ព័ត៌មានទាន់ហេតុការណ៍៖

សូមបេីកបរឲ្យមានការប្រុងប្រយ័ត្ន​!! រថយន្តឃ្លុបដឹកទំនិញធ្លាក់ចូលប្រឡាយក្រឡាប់ផ្ងារជេីង​ ខណៈបើកបរលឿនគេចពីរថយន្តកុងតឺន័រកំពុងបើកឆ្លងផ្លូវ

ចែករំលែក៖

     ភ្នំពេញ​ ៖​ បុរសម្នាក់បេីករថយន្តឃ្លុបដឹកឡាំងក្រដាសក្នុងល្បឿនលឿន​ និងខ្វះការប្រុងប្រយ័ត្នបានគេចពីរថយន្តដឹកទូកុងតឺន័រដែលបើកចេញពីផែកំពុងឆ្លងផ្លូវក៏ជ្រុលចង្កូតធ្លាក់ផ្លូវក្រឡាប់ចូលត្រាំទឹកប្រឡាយ​ បង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង១០​និង៣០នាទីព្រឹកថ្ងៃទី២៩ ខែកញ្ញា​ ឆ្នាំ២០២១ ស្ថិតនៅត្រង់ចំណុចមុខផែទូកុងតឺន័រមួយកន្លែង តាមផ្លូវជាតិលេខ៣ ក្នុងភូមិស្រែ.ញ​ សង្កាត់ពងទឹក​ ខណ្ឌដង្កោ។

    យោងតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឱ្យដឹងថា​ មុនពេលកើតហេតុគេបានឃើញរថយន្តឃ្លុបដឹកទំនិញមួយគ្រឿងម៉ាក HINO ពណ៌ស ពាក់ស្លាកលេខ កណ្ដាល3A- 2833 បើកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ៣ពីត្បូងទៅជើងក្នុងល្បឿនលឿន​ ខណៈមកដល់ត្រង់ចំណុចកើតហេតុក៏បានគេចពីរថយន្តដឹកទូកុងតឺន័របើកចេញពីផែដែលកំពុងឆ្លងផ្លូវធ្វើឱ្យរេចង្កូតធ្លាក់ផ្លូវបណ្ដាលឱ្យក្រឡាប់ផ្ងារជើងចូលត្រាំទឹកប្រឡាយ តែសំណាងល្អដែរដែលមិនបង្កឲ្យមានអ្នករងរបួស គឺគ្រាន់តែខូចខាតទំនិញនិងរថយន្តតែប៉ុណ្ណោះ។

    ក្រោយកើតហេតុ​ សមត្ថកិច្ចមូលដ្ឋានបានចុះទៅត្រួតពិនិត្យនៅកន្លែងកើតហេតុដែរ​ តែដោយសាររថយន្តខាងលេីនេះបង្កគ្រោះថ្នាក់ដោយខ្លួនឯងមិនប៉ះពាល់ទៅដល់ទ្រព្យសម្បត្តិសាធារណៈនិងមិនបង្កឲ្យមានអ្នករងរបួសក៏បានអនុញ្ញាតឲ្យម្ចាស់រថយន្តរើអីវ៉ាន់និងហៅរថយន្តមកស្ទូចយករថយន្តទៅជួសជុលដោយខ្លួនឯង ៕

ដោយ​ ៖​ ភារ៉ា​ ដង្កោ​


ចែករំលែក៖