ព័ត៌មានទាន់ហេតុការណ៍៖

លោក ស៊ី ជីនពីង៖ ពង្រឹងជំនឿចិត្ត ពុះពារឧបសគ្គ រួមគ្នាកសាងពិភពលោកឱ្យកាន់តែល្អបវរ

ចែករំលែក៖

នៅក្នុងមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៦ គឺជាឱកាសដើម្បីផ្តល់ឱ្យប្រមុខដឹកនាំប្រទេសទាំងអស់បញ្ចេញមតិ ហើយការបញ្ចេញមតិដែលចាប់អារម្មណ៍ជាងគេនោះគឺ ប្រមុខដឹកនាំប្រទេសចិន និងសហរដ្ឋអាមេរិក ដែលជាមហាអំណាចទីមួយទីពីរលើពិភពលោក អាចធ្វើឱ្យពិភពលោកក្រឡាប់ចាក់បាន ប្រសិនបើប្រទេសទាំងពីរផ្ទុះសង្គ្រាមប្រដាប់អាវុធ សង្គ្រាមត្រជាក់ ឬពាណិជ្ជកម្មក្តី គឺសុទ្ធតែប៉ះពាល់ដល់ពិភពលោកទាំងមូល។
នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១ (ពេលវេលាក្នុងទីក្រុងញូវយ៉ក) ប្រធានាធិបតីចិន លោក Xi Jinping បានថ្លែងសុន្ទរកថាក្រោមប្រធានបទ «ពង្រឹងជំនឿចិត្តយ៉ាងមុតមាំ រួមគ្នាពុះពារឧបសគ្គ រួមគ្នាកសាងពិភពលោកឱ្យកាន់តែល្អបវរ» តាមរយៈវីដេអូនៅទីក្រុងប៉េកាំង។ ប្រធានាធិបតី Xi Jinping បានលើកឡើងថា ពិភពលោកមួយដែលមានការអភិវឌ្ឍដោយសន្តិភាព គួរតែមានអរិយធម៌ខុសៗគ្នា និងចាំបាច់ត្រូវមានមាគ៌ាច្រើន ដើម្បីឆ្ពោះទៅរកការធ្វើទំនើបភាវូបនីយកម្មគ្រប់វិស័យ ។ ចំណែកប្រជាធិបតេយ្យមិនមែនជាកម្មសិទ្ធិផ្តាច់មុខរបស់ប្រទេសណាមួយនោះទេ វាជាសិទ្ធិរបស់ប្រជាជននៃប្រទេសនានាទូទាំងសកលលោក។
លោកប្រធានាធិបតីចិនបានបន្តថា នាពេលថ្មីៗនេះ ការវិវឌ្ឍនៃស្ថានការណ៍អន្តរជាតិបានបង្ហាញម្តងទៀតថា ការជ្រៀតជ្រែកផ្នែកយោធាពីខាងក្រៅ និងអ្វីដែលហៅថាការកែប្រែប្រជាធិបតេយ្យ គឺបង្កជាការបំផ្លិចបំផ្លាញយ៉ាងខ្លាំង។ យើងត្រូវផ្សព្វផ្សាយគុណតម្លៃរួមរបស់មនុស្សជាតិដែលប្រកបដោយ សន្តិភាព វឌ្ឍនភាព យុត្តិធម៌ សច្ចធម៌ ប្រជាធិបតេយ្យនិងសេរីភាព ព្រមទាំងបោះបង់ចោលការបង្កើតសម្ព័ន្ធមួយក្តាប់តូច និងការប្រកួតប្រជែងបែបផលបូកសូន្យ។
លោក Xi Jinping បានលើកឡើងថា ឆ្នាំនេះជាខួប១០០ឆ្នាំ នៃការបង្កើតបក្សកុម្មុយនិស្តចិន ហើយក៏ជាខួប៥០ឆ្នាំនៃការដែលសាធារណរដ្ឋប្រជាមានិតចិនទទួលបានអាសនៈស្របច្បាប់ឡើងវិញ នៅអង្គការសហប្រជាជាតិផងដែរ ប្រទេសចិននឹងរំលឹកខួបអនុស្សាវរីយ៍នៃព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្តមួយនេះយ៉ាងឱឡារិក។ ចិននឹងបន្តរួមចំណែកកាន់តែធំសម្រាប់បុព្វហេតុដ៏ឧត្តុង្គឧត្តមរបស់ អង្គការសហប្រជាជាតិតទៅទៀត។
លោក Xi Jinping បានគូសបញ្ជាក់ថា ប្រជាជននៃបណ្តាប្រទេសនានាមានការរំពឹងទុកកាន់តែខ្លាំងឡើងចំពោះការអភិវឌ្ឍដោយសន្តិភាព មានការអំពាវនាវកាន់តែខ្លាំងក្លាចំពោះសច្ចយុត្តិធម៌ និងមានការស្វែងរកកាន់តែមុតមាំចំពោះកិច្ចសហប្រតិបត្តិការឈ្នះ=ឈ្នះ។ អ្នកនយោបាយដែលមានទំនួលខុសត្រូវគ្រប់រូបចាំបាច់ត្រូវមានជំនឿចិត្ត សេចក្តីក្លាហាននិងទំនួលខុសត្រូវ ដើម្បីឆ្លើយតបនឹងបញ្ហាប្រឈម និងធ្វើការជ្រើសរើសជាប្រវត្តិសាស្ត្រ៕

ដោយ៖ ធីរីណា


ចែករំលែក៖