ខេត្តពោធិ៍សាត់ ៖ ម៉ូតូ១គ្រឿងម៉ាក ហុងដាឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០១៦ ពណ៌ខ្មៅ ពាក់ស្លាកលេខ ពោធិ៍សាត់ 1G.6835 ត្រូវបានជនមិនស្គាល់អត្តសញ្ញាណលួចកាច់សោរ.កយកទៅបាត់ បន្ទាប់ដាក់ថ្នាំបំពុលសម្លាប់សត្វងាប់ចំនួន៥ក្បាល សមត្ថកិច្ចសហការចុះពិនិត្យស្រាវជ្រាវ ។
ករណីសមត្ថកិច្ចសហការគ្នាចុះស្រាវជ្រាវបញ្ហាចោរកម្មខាងលើ ធ្វើឡើងនាព្រឹកថ្ងៃអង្គារ ៧រោច ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១ ត្រង់ចំណុចផ្ទះរបស់ឈ្មោះ ថោង សម្បត្តិ ភេទប្រុស អាយុ ៥៣ឆ្នាំ ជនជាតិខ្មែរ ស្ថិតនៅភូមិបត់រំដួល ឃុំផ្ទះរុង ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់ ។
ម្ចាស់ផ្ទះ និងជាម្ចាស់កម្មសិទ្ធិម៉ូតូដែលជនមិនស្គាល់អត្តសញ្ញាណលួចយកទៅបាត់នោះបានប្រាប់សមត្ថកិច្ចថា ម៉ូតូ ខ្លួនបានចាក់សោរ.កដាក់នៅក្រោមផ្ទះ ហើយមនុស្សដេកនៅលើផ្ទះទាំងអស់ដូចសព្វមួយដង លុះនៅវេលាម៉ោងប្រមាណ២រំលងអធ្រាត្រឈានចូលថ្ងៃទី២៨ នេះ ពេលគាត់ចុះបត់ជើងតូចក្រឡេករកម៉ូតូបាត់ឈឹង ។
សមត្ថកិច្ចបន្តទៀតថា ការពិនិត្យជាក់ស្ដែងឃើញមានសាច់បំណែកតូចៗពណ៌ស្វាយសង្ស័យមានជាតិពុល និងមានសាកសពសត្វទាកាប៉ាចំនួន១ក្បាល និងសត្វឆ្មាចំនួន៤ក្បាល ករណីនេះសមត្ថកិច្ចកំពុងសហការគ្នា ធ្វើការស្រាវជ្រាវរកអត្តសញ្ញាណជនធ្វើសកម្មភាព ដើម្បីយកមកបន្តនីតិវិធីចំពោះមុខច្បាប់ ៕
ដោយ៖ បុឹម ពិន