ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងការងារ៖ ចេញសេចក្ដីណែនាំអំពីការធ្វើតេស្ដរហ័សរកមេរោគកូវីដ-១៩ ដល់កម្មករនិយោជិតនៅតាមរោងចក្រ សហគ្រាស នៅទូទាំងប្រទេសកម្ពុជា ក្រោយពេលឈប់សម្រាកបុណ្យភ្ជុំបិណ្ឌ

ចែករំលែក៖

ភ្នំពេញ៖ នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១នេះ​ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញសេចក្ដីណែនាំអំពីការធ្វើតេស្ដរហ័សរកមេរោគកូវីដ-១៩ ដល់កម្មករនិយោជិតនៅតាមរោងចក្រ សហគ្រាស នៅទូទាំងប្រទេសកម្ពុជា ក្រោយពេលឈប់សម្រាកក្នុងពិធីបុណ្យភ្ជុំបិណ្ឌ ឆ្នាំ២០២១ ខាងមុខនេះ ដើម្បីចូលរួមចំណែកប្រយុទ្ធ និង ទប់ស្កាត់ការរីករាលដាលទ្រង់ទ្រាយធំនៃជំងឺកូវីដ-១៩ បណ្តាលមកពីមេរោគបម្លែងថ្មីប្រភេទដែលតា (Delta) ។

ជាក់ស្ដែង​បេី​យោង​តាមសេចក្ដីណែនាំរបស់ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានណែនាំដល់ម្ចាស់ ឬនាយករោងចក្រ សហគ្រាស និងកម្មករនិយោជិត ដូចខាងក្រោម៖

១៖ ម្ចាស់ ឬនាយករោងចក្រ សហគ្រាស ត្រូវត្រៀមឧបករណ៍ធ្វើតេស្តរហ័សរកមេរោគកូវីដ-១៩ ឱ្យបានគ្រប់ចំនួន សម្រាប់ធ្វើតេស្តរកមេរោគកូវីដ-១៩ ដល់កម្មករនិយោជិតរបស់ខ្លួន ក្រោយពេលឈប់សម្រាកក្នុងពិធីបុណ្យ ភ្ជុំបិណ្ឌ ឆ្នាំ២០២១។

*២៖ ការធ្វើតេស្តរហ័សរកមេរោគកូវីដ-១៩ នេះ គឺជាបន្ទុករបស់ម្ចាស់ ឬនាយករោងចក្រ សហគ្រាស។

*៣៖ កម្មករនិយោជិតទាំងអស់ ត្រូវចូលរួមធ្វើតេស្តរហ័សរកមេរោគកូវីដ-១៩ តាមការរៀបចំរបស់ម្ចាស់ ឬនាយក រោងចក្រ សហគ្រាស។ ចំពោះកម្មករនិយោជិតណាដែលមិនព្រមចូលធ្វើតេស្ត នឹងត្រូវចាត់ទុកថា បានល្មើសធ្ងន់ចំពោះ វិធានខាងវិន័យសន្តិសុខ និងអនាម័យ ដូចមានចែងក្នុងមាត្រា៨៣ នៃច្បាប់ស្តីពីការងារ និងបទប្បញ្ញត្តិជាធរមាន ដែលបើកសិទ្ធិឱ្យនិយោជកអាចបញ្ឈប់កម្មករនិយោជិតពីការងារបាន។ 

*៤៖ ទន្ទឹមនឹងនេះ កម្មករនិយោជិតទាំងអស់ ត្រូវជូនដំណឹងមកក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តាមរយៈក្រុមតេឡេក្រាមឈ្មោះ «សម្រាប់កម្មករនិយោជិត»https://t.me/KhmerWorkerChat ក្នុងករណីនិយោជកមិនបានធ្វើតេស្តរហ័សរតមេរោគកូវីដ-១៩ ជូនកម្មករនិយោជិត ក្រោយពេលឈប់សម្រាកក្នុងពិធីបុណ្យភ្ជុំបិណ្ឌនេះ។

*៥៖ កម្មករនិយោជិតដែលបានឈប់សម្រាកក្នុងពិធីបុណ្យភ្ជុំបិណ្ឌនេះ ត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការ «៣ការពារ និង៣កុំ» ជាពិសេសពាក់ម៉ាស់ លាងដៃញឹកញាប់នឹងសាប៊ូ រក្សាគម្លាតសុវត្ថិភាពបុគ្គលក្នុងពេលធ្វើដំណើរដោយរថយន្តរួម និងត្រូវយកតាមខ្លួននូវទឹកអាល់កុល ឬអាល់កុលដែលលាងដៃ៕

សូមអានព័ត៌មានលម្អិតនៅក្នុង​សេចក្ដីណែនាំរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ​ មានដូចខាងក្រោម​៖

ដោយ​៖ស​ តារា​

 


ចែករំលែក៖