ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តមិនស្គាល់ម៉ាកបើកបុកម៉ូតូជិះបញ្ច្រាសគ្នាស្លាប់បុរសម្នាក់ធ្លាយខួរគួរឱ្យរន្ធត់នៅក្រុងស្វាយរៀង

ចែករំលែក៖

ខេត្តស្វាយរៀង៖ បុរសម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែង ខណ:កំពុងជិះម៉ូតូសុខៗត្រូវរថយន្តមិនស្គាល់ម៉ាកបើកបុកក្នុងទិសដៅបញ្ច្រាសគ្នាយ៉ាងពេញទំហឹងបង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចទាំងយប់។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៨និង៤៨នាទី យប់ថ្ងៃទី២៥ ខែកញ្ញា​ ឆ្នាំ២០២១ លើផ្លូវជាតិលេខ១ ត្រង់ចន្លោះគីឡូម៉ែត្រលេខ ១២៩និង១៣០ ស្ថិតក្នុងភូមិថ្មី សង្កាត់ សង្ឃ័រ ក្រុងស្វាយរៀង ។

នគរបាលក្រុងបានឱ្យដឹងថា បុរសដែលស្លាប់មានឈ្មោះ ខុម ប៊ុនឡេង អាយុ២៧ ឆ្នាំ មុខរបរកម្មកររោងចក្រ រស់នៅភូមិ គ្រញូង ឃុំ រមាំងថ្កោល ស្រុកស្វាយទាប ខេត្តស្វាយរៀង ។

ចំណែកអ្នកបើករថយន្ដមិនស្គាល់ម៉ាកមិនស្គាល់ឈ្មោះនោះទេ ក្រោយពីបង្កហេតុ បានបើករត់គេចពីកន្លែងកើតហេតុ ឆ្ពោះទៅទិសខាងកើតបាត់ស្រមោលទៅ។

តាមសាក្សីបានឱ្យដឹងថា មុនពេលកើតហេតុ មានបុរសម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាកហុងដា ស្គូពី ពណ៌ខ្មៅ ពាក់ស្លាកលេខ ស្វាយរៀង ១H-២៧៧៥ ក្នុងទិសដៅពីកើតទៅលិចលើកំណាត់ផ្លូវជាតិលេខ១ ខណ:នោះស្រាប់តែមានរថយន្ដមិនស្គាល់ម៉ាកមួយគ្រឿងបើកក្នុងទិសដៅបញ្ច្រាសគ្នាមិនប្រកាន់ស្ដាំបើកមកបុកយ៉ាងពេញទំហឹងបង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចទាំងយប់។

ក្រោយមកសមត្ថកិច្ចបានមកដល់ធ្វើកំណត់ហេតុវាស់វែងនិងប្រគល់សពឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ទាំងសោកសង្រេងបំផុត៕

ដោយ៖យឹម សុថាន


ចែករំលែក៖