ខេត្តសៀមរាប ៖ រដ្ឋបាលខេត្តសៀមរាបបន្តដាក់ចេញនូវវិធានការរដ្ឋបាល(បម្រាមគោចរ)ជាបណ្តោះអាសន្ន នៅចន្លោះពី ម៉ោង ២១ (ម្ភៃមួយ) ដល់ម៉ោង ៣ (បី) សម្រាប់រយៈពេល ១៤(ដប់បួន)ថ្ងៃ គិតចាប់ពីថ្ងៃទី២២ ខែកញ្ញា ដល់ថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២១ ដើម្បីទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ ក្នុងភូមិសាស្ត ខេត្តសៀមរាប។
រដ្ឋបាលខេត្តសៀមរាបសម្រេច:
ប្រការ១…ត្រូវបានបន្តដាក់ចេញនូវវិធានការរដ្ឋបាលជាបណ្ដោះអាសន្ន សម្រាប់បម្រាមគោចរ នៅចន្លោះពី ម៉ោង ២១ (ម្ភៃមួយ) ដល់ម៉ោង ៣ (បី) សម្រាប់រយៈពេល ១៤(ដប់បួន)ថ្ងៃ គិតចាប់ពីថ្ងៃទី២២ ខែកញ្ញា ដល់ថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២១ ដើម្បីទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ ក្នុងភូមិសាស្ត្រ ខេត្តសៀមរាប។ បទប្បញ្ញត្តិដូចមានចែងក្នុងសេចក្តីសម្រេចលេខ ១៥១/២១ ស.ស.រ ចុះថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២១របស់រដ្ឋបាលខេត្តសៀមរាប ការដាក់ចេញនូវវិធានការរដ្ឋបាលជាបណ្តោះអាសន្ន សម្រាប់បម្រាមគោចរដើម្បីទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ ក្នុងភូមិសាស្ត្រខេត្តសៀមរាប ត្រូវមានអនុភាពអនុវត្តបន្តរហូតដល់មានបទប្បញ្ញត្តិថ្មីមកជំនួស។
ប្រការ២.. បទប្បញ្ញត្តិទាំងឡាយណារបស់រដ្ឋបាលខេត្តសៀមរាប ដែលមានខ្លឹមសារផ្ទុយនឹងសេចក្ដីសម្រេចនេះ ត្រូវទុកជានិរាករណ៍។
ប្រការ៣..នាយករដ្ឋបាលសាលាខេត្ត ស្នងការនគរបាលខេត្ត មេបញ្ជាការកងរាជអាវុធហត្ថខេត្ត មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងសៀមរាប អភិបាល នៃគណៈអភិបាលក្រុង-ស្រុក ប្រធានមន្ទីរ-អង្គភាពជំនាញ ពាក់ព័ន្ធ និងមេឃុំ-ចៅសង្កាត់ ត្រូវទទួលបន្ទុកអនុវត្តសេចក្តីសម្រេចនេះ តាមភារកិច្ចរៀងៗខ្លួនឱ្យមាន ប្រសិទ្ធភាព ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ៕
ដោយ ៖ សិលា