ភ្នំពេញ៖ បេីយោងតាមប្រភពព័ត៌មានពីផេកហ្វេសប៊ុកផ្លូវការរបស់ក្រសួងទេសចរណ៍ នៅព្រឹកថ្ងៃអង្គារទី២៨ ខែកញ្ញា ឆ្នាំ២០២១នេះ បានឱ្យដឹងថា៖ ក្រោមការជឿជាក់លើការចាក់ស្រោចវ៉ាក់សាំងទូទាំងប្រទេសយ៉ាងឆាប់រហ័សនោះ នាពេលនេះ ក្រសួងទេសចរណ៍ បានដាក់ចេញនូវយុទ្ធនាការផ្សព្វផ្សាយទេសចរណ៍កម្ពុជា និងអំពាវនាវឱ្យផ្នែកឯកជនក្នុងវិស័យទេសចរណ៍ ចូលរួមផ្សព្វផ្សាយទៅកាន់ទីផ្សារពិភពលោកយ៉ាងទូលាយហើយ ដោយផ្តោតលើខ្លឹមសារ «សុវត្ថិភាព» ស្របពេលដែលកម្ពុជាក៏ត្រៀមបើកទទួលទេសចរអន្តរជាតិឡើងវិញនាពេលឆាប់ៗខាងមុខផងដែរ។
ការប្រកាសយ៉ាងដូច្នេះ គឺនៅក្នុងសេចក្តីប្រកាសព័ត៌មានស្ដីពីលទ្ធផលនៃការប្រារព្ធពិធីអបអរសាទរ «ទិវាទេសចរណ៍ពិភពលោកឆ្នាំ២០២១» ដែលធ្វើឡើងនាថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១។
ក្រសួងទេសចរណ៍ បានអះអាងថា៖ «បច្ចុប្បន្ន កម្ពុជាត្រូវបានទទួលស្គាល់ថាមានភាពជឿនលឿនលើការចាក់វ៉ាក់សាំង ដែលពិភពលោកចាត់ទុកថាជាយុទ្ធសាស្ត្រគន្លឹះនៃការបើកទេសចរណ៍ផ្ទៃក្នុង និងអន្តរជាតិពេញលេញឡើងវិញ។ ក្នុងបរិការណ៍នេះ ក្រសួងទេសចរណ៍នឹងផ្ដោតលើសុវត្ថិភាពជាសារគន្លឹះនៃការផ្សព្វផ្សាយទាក់ទាញទេសចរជាតិ និងអន្តរជាតិ»។
ជាមួយគ្នានេះ ក្រសួង ក៏បានស្នើឱ្យភាគីពាក់ព័ន្ធ ជាពិសេសផ្នែកឯកជនត្រូវចូលរួមរៀបចំការផ្សព្វផ្សាយរបស់ខ្លួន ដោយផ្តោតសំខាន់លើខ្លឹមសារ «កម្ពុជាសុវត្ថិភាព -Cambodia Safe» ហើយបានអំពាវនាវឲ្យប្រតិបត្តិករពាក់ព័ន្ធចូលរួមអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ ដើម្បីទទួលបាន «ឡាបែលវិធានសុវត្ថិភាពទេសចរណ៍» ដែលក្រសួងទេសចរណ៍បានដាក់ចុះរួចហើយនោះ។
ក្រសួងទេសចរណ៍ បានស្នើឱ្យការីទេសចរណ៍ក្នុងស្រុកបង្កើនបន្ថែមទៀតនូវកញ្ចប់ទេសចរណ៍ប្លែកៗ តាមប្រធានបទផ្សេងៗ (Thematic Tour Package) ដូចជា ដំណើរទស្សនកិច្ចម្ហូបអាហារ ផ្លែឈើ កសិកម្ម ព្រឹត្តិការណ៍ជាក់លាក់មួយចំនួនតាមតំបន់ដែលមានការអនុញ្ញាតជាដើម។
ទន្ទឹមនឹងនេះ ដើម្បីផ្តល់ព័ត៌មានជាក់លាក់ និងទាន់ពេលវេលាអំពីសុវត្ថិភាពគោលដៅទេសចរណ៍ដល់ប្រជាពលរដ្ឋកម្ពុជា ក៏ដូចជាទេសចរអន្តរជាតិ នាយកដ្ឋានជំនាញនៃក្រសួងទេសចរណ៍ ត្រូវរៀបចំធ្វើបច្ចុប្បន្នភាពទិន្នន័យ និងព័ត៌មានស្តីពីការចាក់វ៉ាក់សាំង ការឆ្លង ការអនុវត្តស្តង់ដាប្រតិបត្តិ (SOP) ព្រមទាំងការអនុវត្តវិធានសុខាភិបាល និងរដ្ឋបាលតាមតំបន់គោលដៅទេសចរណ៍ ដោយបង្កើតឲ្យមានថ្នាលតាមដានគោលដៅទេសចរណ៍កម្ពុជា (Cambodia Destination Tracker) ដែលអាចភ្ជាប់ទៅនឹងគេហទំព័រផ្លូវការណាមួយ។
ក្រសួងទេសចរណ៍បានបង្ហាញការវាយតម្លៃទៀតថា «ប្រសិនបើថ្ងៃអនាគត មិនទាន់មានវ៉ាក់សាំងកូវីដ-១៩ចាក់ពីកំណើត នោះវិស័យទេសចរណ៍ត្រូវត្រៀមខ្លួនបង្កើតថ្មី រាប់ចាប់ពីការផលិតយន្តហោះ រហូតដល់ឧបករណ៍ចម្រោះខ្យល់ក្នុងទីតាំងអាជីវកម្មទេសចរណ៍ ដើម្បីទប់ស្កាត់ការឆ្លង។
យ៉ាងណាមិញ ក្រសួងទេសចរណ៍ ក៏ដូចជាស្ថាប័នជាតិ-អន្តរជាតិដទៃទៀតបានបង្ហាញក្ដីសង្ឃឹមថា «មនុស្សតែងរកឃើញដំណោះស្រាយ, វិបត្តិតែងមានទីបញ្ចប់»។
សូមជម្រាបថា បើតាមរបាយការណ៍ក្រសួងការពារជាតិ ដែលចេញផ្សាយនាថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១នេះ បានឲ្យដឹងថា ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ លើកទី១ ជូនកងទ័ព គ្រួសារកងទ័ព និងប្រជាពលរដ្ឋ បានចំនួនសរុប ២,៧៥៦,៨៤៤នាក់ ខណៈចាក់លើកទី២ បានចំនួន ២,៧២១,៦០៤នាក់៕
ដោយ៖ស តារា