ភ្នំពេញ ៖ បុរសម្នាក់បានបេីករថយន្តឡិចសុីសយ៉ាងលឿនទៅបុកម៉ូតូសណ្តោងរុឺម៉កពីក្រោយពេញទំហឹងបណ្ដាលឱ្យបុរសវ័យចំណាស់ម្នាក់រងរបួសធ្ងន់ហេីយត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបន្ទាន់ភ្លាមៗកាលពីវេលាម៉ោង៦និង៣០នាទីព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវ៦០ម៉ែត្រ ក្នុងសង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
ជនរងគ្រោះដែលរបួសធ្ងន់មានឈ្មោះ ប្រាក់ គឹមស្រេង ភេទប្រុស អាយុ៤២ឆ្នាំស្នាក់នៅម្ដុំសង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល ។
យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុគេឃើញម៉ូតូសណ្ដោងរ៉ឺម៉កដឹកទឹកកកមួយគ្រឿងបើកបរដោយបុរសវ័យចំណាស់ម្នាក់ធ្វើដំណើរតាមបណ្ដោយផ្លូវ៦០ម៉ែត្រក្នុងទិសដៅពីជើងទៅត្បូង ខណ:មកដល់ចំណុចកើតហេតុក៏មានរថយន្ត LEXUS មួយគ្រឿង ពណ៌ប្រផេះ ពាក់ស្លាកលេខ តាកែវ2C-2015 បើកបរដោយបុរសម្នាក់ធ្វើដំណើរស្របទិសគ្នាក្នុងល្បឿនលឿនបានជ្រុលទៅបុកម៉ូតូសណ្ដោងរុឺម៉កដឹកទឹកកកពីក្រោយពេញទំហឹងបណ្ដាលឲ្យបុរសអ្នកបើករុឺម៉ករងរបួសធ្ងន់ ហេីយត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យភ្លាមៗ ។ ចំណែករថយន្តបង្កបានព្យាយាមបើករត់គេចខ្លួន តែត្រូវបានប្រជាពលរដ្ឋដេញចាប់បានទាំងរថយន្តនិងអ្នកបើកបរប្រគល់ឲ្យសមត្ថកិច្ចនាំយកទៅសាកសួរនៅប៉ុស្ដិ៍នគរបាលរដ្ឋបាលជេីងឯក ។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ទីតាំងកើតហេតុនិងសហការជាមួយសមត្ថកិច្ចចរាចរណ៍ខណ្ឌដង្កោ ធ្វើការវាស់វែងយករថយន្តនិងម៉ូតូសណ្ដោងរុឺម៉កទៅរក្សាទុកនៅផ្នែកចរាចរណ៍ផ្លូវគោកនៃអធិការដ្ឋានខណ្ឌដង្កោ រង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ ៕
ដោយ ៖ ភារ៉ា ដង្កោ