ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចឃាត់អ្នកបើក​ម៉ូតូ​ធំ​តូចចំនួន​១៣គ្រឿង​ដែលកែ​ច្នៃ​បំពង់​សុីម៉ាំង​បង្ក​សំឡេង​រំខាន​ដល់​បងប្អូន​ប្រជា​ពលរ​ដ្ឋ

ចែករំលែក៖

ភ្នំពេញ ៖ កម្លាំង​អន្តរាគមន៍​ពិសេស​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ សហការ​ជាមួយ​កម្លាំង​អន្តរាគមន៍​ខណ្ឌដូនពេញ ដោយអនុវត្តតាមបទបញ្ជា និងការណែនាំជាប្រចាំរបស់លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង៧យប់ កម្លាំងជំនាញផ្នែក-ប៉ុស្តិ៍នៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញបានសហការជាមួយកម្លាំងការិយាល័យអន្តរាគមន៍ពិសេស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើការឃាត់ម៉ូតូបំពងសំឡេងស៊ីម៉ាំងប្រែនបានចំនួន១៣គ្រឿង ក្នុងនោះម៉ូតូធំចំនួន១០គ្រឿង និងម៉ូតូតូចចំនួន៣គ្រឿង នៅចំណុចភូមិទី១ ក្នុងតំបន់បឹងកក់ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ 

 លោកទៀង ច័ន្ទសារ អធិការនគរបាលខណ្ឌដូនពេញបាន​ឱ្យដឹង​ថា មាន​ប្រជាពលរដ្ឋ​ជា​ច្រើន​សម្តែង​ការ​មិន​ពេញចិត្តចំពោះ​ក្រុម​ម៉ូតូ​ធំ​​ដែល​មាន​តម្លៃ​ថ្លៃ​ៗ ​កែ​ច្នៃ​បំពង់​ស៊ឺម៉ាំង​ឮសំឡេង​ខ្លាំង បង្ក​​ការ​​រំខាន​​យ៉ាង​ខ្លាំង​ដល់​ប្រជាពលរដ្ឋ​ធ្វើដំណើរនៅ​តាម​ដងផ្លូវ ក៏​ដូច​ជា​ប្រជាពលរដ្ឋ​សម្រាក​នៅ​ក្នុងផ្ទះ​នា​​ពេល​រាត្រី ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ ។ កន្លង​មក ​កងកម្លាំង​សមត្ថកិច្ច​ជំនាញ​បាន​ចេញ​សេចក្ដី​ប្រកាស​ណែនាំជា​ច្រើន​ដល់​ក្រុម​ម៉ូតូ​កែ​ច្នៃ​បំពង់​ស៊ី​ម៉ាំង​ឮសំឡេងខ្លាំង​ទាំងអស់ឱ្យដោះ​ដូរ​ដាក់​បំពង់​សុីម៉ាំង​ធម្មតា​វិញ​ ​ប៉ុន្តែ​ពួក​គាត់​ហាក់មិន​ស្តាប់​តាម​សេចក្តីណែនាំឡើយ គឺនៅ​តែ​ផ្គើន​ដដែល​ៗ ។ 

 លោកទៀង ច័ន្ទសារ អធិការនគរបាលខណ្ឌដូនពេញបន្ត​ថា នៅ​យប់​ថ្ងៃ​កើតហេតុ កម្លាំង​អន្តរាគមន៍​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​ចេញ​ល្បាត​ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញមក​ដល់​ចំណុច​ក្នុង​​តំបន់​បឹង​កក់ក៏​ប្រទះ​ឃើញ​ក្រុម​ម៉ូតូ​ធំ​មួយ​ក្រុមមាន​ចំនួន​១៣គ្រឿង ក្នុងនោះម៉ូតូធំចំនួន១០គ្រឿង និងម៉ូតូតូចចំនួន០៣គ្រឿង ហើយ​កែ​ច្នៃ​បំពង់​សុីម៉ាំង​ឮសំឡេង​កង​រំពង​ពេញ​ដងផ្លូវ ក៏​សហការ​ជាមួយ​កម្លាំង​អន្តរាគមន៍​ខណ្ឌដូនពេញ ​ឃាត់នាំ​ទៅ​កាន់​អធិកា​រដ្ឋាន​ខណ្ឌដើម្បី​ដកហូត​ទុក​បណ្តោះអាសន្ន និង​ឱ្យម្ចាស់​ម៉ូតូ​ទៅ​យក​បំពង់​សុីម៉ាំង​ហ្ស៉ី​ន​មក​ដាក់​វិញ និង​ភ្ជាប់​មក​ជាមួយ​នូវឯកសារ​ម៉ូតូ ទើប​ប្រគល់​ម៉ូតូ​ឱ្យវិញ និងសូមឲ្យប្រជាពលរដ្ឋទាំងអស់ដែលមានម៉ូតូកែច្នៃបំពង់ស៊ីមាំុងចូលរួមគោរពទៅតាមច្បាប់ចរាចរណ៍ និងចូលរួមកុំឲ្យប៉ះពាល់ដល់ប្រជាពលរដ្ឋផងដែរ៕

ដោយ៖ជ្រោយពេជ្រ


ចែករំលែក៖