ព័ត៌មានទាន់ហេតុការណ៍៖

អាជ្ញាធរខណ្ឌទួលគោក សហការជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោ (TYDA) ចុះយកសំណាកលើកទី៣ ចំនួន ១០៨នាក់នៅផ្សារមាន់អាំង ដែលពាក់ព័ន្ធជាមួយអ្នកឆ្លងកូវីដ-១៩ប្រភេទDellta

ចែករំលែក៖

ភ្នំពេញ​៖​ បេី​យោង​តាម​ការបញ្ជាក់​ពី​លោក​ ចាន់​ បណ្ឌិត​ អភិបាល​រង​ខណ្ឌទួលគោក​ បានឱ្យដឹងនៅព្រឹក​ថ្ងៃអង្គារ ៧រោច ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៦៥៦ ត្រូវនឹងថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១នេះថា៖ អាជ្ញាធរខណ្ឌទួលគោក បានសហការជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោ (TYDA) ចុះយកសំណាកលើកទី៣ នៅផ្សារមាន់អាំង ដែលទីតាំងនេះមានពាក់ព័ន្ធជាមួយអ្នកជម្ងឺកូវីដ-១៩ ប្រភេទDellta ជាលទ្ធផលតេស្តសំណាកចំនួន ១០៨នាក់ គឺអវិជ្ជមានកូវីដ-១៩ ។

ជាមួយគ្នានេះ រដ្ឋបាលខណ្ឌទួលគោក សូមបងប្អូនប្រជាពលរដ្ឋរបស់យើងទាំងអស់គ្នាចូលរួមវិធានការសុខាភិបាល និងអនុវត្ត ៣កុំ ៣ការពារ ឱ្យបានខ្ជាប់ខ្ជួនបំផុត។

គួរបញ្ជាក់ថា៖ នៅព្រឹកថ្ងៃអង្គារនេះដែរ​ បេី​យោង​តាម​សេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល​ កាលពីថ្ងៃទី​២៧ ខែកញ្ញា​​​​​ម្សិលមិញនេះ​​ បានរកឃើញ​អ្នកឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន​ ៨៦៦នាក់ទៀត, អ្នកជាសះស្បើយ ៥០៥នាក់ និងអ្នកជំងឺស្លាប់ចំនួន​ ២៦នាក់។ 

ដោយ​ឡែក​គិតត្រឹមព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១នេះ​ កម្ពុជា​មានអ្នកឆ្លង​ជំងឺ​កូវីដ​សរុប​ 110,792 នាក់,​ អ្នកជាសះស្បើយចំនួន​ 101,690 នាក់​ និង អ្នកស្លាប់សរុបចំនួន​ 2,287 នាក់ផងដែរ​៕

ដោយ​៖ស​ តារា​


ចែករំលែក៖