ព័ត៌មានទាន់ហេតុការណ៍៖

តាអាយុ៧១ឆ្នាំត្រូវគេចោទថាចាប់រំលោភសេពសន្ថវ:ស្ត្រីមានស្មារតីមិនគ្រប់ទឹកកណ្តាលវាលស្រែ

ចែករំលែក៖

ខេត្តកំពង់ចាម៖ អ្នកភូមិនាំគ្នាទះទ្រូងហួសចិត្តកាលបើបានដឹងថាបុរសវ័យ៧១ឆ្នាំម្នាក់ ត្រូវគេចោទថាបានចាប់រំលោភស្រ្តីអាយុជាង៤០ឆ្នាំម្នាក់នៅកណ្តាលវាលស្រែទាំងកណ្តាលថ្ងៃចែស រហូតប្អូនប្រុសស្រី្តរូបនេះថតជាវីដេអូទុកជាឯកសារប្តឹងនគរបាលចាប់លោកតាទៅដាក់គុកទាល់តែបាន។

ហេតុការណ៍នេះកើតឡើងនៅម៉ោងប្រមាណ៤រសៀល ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១ នៅភូមិ ត្រពាំងជ្រៃ ឃុំក្រឡា ស្រុកកំពង់សៀម ខេត្តកំពង់ចាម។

តាមអ្នកភូមិដែលហួសចិត្តរឿងនេះបានទូរស័ព្ទប្រាប់ភ្នាក់ងារកាសែតនគរវត្តឲ្យដឹងថា មុនពេលកើតហេតុ លោកតាឈ្មោះ គី ស៊ិន អាយុ ៧១ឆ្នាំ (ជនសង្ស័យ) រស់នៅភូមិកើតហេតុខាងលើ មានមុខរបរកសិករ បានលីចបទៅស្រែឆ្ងាយពីផ្ទះប្រមាណជិត១០០ម៉ែត្រដើម្បីជីកអន្លង់យកត្រីលោតចូល។ លុះបានមួយសន្ទុះស្រាប់តែមានការឆោឡោឡើងថា ស្រ្តីឈ្មោះ អូន អាយុជាង៤០ឆ្នាំ(ស្រ្តីមិនសូវគ្រប់ទឹក)រស់នៅក្នុងភូមិនេះដែរខណ:ដែលគាត់កំពុងទូលស្មៅឲ្យគោស៊ី ត្រូវបានលោកតា គី ស៊ុន ចាប់រំលោភសេពសន្ថវ: ហើយត្រូវបានប្អូនស្រ្តីរូបនេះយកទូរស័ព្ទថតជាវីដេអូនូវសកម្មភាពចាប់រំលោភទុកជាភស្តុតាងទៀតផង។

ប្រភពដដែលបានឲ្យដឹងទៀតថា ក្រោយមានការឆោឡោ បុរសវ័យចំណាស់រូបនេះត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំក្រឡា ចាប់ខ្លួនយកទៅសាកសួរនិងបានបញ្ជូនទៅអធិការដ្ឋាននគរបាលស្រុកកំពង់សៀមកាលពីព្រឹកមិញនេះហើយដែរ។

ទាក់ទិនភាពមិនប្រក្រតីធ្វើឲ្យអ្នកភូមិខ្លះដាក់ចម្ងល់ថា តើជាការពិតទេដែលតាអាយុដល់ទៅជាង៧០ឆ្នាំចង់ចូលរណ្តៅទៅហើយនោះស្រេកឃ្លានតណ្ហា? តើអាចទៅរួចទេដែលចាប់រំលោភស្រ្តីទាំងនៅថ្ងៃចែសកណ្តាលវាលស្រែដែលមានកសិករដើរទៅមើលស្រូវជាហូរហែ និងជាពិសេសកើតមាននៅជិតផ្ទះប្អូនថ្លៃរបស់លោកតាកំពុងដាំបាយនៅក្រោមផ្ទះថែមទៀត? ប្រសិនជាកើតមានមែនចុះហេតុអ្វីគេមិនបង្ហាញភស្តុតាងចាប់រំលោភជាវីដេអូក្នុងទូរស័ព្ទឲ្យក្រុមគ្រួសារលោកតាបានឃើញងាយស្រួលដាក់បន្ទុកលើលោកតា?ឬមួយគេបង្កើតរឿងព្រោះគំនុំអ្វីមួយដើម្បីបានប្រាក់ ព្រោះរូបថតនេះគេថតពីចម្ងាយជាង៥០ម៉ែត្រមើលមិនច្បាស់? តើជារឿងចាប់រំលោភទៅរួចទេ គ្រាដែលអ្នកភូមិអះអាងថាស្រី្តរូបនេះមានវ័យចំណាស់ មិនសូវគ្រប់ទឹកនិងធុំក្លិនក្នុងខ្លួនឆ្អេះឆ្អាបមិនសូវងូតទឹក និងមើលមុខមិនយល់ប្រៀបដូចនាងកែវណាម៉ា?

