ថកិច្ចធ្វើការបង្រ្កាប»។
ក្រោយពីទទួលបានព័ត៌មានខាងលេីរួច និងមានការចង្អុលបង្ហាញពីក្រុមការងារប្រតិកម្មរហ័សខេត្ត លោកវរសេនីយ៍ឯក ស៊ីម ឃាង អធិការនគរបាលស្រុកកោះធំ បានដាក់បទបញ្ជាអោយផ្នែកជំនាញ និងប៉ុស្តិ៍រដ្ឋបាលសំពៅពូន ចុះពិនិត្យស្រាវជ្រាវ បង្ក្រាបករណីខាងលើជាបន្ទាន់។
ជាលទ្ធផល៖ នៅរសៀលថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង ១២ និង ៣០នាទី កម្លាំងសមត្ថកិច្ចនគរបាលជំនាញស្រុកកោះធំ សហការជាមួយកម្លាំងនគរបាលប៉ុស្ដិ៍សំពៅពូន បានចុះទៅបង្ក្រាបដល់ចំណុចទីតាំងជល់មាន់ខាងលេី ត្រង់ដីចម្ការស្វាយខាងក្រោយភូមិពុំស្គាល់ម្ចាស់ ស្ថិតក្នុងភូមិព្រែកសែម ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាល ដោយបានដកហូតវត្ថុតាងដូចជាៈ
១-មាន់ជល់ចំនួន០១ក្បាល។
២-ម៉ូតូចំនួន ០១គ្រឿង ម៉ាកHonda Dream C125 ស៊េរីឆ្នាំ២០២០ ពណ៌ខ្មៅ ពាក់ស្លាកលេខកណ្ដាល 1AE-9606។
៣-ស្កុតរុំខ្នាយមាន់មួយចំនួន។
ដោយឡែក ជនសង្ស័យជាអ្នកលេងល្បែងជល់មាន់ទាំងនោះបាននាំគ្នារត់គេចខ្លួនអស់មុនពេលសមត្ថកិច្ចចុះទៅដល់។
ចំពោះមធ្យោបាយពាក់ព័ន្ធបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកកោះធំ បន្តចាត់ការតាមនីតិវិធី។
អាស្រ័យហតុនេះ សូមសាធារណជន ដែលប្រើប្រាស់បណ្តាញសង្គម និងបណ្តាញសារព័ត៌មានមេត្តាជ្រាប៕
ដោយ ៖ សិលា