ពាក់ព័ន្ធករណីនេះ លោកតា គី ស៊ុន បានប្រាប់កូនចៅថា គាត់មិនបានប្រព្រឹត្តអំពើលាមកបែបនេះទេ តែមិនដឹងរឿងអីខណ:កំពុងអង្គុយស្តាប់ការអប់រំតាមវិទ្យុក្នុងផ្ទះស្រាប់តែប៉ូលិសប៉ុស្តិ៍មកហៅទៅប៉ុស្តិ៍សួរនាំគាត់ទាញម៉ូតូជិះទៅខ្លួនឯងក៏ត្រូវប៉ូលិសឃាត់ខ្លួនតែម្តង។

ចំណែកបុរសឈ្មោះ ឆេន សុគា ត្រូវជាប្អូនស្រ្តីខាងលើបានប្រាប់ថា គ្រួសារគាត់និងតា គីស៊ុន ស្រលាញ់រាប់អានគ្នាណាស់មិនដែលមានទំនាស់គ្នាទេ។ គាត់ហ៊ានភ្នាល់ដាក់ជីវិត ព្រោះបានឃើញផ្ទាល់ភ្នែកការប្រតាយប្រតប់គ្នារវាងបងស្រីនិងលោកតាពីសកម្មភាពប៉ុនប៉ងចាប់រំលោភនេះរួចថែមទាំងថតជាវីដេអូទុកជាភស្តុតាងក្នុងចម្ងាយ៥ទៅ៦ម៉ែត្រនៅព្រៃជិតផ្នូរខ្មោចទៀតផង។

ដោយឡែក លោក វឹង សាអៀម នាយនគរបាលប៉ុស្តិ៍រដ្ឋបាល ក្រឡា បានប្រាប់ថា ពិតជាមានការចោទប្រកាន់យ៉ាងនេះមែន តែរឿងនេះផុតពីដៃលោកហើយព្រោះបានបញ្ជូនសំណុំរឿងនេះទៅអធិការដ្ឋាននគរបាលស្រុកកំពង់សៀមរួចហើយ។ លោកថា ការចោទប្រកាន់ចាប់រំលោភមែន តែភាគីទាំង២ពុំឃើញមានស្នាមរបួសនោះទេ។

ជាមួយគ្នានេះដែរ លោក ស៊ុន ប៊ុនហួរ អធិការរងស្រុកកំពង់សៀម ទទួលបន្ទុកការងារព្រហ្មទណ្ឌ ពេលទូរស័ព្ទចូល មិនព្រមធ្វើអត្ថាធិប្បាយទេ ដោយដេញឲ្យទៅសួរលោកអធិការវិញ រួចក៏បិទទូរស័ព្ទទៅ ហើយលោកអធិការស្រុកទាក់ទងមិនបាន។

យ៉ាងណាក្នុងករណីនេះ អ្នកភូមិបានលើកឡើងថា អាចជារឿង ស្រីប្រកាន់ ប្រុសប្រកែក ហើយមានតែអ្នកស្រលាញ់យុត្តិធម៌ ឬអ្នកច្បាប់ ជាពិសេសមេធាវីជួយជនក្រីក្រទេដែលរកពន្លឺយុត្តិធម៌ជូនភាគីទាំង២បាន។ សូមកុំយកការកាច់កុងគ្នា ឬគំនុំណាមួយធ្វើឲ្យមនុស្សគ្មានកំហុសជាប់គុកអត់អំពើឲ្យសោះ៕

ដោយ ៖ ប្រាថ្នា


ចែករំលែក៖